• 2020-04-16 07:58:00
  • ព័ត៌មាន

ដូណាល់ ត្រាំថាអាមេរិកកំពុងស៊ើបអង្កេតរឿងកូវីដ១៩ ផ្ទុះចេញពីមន្ទីរពិសោធន៍វូហាន

  • 2020-04-16 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​កំណត់​ថា​តើ​វីរុស​ឆ្លង​កូវីដ១៩ មាន​ប្រភព​ចេញ​ពី​មន្ទីរពិសោធន៍​ក្រុង​វូហាន​ពិត​ប្រាកដ​មែន​ឬ​យ៉ាង​ណា។

យោង​តាម​របាយការណ៍​របស់ Fox NEWS ចេញ​កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា វីរុស​ឆ្លង​នេះ​មាន​ប្រភព​ចេញ​ពី​មន្ទីរពិសោធន៍​នៃ​ទីក្រុង​វូហាន ប៉ុន្តែ​មិន​មែន​សម្រាប់​ប្រើប្រាស់​ជា​អាវុធ​ជីវសាស្ត្រ​នោះ​ទេ។ ប្រភព​បន្ថែម​ថា ការ​បញ្ចេញ​វីរុស​នេះ គឺ​ក្នុង​គោល​បំណង​បង្ហាញ​ថា​កិច្ច​ប្រឹងប្រែង​ដើម្បី​កំណត់​អត្តសញ្ញាណ និង​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​របស់​រដ្ឋាភិបាល​ចិន គឺ​មាន​សមត្ថភាព​ខ្លាំង​ជាង​សហរដ្ឋអាមេរិក។ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​សេតវិមាន អ្នក​កាសែត​បាន​លើក​ពី​ព័ត៌មាន​ខាងលើ​ចោទ​សួរ​លោក​ដូណាល់​ត្រាំ។ ប្រធានាធិបតី​អាមេរិក បាន​តប​ថា​លោក​បាន​ដឹង​ពី​រឿង​នេះ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​អំពី​ស្ថាន​ភាព​ដ៏​អាក្រក់​នេះ​ដែល​បាន​កើតឡើង។ លោក ត្រាំ បន្ថែម​ថា​លោក​មិន​ចង់​និយាយ​ពី​រឿង​ដែល​លោក​សន្ទនា​ជាមួយ​ប្រធានាធិបតី​ចិន ទាក់ទិន​នឹង​មន្ទីរពិសោធន៍​ទេ ព្រោះ​វា​ជា​រឿង​ដែលមិន​សមរម​ទាល់​តែ​សោះ​សម្រាប់​ពេល​ឥឡូវនេះ។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​មាន​ភស្តុតាង​ជាក់​លាក់​ណា​មួយ​បង្ហាញ​ថា មេរោគ​ពិត​ជា​ផ្ទុះ​ចេញ​ពី​មន្ទីរ​ពិសោធន៍​មែន​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​កំពុង​ស៊ើប​អង្កេត​រឿង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្ហាញ​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​បំផុត៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់