- 2020-06-12 02:16:17
- ព័ត៌មាន
នរណាជាអ្នកបង្កើត កាំភ្លើង AK-47 កាំភ្លើងដ៏មានប្រជាប្រិយ (មានវីដេអូ)
- 2020-06-12 02:16:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាជាអ្នកបង្កើត កាំភ្លើង AK-47 កាំភ្លើងដ៏មានប្រជាប្រិយ (មានវីដេអូ)
ចន្លោះមិនឃើញ
AK-47 ជាកាំភ្លើងស្វ័យប្រវត្តសេរីចាស់ ដ៏មានឥទ្ធិពលមួយ។ ដោយសារកេរ្តិ៍ឈ្មោះដ៏ល្បាញ និងមានប្រជាប្រិយ កាំភ្លើងនេះ នៅតែប្រើប្រាស់នៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ។ គំរូកាំភ្លើងនេះត្រូវបានចម្លង ដោយរោងចក្រផលិតអាវុធរបស់រដ្ឋ ជាង២០ ដូចជារុស្សី AK-74 AKM ចិនType 56 កូរ៉េខាងជើង Type 58 យូហ្គោស្លាវី M70 M72 M21 ជាដើម។
តើនរណាជាអ្នកកែច្នៃអាវុធកំណាចនេះឡើង ហើយគាត់មានប្រវត្តិដូចម្ដេច?
នៅជនបទ នៃស្រុក Kurya ខេត្ត Altai ភាគខាងត្បូងនៃប្រទេសរូស្សី ជាប់ព្រំដែម៉ុងហ្គោល មានគ្រួសារកសិកររុស្សីមួយ ប្ដីឈ្មោះ Timofey Aleksandrovich Kalashnikov ប្រពន្ធឈ្មោះ Aleksandra Frolovna Kalashnikova មានកូន ១៩ នាក់។ កូនទី ១៧ របស់គាត់ឈ្មោះ Mikail Timofey Kalashnikov ជាក្មេងគួរឲ្យចាប់អារម្មណ៍ជាងគេ។ Mikhail ជាក្មេងចូលចិត្តខាងផ្នែកបច្ចេកទេសយន្តសាស្ត្រ។
នៅឆ្នាំ ១៩៣០ គ្រួសាររបស់លោក Timofey ក៏ដូចជាគ្រួសារផ្សេងទៀតត្រូវបានរដ្ឋអំណាចបញ្ជូនឲ្យទៅនៅ ភូមិ Nizhnyaya Mokhovaya ក្នុងខេត្ត Tomsk Oblast ។ នៅទីនោះ គ្រួសាររបស់លោក Timofey បន្តរបរកសិកម្ម និងបរបាញ់សត្វ។
និយាយពី Mikail បន្ទាប់ពីផ្លាស់ទីលំនៅ ទៅ Tomsk Oblast អកុសលអ្វីក្មេងនេះមានជំងឺយាយីស្ទើរតែនឹងស្លាប់។ Mikhail ធំដឹងក្ដីនៅទីនោះ។ ជារៀងរាល់ថ្ងៃគាត់តែងទៅស្រែ និងបរបាញ់សត្វជាមួយឪពុកគាត់។
បន្ទាប់ពីចប់ថ្នាក់ទី ៧ Mikhail បានត្រឡប់ទៅ Kurya វិញ។ នៅទីនោះគាត់បានចូលធ្វើការជាជាងមេកានិច នៅយានដ្ឋានមួយ។ ទីនោះហើយដែលបណ្ដាលចិត្ត Mikhail ឲ្យស្រលាញ់ខាងកែច្នៃអាវុធ។
នៅឆ្នាំ ១៩៣៨ គាត់ និងយុវជនផ្សេងទៀតត្រូវបានគេកេណ្ឌទៅធ្វើកងទ័ពក្រហម។ គេបញ្ជូន Mikail ឲ្យទៅខាងកងរថក្រោះ ព្រោះគាត់មានមាឌតូច និងចេះខាងមេកានិច។ ពេលដែលបញ្ជូនទៅហ្វឹកហាត់ គាត់មិនគ្រាន់តែហាត់បើករថក្រោះ ជួសជុល និងបាញ់កាំភ្លើងរថក្រោះទេ គាត់ក៏ហាត់បាញ់ថ្មើរជើងដែរ។ Mikhail កាន់រថក្រោះ T-34s នៃកងវីរសេនាធំរថក្រោះលេខ ៤២។
