• 2020-06-05 09:02:59
  • ព័ត៌មាន

វីង និងផ្សារទំនើបអ៊ីអនម៉ល រួមគ្នា​ផ្តល់នូវបទពិសោធន៍នៃការទិញទំនិញប្រកបដោយភាពងាយស្រួល

  • 2020-06-05 09:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលជាផ្សារទំនើបឈានមុខគេនិងធំជាងគេបំផុតនៅកម្ពុជា បានចុះហត្ថលេខា​លើភាពជាដៃគូ ដើម្បីផ្តល់នូវការទិញទំនិញ និងសេវាកម្ម ប្រកបដោយភាពងាយស្រួល ដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ដល់អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល ទាំង២ទីតាំង ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ “យើងជឿជាក់ថា ភាពជាដៃគូនេះនឹងផ្តល់ឱ្យអ្នករាល់គ្នាកាន់តែមានសេរីភាពក្នុងការទិញទំនិញ និងសេវាកម្មកាន់តែប្រសើរឡើង។ ការទូទាត់ការចំណាយដោយប្រើប្រាស់ QR កូដកំពុងតែមានប្រជាប្រិយពាសពេញពិភពលោកដោយសារតែមានភាពងាយស្រួល និងសុវត្ថិភាព។”

តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល អាចទៅទិញទំនិញនិងផលិតផលផ្សេងៗដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់ឡើយ គឺគ្រាន់តែប្រើម្រាម​ដៃ​ចុច​លើ​ស្មាតហ្វូន ដែលមានគណនីវីង នោះនឹងទទួលបាននូវបទពិសោធន៍នៃការទិញឥវ៉ាន់ប្រកបដោយសុវត្ថិភាព ព្រមទាំងទាន់សម័យ។ អតិថិជនអាចស្កេន QR កូដ នៅឯបញ្ជរគិតលុយដើម្បីធ្វើប្រតិបត្តិការភ្លាមៗតែម្តង។

លោក ត្ស៊ុបុយ៉ា ម៉ាសាយុគិ អគ្គនាយក នៃក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី បានមានប្រសាសន៍ថា៖ “យើងពិតជារីករាយណាស់ដែលធនាគារឯកទេសវីង និងផ្សារទំនើបអ៊ីអនម៉លអាចសហការគ្នាដើម្បីធ្វើកិច្ចការមួយនេះ។ យើងរួមគ្នាប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីផ្តល់ជម្រើសកាន់តែច្រើន និងការទិញទំនិញកាន់តែប្រសើរឡើងដល់អតិថិជននៅកម្ពុជា។”

ទាំងធនាគារឯកទេសវីង និងផ្សារទំនើប អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី សុទ្ធតែមានបំណងដូចគ្នាក្នុងការបង្កើតប្រព័ន្ធទូទាត់ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។ ដើម្បីជាកិច្ចចាប់ផ្តើមនៃភាពជាដៃគូនេះ អតិថិជន ចំនួនជាង ១០០០ ដំបូង នឹងទទួលបានការបញ្ចុះតម្លៃ៥ ដុល្លារ ភ្លាមៗរាល់ការទូទាត់តាម QR កូដ របស់កម្មវិធីស្មាតហ្វូនវីង ដើម្បីទិញទំនិញនិងសេវាកម្មនៅហាងជិត ៣០ កន្លែងក្នុងផ្សារទំនើប អ៊ីអនម៉លភ្នំពេញ និងអ៊ីអនម៉លសែនសុខស៊ីធី ដោយមានចាប់ពីហាងអាហារនិងភេសជ្ជៈរហូតដល់ហាងលក់សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិច។

ធនាគារឯកទេសវីង បានបង្កើតយីហោដ៏រឹងមាំតាមរយៈកម្មវិធីស្មាតហ្វូនវីង ព្រមទាំងភ្នាក់ងារវីងដែលមានជាង ៧៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលអាចផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនាឆ្នាំ ២០១៤ នោះ ត្រូវបានគេស្គាល់ថា មានការផ្តោតការយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការផ្តល់បទពិសោធន៍ទិញទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់៕

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត MoneyGram Alipay WeChat Pay និង Western Union ជាដើម។

វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com

មតិយោបល់