- 2020-06-02 13:33:44
- ព័ត៌មាន
ក្រសួងការបរទេស អញ្ជើញលោកទូតវៀតណាមមកពិភាក្សារឿងបញ្ហាព្រំដែន
- 2020-06-02 13:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការបរទេស អញ្ជើញលោកទូតវៀតណាមមកពិភាក្សារឿងបញ្ហាព្រំដែន
ចន្លោះមិនឃើញ
លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញឯកអគ្គរដ្ឋទូតវៀតណាម ឯកឧត្ដម វូ ក្វាងមិញ មកពិភាក្សាពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមត្រង់ចំណុចខេត្តកណ្ដាលកាលពីថ្ងៃច័ន្ទម្សិលមិញ (១ មិថុនា)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា លោកជំទាវរដ្ឋលេខាធិការ បាននិយាយគ្នាជាមួយលោកទូតវៀតណាម ពីរឿងខាងភាគីវៀតណាមបោះតង់ចំនួន ៣១កន្លែងលើតំបន់មិនទាន់ឯកភាពគ្នា។
លោកជំទាវរដ្ឋលេខាធិការបានស្នើ ខាងវៀតណាមឲ្យរុះរើតង់ទាំងអស់នោះឲ្យបានឆាប់ ក្នុងគោលបំណងធ្វើឲ្យស្ថានភាពវិលមកដូចដើមធម្មតាវិញ ហើយទុកភារកិច្ចឲ្យគណៈកម្មការព្រំដែនប្រទេសទាំងសងខាងដោះស្រាយឲ្យដាច់ស្រេចស្ថាពរ។
ទាក់ទិននឹងបញ្ហាចម្រូងចម្រាសនេះ ក្រសួងការបរទេសកម្ពុជាបានបញ្ជូនកំណត់ទូតតវ៉ា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ហើយខាងវៀតណាមឆ្លើយតបនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដោយអះអាង ការបោះតង់នេះជា "វិធានការបណ្ដោះអាសន្នចាំបាច់" ក្នុងគោលបំណងទប់ស្កាត់ការឆ្លងដែន អំឡុងជំងឺកូវីដ-១៩ ឲ្យទាន់ពេលវេលា។
ខាងវៀតណាមក៏អះអាងថា សកម្មភាពនេះមិនប៉ះពាល់នឹងការខណ្ឌសីមា និងការបោះបង្គោលព្រំដែនរបស់ប្រទេសទាំងពីរទេ។ បន្ថែមពីលើនេះទៀត អាជ្ញាធរវៀតណាមសន្យាថានឹងរុះរើតង់ទាំងអស់ចេញពីតំបន់នោះ៕