នៅខែមិថុនា ឆ្នាំ ១៩៤១ រុស្សីចាញ់អាល្លឺម៉ង់ នៅសមរភូមិ Brody ហើយដកថយ មកឈរជើងនៅ Bryansk មិនយូរប៉ុន្មាន នៅខែតុលា ឆ្នាំ ១៩៤១ កងថ្មើរជើងលេខ និងកងរថក្រោះ Panzerលេខ ២ ក្រោមមេបញ្ជាការ Fedor von Bock បានវាយបែក Bryansk កងពលថ្មើរជើងលេខ ៥០ លេខ ១៣ និង លេខ៣ ព្រមទាំង កងវីរសេនាធំរថក្រោះលេខ ៤២ ត្រូវវាយបែកទាំងស្រុង។ Mikhail Kalashnikov រងរបួសយ៉ាងដំណំ ដោយរថក្រោះ T-34s របស់គាត់ ត្រូវគ្រាប់កាំភ្លើង ប្រឆាំងរថក្រោះ Anti-Tank គ្រាប់បែក និងគ្រាប់រថក្រោះ Panzer របស់អាល្លឺម៉ង់ផង រហូតផ្ទុះឆេះ។ គាត់ដេកពេទ្យរហូតដល់ខែ មេសា ឆ្នាំ ១៩៩២ ។ ប៉ុន្មានខែចុងក្រោយនៅក្នុងមន្ទីរពេទ្យ គាត់តែងឮពាក្យរអ៊ូរទាំ ដោយខឹងសម្បារ ចេញពីមាត់ទាហាន និងការជួបប្រទះផ្ទាល់របស់គាត់ ពីបញ្ហាកាំភ្លើងកំពុងប្រើក្នុងសមរភូមិ ដែលវាតែងតែគាំងបាញ់មិនចេញ ជាពិសេសអ្នកប្រើ PPD និង PPSh Submachine Gun ដែលប្រើបង់ត្រឡោក (Drum Magazine) ។ Mikhail ជាអ្នកចូលចិត្តផ្នែកបច្ចេកទេស គាត់បានវិភាគយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីរកដំណោះស្រាយ។ នៅពេលនោះ គាត់បានគូរប្លង់កាំភ្លើងអូតូម៉ាទិកថ្មីមួយឡើង ដែលមានរូបរាងប្លែកពី PPD PPSh ។
នៅពេលដែលគាត់ចេញពីមន្ទីរពេទ្យ គាត់បានកាន់ប្លង់គំរូកាំភ្លើងរបស់គាត់ ទៅយន្តដ្ឋានមួយកន្លែង និងស្នើសុំប្រធានយន្តដ្ឋានដើម្បីប្រើកន្លែងនោះបង្កើតស្នាដៃដំបូងរបស់គាត់ឡើងជារូបរាង។ ដំបូងឡើយគេមិនស្វាគមន៍ទេ តែពេលឃើញគាត់ចេះតែទទូចសុំ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប្រធានយន្តដ្ឋាន បានឲ្យកន្លែង សម្ភារៈ និងជាងពីរបីនាក់ ដើម្បីជួយ។ ប៉ុន្មានខែក្រោយ កាំភ្លើងដំបូងរបស់គាត់ក៏ផលិតចេញជារូបរាងឡើង មើលទៅស្រដៀងគ្នា នឹង Thompson របស់អាមេរិកដែរ តែធំជាង និងធ្ងន់ជាង។ សមត្ថភាពបាញ់ល្អជាង PPD និង PPSh និងមិនគាំងនោះទេ។ ទោះយ៉ាងនេះក្ដី ស្នាដៃរបស់គាត់មិនត្រូវបានទទួលឲ្យប្រើក្នុងជួកងទ័ពនៅឡើយទេ ប៉ុន្តែត្រូវបានទទួលថាជាសមិទ្ធផលថ្មីគួរឲ្យកត់សម្គាល់។ Mikhail ត្រូវគេចាត់តាំងឲ្យទៅកាន់ការនៅ ការិយាល័យវិទ្យាសាស្ត្រអភិវឌ្ឍន៍អាវុធ នៃអគ្គសេនាធិការដ្ឋានកាំភ្លើងធំនៃកងទ័ពក្រហម នៅឆ្នាំ ១៩៤២ ។ នៅឆ្នាំ ១៩៤៤ គាត់រចនា Gas-operated សម្រាប់ កាទុស