• 2020-04-29 01:09:05
  • ព័ត៌មាន

ពេទ្យជំនាញ ប្រកាសអាសន្នឲ្យប្រយ័ត្នរោគសញ្ញានេះ បើចេញលើក្មេងៗអាចទាក់ទងនឹង Covid-19

  • 2020-04-29 01:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សេវាសុខាភិបាលជាតិ​អង់គ្លេស (NHS) សាស្ត្រាចារ្យ Stephen Powis ​បាន​ប្រកាស​អាសន្ន​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​តាម​ដាន​រោគ​សញ្ញា​ថ្មី ក្រោយ​ពេល​ក្មេង​ជា​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក ICU។

ការ​ប្រកាស​អាសន្ន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្មេងៗជាច្រើននាក់ ត្រូវបានរាយការណ៍ថា​ធ្លាក់ខ្លួនឈឺដោយ​ចេញ​រោគសញ្ញាថ្មី​ដូចជា​រលាកក្រពះ និង​ឈឺ​បេះដូង​ធ្ងន់ធ្ងរ​ដែលអាចបណ្តាលឱ្យស្លាប់ ហើយទំនងជាទាក់ទងនឹង Covid-19។ លោក​សាស្ត្រាចារ្យ​បន្ថែម​ថា "ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងយ៉ាងច្រើននៃចំនួន​ក្មេងៗដែលចេញរោគ​សញ្ញា​រលាក​ប្រព័ន្ធ​ផ្សេង​ៗ​ក្នុង​រាងកាយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់នៅទូទាំងទីក្រុងឡុងដ៍ និងនៅតាមតំបន់ផ្សេងទៀតនៃចក្រភពអង់គ្លេស។ ខ្ញុំបានស្នើ ឲ្យ ប្រធានគ្លីនិកជាតិសម្រាប់កុមារ និងយុវជន​ទាំងអស់​ឲ្យ​ពិនិត្យបញ្ហានេះជាបន្ទាន់។”

នៅ​ក្នុង​លិខិត​ព្រមាន​ដែល NHS បាន​ផ្ញើ​ទៅ​កាន់​គ្រូ​ពេទ្យ​ជំនាញ​ទាំង​អស់ បញ្ជាក់​ថា​ក្នុង​ចំណោម​ក្មេង​ៗ​ទាំង​អស់​ដែល​ចេញ​រោគ​សញ្ញា​នេះ ក្នុង​នោះ​មួយ​ចំនួន បាន​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩។ បើ​ទោះ​បី​ជា​ក្មេង​ផ្សេង​ទៀត រក​ឃើញ​អវិជ្ជមាន​កូវីដ១៩ ក្រោយ​ចេញ​រោគ​សញ្ញា​ខាង​លើ​ក្ដី នេះ​ទំនង​ជា​សញ្ញា​ដំបូង​នៃ​ការ​ឆ្លង​វីរុស។ ក្រៅ​ពី​សញ្ញា​ពីរ​ខាង​លើ NHS ក៏​បាន​ឲ្យ​ដឹង​ថា​ការ​ឈឺ​ពោះ និង​សញ្ញា​រលាក​ក្រពះ​ពោះ​វៀន ក៏​ជា​សញ្ញា​ទូទាំង​ដែល​ត្រូវ​បាន​រក​ឃើញ​លើ​ក្មេង​ៗ​ផង​ដែរ។

យ៉ាង​ណា​មិញ មិន​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ក្នុង​ចំណោម​ក្មេង​ៗ​ដែល​បាន​ចេញ​រោគ​សញ្ញា​ខាង​លើ បាន​ស្លាប់​ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ដែល​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​កំពុង​ធ្វើ​ការ​តាម​ដាន​បន្ដ​ទៀត៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី