- 2020-06-06 01:15:00
- ព័ត៌មាន
វីរៈជនជួរមុខ វេជ្ជបណ្ឌិត គីមសួរ ភីរុណ៖ យើងពុះពារទាំងយប់ទាំងថ្ងៃដើម្បីប្រយុទ្ធនឹងកូវីដ១៩ នៅខេត្តកំពង់ចាម
- 2020-06-06 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរៈជនជួរមុខ វេជ្ជបណ្ឌិត គីមសួរ ភីរុណ៖ យើងពុះពារទាំងយប់ទាំងថ្ងៃដើម្បីប្រយុទ្ធនឹងកូវីដ១៩ នៅខេត្តកំពង់ចាម
ចន្លោះមិនឃើញ
វេជ្ជបណ្ឌិត គីមសួរ ភីរុណ និងក្រុមការងារវេជ្ជសាស្ត្រមកពីគ្រប់ផ្នែកនៃក្រសួងសុខាភិបាល បានក្លាយជាក្រុមកម្លាំងជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ នៅខេត្តកំពង់ចាម ដែលក្រុមការងារគាត់ត្រូវគ្រប់គ្រង និងព្យាបាលថែរក្សាអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ១៦នាក់ ដែលបានឆ្លងនៅ លើការប៉ាល់ ទេសចរណ៍ វីឃីង និង ៨នាក់ផ្សេងទៀតដែលជាជនជាតិខ្មែរឥស្លាម ដែលបានរងការចម្លងពីកម្មវិធីសាសនាមួយនៅឯប្រទេសម៉ាឡេស៊ី។
ដោយសង្កេតឃើញថា អ្នកផ្ទុកជម្ងឺកូវីដ១៩ ស្ទើរតែ ទាំងអស់បានជាសះស្បើយ បន្ទាប់ពីទទួលបានការមើលថែព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារ សុខាភិបាល យ៉ាងយកចិត្តទុកដាក់ ។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយ ដោយសារការលះបង់កម្លាំងកាយចិត្តពីថ្នាក់ដឹកនាំខេត្ត និងក្រសួង និង ក្រុមបុគ្គលិក ស្ម័គ្រចិត្ត និងការចូលរួមយល់ដឹងអំពីជម្ងឺកូវីដ១៩ ពីសំណាក់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផលមកទល់ពេលនេះយើងសង្កេតឃើញថាវាមិនទាន់មានករណីផ្ទុកថ្មីកើតឡើងនៅឡើងទេ»
លោកបន្តថា ៖ «យើងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត យកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជម្ងឺយ៉ាងសស្រាក់សស្រាំ ដោយធ្វើការមើលថែអ្នកជម្ងឺស្ទើរគ្រប់ម៉ោងខិតខំពិនិត្យ រកមើលក្រែងលោមានករណីថ្មីកើតឡើង ជាដើម។ យើងកំពុងសិក្សាស្រាវជ្រាវបន្ថែមអំពីវីរុសកូវីដ១៩ នេះ និងទទួលឆ្លើយសំនួរ និងប្រឹក្សាយោបល់ ទៅកាន់អ្នកសង្ស័យផ្ទុកវីរុស ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍»
យុទ្ធនាការនេះ ប្រព្រឹត្តទៅ បានយ៉ាងរលូនដោយមានការជ្រោមជ្រែងទាំងស្មារតី និងសម្ភារពីសំណាក់ថ្នាក់ដឹកនាំ រដ្ឋាភិបាល គ្រប់ជាន់ថ្នាក់រួមមានឯកឧត្តមគណៈ អភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាល សម្តេច និងក្រុមការងារ គ្រូពេទ្យ បុគ្គលិក ស័្មគ្រចិត្ត និងការរួមចំណែកយកចិត្តទុកដាក់អំពីអនាម័យ សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។
«ពួកយើងគិតថាយុទ្ធនាការប្រឆាំង និងវិបត្តិកូវីដ១៩ នេះអាចចាត់ទុកបានថាជាមេរៀន និងបទពិសោធន៍ ដ៏ល្អ មួយសម្រាប់យកទៅអនុវត្តប្រសិនបើមានវិបត្តនានាដែលពាក់ព័ន្ធ នឹងវិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជាពេលខាងមុខ ។ ពួកគាត់ បានទទួលនូវចំណេះ ដឹងវិធីសាស្ត្រថ្មីៗ ជាច្រើននិងបានដឹងពីភាពខ្លាំង និងភាពខ្សោយរបស់វិស័យ សុខាភិបាល ក្នុងប្រទេសកម្ពុជាយើងក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនេះដែរ។ សរុបមកពួកយើងគិតថាប្រទេសកម្ពុជាបានធ្វើការប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ ១៩ លើកនេះបានយ៉ាងល្អ គួរឲ្យកត់សម្គាល់»។ លោកបន្ថែម។
«ពួកយើងយល់ច្បាស់ពីគុណតម្លៃនៃការធ្វើការរួមគ្នា ក្នុងកំឡុងពេលមានវិបត្តិនេះ ។ ភាពសាមគ្គីគ្នារបស់ពួកយើងមិនត្រឹមតែអាចជួយព្យាបាលអ្នកជម្ងឺ ឲ្យជាសះស្បើយពីជម្ងឺនោះ ទេ តែក៏បានចូលរួមចំណែកដើម្បីជួយប្រទេសជាតិទាំងមូលពីវីរុសកូវីដ១៩នេះ ដែរ។ ពួកយើងមានមោទនភាព នៅពេលបានឃើញពីលទ្ធផលនៃការខិតខំប្រឹងប្រែង រួបរួមគ្នារហូតបានសម្រេចជោគជ័យនេះ» ។
តែទោះយ៉ាងណាក្រុមការងាររបស់លោកវេជ្ជបណ្ឌិត នៅតែប្រឹងនៅបន្តដំណើរនៅក្នុងសមរភូមិ ដឹកនាំ និងជួយបងប្អូន ប្រជាពលរដ្ឋ ម្យ៉ាងទៀតដោយសារតែ ម្នាក់ៗសុទ្ធតែបានយល់ច្បសា់ពីវិធីការពារ និងជាកាតព្វកិច្ចយើងនឹងមានឧបករណ៍ការពារគ្រប់គ្រាន់ផងនោះ ដូច្នេះ ភាពភ័យខ្លាចមិនមែនជាឧបសគ្គរបស់ក្រុមជួរមុខយើងក្នុងការប្រឆាំងតទល់នឹងសង្គ្រាមកូវីដ១៩ នេះឡើយ ។
« ទោះបីជាមានហានិភ័យយ៉ាងណាក៏ដោយយើងប្ដេជ្ញានូវការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទី និងជំនាញរៀងៗខ្លួន វាជារឿងចាំបាច់បំផុត ដែលត្រូវប្រកាន់ខ្ជាប់ក្នុងកំឡុងពេលស្រុកទេសកំពុងស្ថិតនៅក្នុងស្ថានការណ៍ដែលមានវិបត្តិដូច្នេះ» ។
ទោះបីជាខេត្តកំពង់ចាម និងទូទាំងប្រទេសយើងទាំងមូលមិនទាន់ឃើញមានវិវត្តន៍ករណីថ្មី នៃវត្តមានវីរុសកូវីដ ១៩ ទៀតក៏ដោយ ក៏ពួកយើងគិតថាការងាររបស់ពួកយើងមិនទាន់អាចបញ្ចប់បាននោះទេ ព្រោះវីរុសអាចកើតមាសារជាថ្មី គ្រប់ពេលវេលា ដែលមិនអាចស្មានដឹង ដូច្នេះពួកយើងយកពេលនេះដើម្បី ខិតខំសិក្សាស្រាវជ្រាវចំណេះដឹង និងវិធិសាស្ត្រថ្មីៗ នានា សម្រាប់បង្ការការពារគ្រោះវិបត្តិនានាដែលអាចកើតឡើងនៅពេលអនាគត វាជារឿងដែលត្រូវធ្វើពេលនេះ ៕