ថ្មីទំហំ 7.62×39mm ។ កាទុសនេះ ត្រូវបានប្រទេសសម្ព័ន្ធមិត្តជំនាន់ WW-ii ឯកភាពប្រើជារួមទាំងអស់គ្នា ដែលត្រូវទាំង M1 Garand SKS (Karabin) Selective Rifle និងពួកកាំភ្លើងយន្ត ធន់ស្រាលដូចជា RPD និង RPK ជាដើម។ នៅឆ្នាំ ១៩៤៦ Kalashnikov ចាប់ផ្ដើមគូរប្លង់ កាំភ្លើងថ្មី និងបង្កើតជារូបរាង រហូតដល់ឆ្នាំ ១៩៤៧ គម្រោងគាត់បានបញ្ចប់ជាស្ថាពរ ដោយប្រើឈ្មោះថា AK-47 ។ កាំភ្លើងនេះ ក៏ប្រើ Gas-operated ដែលគាត់បានបង្កើត និង កាទុស ទំហំ 7.62×39mm ដែរ។ A សំដៅដល់ Avtomat K សំដៅដល់ Kalashnikov និងកន្ទុយលេខឆ្នាំដែលផលិតចេញគឺ 1947 ។
កាំភ្លើង AK-47 ជារបកគំហើញថ្មីមួយក្នុងផ្នែកបច្ចេកវិទ្យាអាវុធទំនើប។ កាំភ្លើងនេះបាញ់បានចម្ងាយ ៨០០ ម៉ែត្រ។ បានន័យថា គ្រាប់កាំភ្លើងរត់ពេញកម្លាំងបានពី ៧៥០ ទៅ ៨០០ ម៉ែត្រ។ ក្នុងការសាកល្បងបាញ់ចម្ងាយជាក់ស្ដែង នៅពេលប្រយុទ្ធគ្នា គឺ ១០០ ទៅ ១៥០ ម៉ែត្រ AK-47 បាញ់ប្រាំគ្រាប់ មាន៣ ត្រូវចំគោលដៅយ៉ាងល្អ។ ការបាញ់រះត្បិតថា AK-47អត់មានប្រព័ន្ធទប់លំនឹងក៏ដោយ តែវានឹងល្អជាងកាំភ្លើងអូតូម៉ាទិកផ្សេងៗកាលជំនាន់នោះ។ បើទោះបីកាំភ្លើងខ្លះ កាលជំនាន់នោះ អាចបាញ់បានពីរ បីគ្រាប់ នៅពេលទទឹកជោគ ក៏លំបាកធន់នឹង ភក់ ឬខ្សាច់ណាស់។ ប៉ុន្តែ AK-47 អាចធ្វើបានគ្រាប់ស្ថានភាព។
អ្នករចនាអាវុធ ដ៏មានឥទ្ធិពលពីរនាក់របស់រុស្ស៊ីគឺលោក Vasily Degtyaryov និង Georgy Shpagin បានទទួលស្គាល់ និងកោតសរសើរ ពីសមត្ថភាពរបស់ AK-47 ដែលជាអាវុធទំនើបមួយនាសម័យនោះ។ បន្ទាប់ពីដំណើរការផលិតចប់ នៅឆ្នាំ ១៩៤៩ AK-47 ត្រូវបានបំពាក់ឲ្យកងទ័ពរុស្ស៊ី និងក្លាយទៅជាអាវុធប្រើជាផ្លូវការក្នុងវិស័យយោធា។
នៅឆ្នាំ ១៩៩៧១ Mikhail Kalashnikov ទទួលសញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងជាសមាជិកនៃ បណ្ឌិត្យសភាផ្នែកវិទ្យាសាស្ត្រ។ គាត់បានដឹកនាំការស្រាវជ្រាវក្នុងការផលិតអាវុធខ្លាំងៗ មួយចំនួនទៀតដូចជា៖
១៩៥០ គាត់ចាប់ផ្ដើមអភិវឌ្ឍន៍ AKM ហើយកាំភ្លើងនេះដាក់ឲ្យកងទ័ពប្រើនៅឆ្នាំ ១៩៥៩
១៩៦០ គាត់ចាប់ផ្ដើមអភិវឌ្ឍន៍ កាំភ្លើងយន្តធន់ស្រាល RPK (Ruchnoy Pulemyot Kalashnikova) ដាក់ឲ្យកងទ័ពប្រើឆ្នាំ ១៩៦១ កែសម្រួលថ្មីរួចរាល់នៅឆ្នាំ ១៩៧៤
១៩៦១ គាត់បង្កើតកាំភ្លើងយន្តធន់កណ្ដាល PK និងកែសម្រួលនៅឆ្នាំ ១៩៦៩
១៩៧០ គាត់ចាប់ផ្ដើមអភិវឌ្ឍន៍ AK Model ថ្មី ចេញឆ្នាំ ១៩៧៤ គឺ AK-74 ប្រើជំនួស AKM
ចាប់តាំងពីឆ្នាំ ១៩៤៩ រហូតដល់គាត់អស់ជីវិត Kalashnikov រស់នៅ និងធ្វើការនៅទីក្រុង Izhevsk រដ្ឋ Udmurtia រុស្សី។ គាត់ជាអ្នកចូលចិត្តបរបាញ់តាំងពីក្មេងរហូតដល់អាយុចុងក្រោយរបស់គាត់។ Mikhail Kalashnikov ធ្លាក់ខ្លួនឈឺធ្ងន់ និងដេកពេទ្យ នៅខែ វិច្ឆិកា ២០១៣ នៅថ្ងៃទី ២៣ ធ្នូ ២០១៣ គាត់បានស្លាប់។ Kalashnikov ស្លាប់ដោយសារជំងឺរលាកក្រពះ។
Kalashnikov រៀបការពីរដង លើកទីមួយជាមួយនាង Ekaterina Astakhova នៅ Altai Krai ពេលដែលគាត់នៅធ្វើការជាជាងម៉ាស៊ីន។ លើកទីពីរជាមួយ នាង Ekaterina Moiseyeva ។ នាងជាវិស្វករគូរប្លង់ម្នាក់នៅ ការិយាល័យវិទ្យាសាស្ត្រអភិវឌ្ឍន៍អាវុធ នៃអគ្គសេនាធិការដ្ឋានកាំភ្លើងធំ។ គាត់តែងជួយគូរប្លង់ឲ្យប្ដីរបស់គាត់។
សួរថាតើ Mikhail Kalashnikov ធ្លាប់មានវិប្បដិសារីចំពោះស្នាដៃគាត់ទេ?
យោងតាមការចុះផ្សាយរបស់កាសែត Izvestia ដែលស្រង់យកខ្លឹមសារក្នុងលិខិត ដែល Kalashnikov សរសេរទៅបព្វជិតគ្រិស្តសាសនា និ. អ័រតូដុក ឈ្មោះ Cyril គាត់បានបង្ហាញពីការឈឺចាប់ក្នុងចិត្ត និងចោទសំណួរថា តើគាត់ត្រូវទទួលខុសត្រូវចំពោះការស្លាប់ដោយសារអាវុធដែលគាត់បានបង្កើត ឬទេ?
បព្វជិត Cyril បានតបទៅគាត់វិញតាមសំបុត្រ ដោយថ្លែងអំណរគុណផងថា គឺជាគំរូនៃអ្នកស្នេហាជាតិ និងទង្វើដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ។
សូមទស្សនា វីដេអូ
ប្រភពដកស្រង់ពី៖
Gun inventor, 'happy man' Kalashnikov turns 90 - By Alexander Osipovich (AFP) - Nov 10, 2009
Kalashnikov, near 90, laments "criminal" uses of rifle By Dmitry Solovyov 2009
Bolotin, D.N. (1995). Soviet Small-Arms and Ammunition. Finnish Arms Museum Foundation. pp. 69–70 By en.wikipedia.org
Kalashnikov, Mikhail (June 1983). "How and Why I Produced My Submachine Gun". Sputnik: A Digest of the Soviet Press. Moscow: Novosti Press Agency: 70–75 By en.wikipedia.org
AFP - http://www.kalashnikov.name/index/0-15
Wall Treet Journal - Designer of the Popular Kalashnikov Rifle Dies by Lukas I. Alpert and Stephen Miller Updated Dec. 23, 2013 4:48 pm ET