• 2020-06-18 12:21:15
  • ព័ត៌មាន

កម្ពុជាទិញរថយន្ត២៩០គ្រឿងពីចិន មិនប្រើប្រាស់ថវិកាជាតិសូម្បីតែ១រៀល

  • 2020-06-18 12:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ពិធីប្រគល់ និងទទួលរថយន្ត ចំនួន ២៩០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនដល់កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនថា រថយន្តយោធា ដែលត្រូវបានបញ្ជាទិញពីប្រទេសចិន ចំនួន២៩០គ្រឿងនេះ គឺមិនបានប្រើប្រាស់ថវិកាជាតិសូម្បីតែ១រៀល។ ថវិកាសម្រាប់ទិញរថយន្តយោធាទាំងអស់នេះ គឺជាថវិកា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានពីសប្បុរសជននានា បន្ទាប់ពីសម្តេចអំពាវនាវឲ្យមានការជួយដល់កងទ័ព។ ឯកឧត្តម បានឲ្យដឹងថា គ្រាន់តែមួយឆ្នាំៗ សម្ព័ន្ធមេត្រីភាពជួយឧបត្ថម្ភតាមការអំពាវនាវរាប់លានដុល្លារ ដើម្បីជួយកាត់បន្ថយបន្ទុក របស់រាជរដ្ឋាភិបាល ក្នុងការជួយលើកតម្កើងដល់វិស័យការការពារជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «អត់បានប្រើប្រាស់ថវិការដ្ឋ ១រៀលទេ! គឺកើតចេញពីការកៀរគរក្រុមហ៊ុន និងសប្បុរសជនទាំងអស់។ ហើយសូមបញ្ជាក់ រឿងសម្តេចតេជោអំពាវនាវឲ្យជួយកងទ័ព មិនមែនគាត់ទើបតែធ្វើទេ គឺគាត់ធ្វើរាប់ឆ្នាំមកហើយ»។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដែរថា ការទិញរថយន្តយោធាទាំងនេះទៀតសោត គឺដើម្បីដឹកជញ្ជូនកងកម្លាំងយោធា និងកងកម្លាំងសមត្ថកិច្ច ដើម្បីជួយបម្រើប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីមួយកើតឡើង។ ឯកឧត្តម រំលឹកថា រថយន្តយោធា ក៏ធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនពលរដ្ឋតាមព្រំដែនពីប្រទេសនានា និងពេលកម្ពុជាមានជម្លោះជាមួយថៃ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានច្រានចោលចំពោះការវិភាគបំភ្លៃពីអ្នកវិភាគមួយចំនួន ដែលលើកឡើងថា ការទិញរថយន្តយោធាពីចិន បានប្រើប្រាស់ថវិកាពីការប្រមូលបានពីសប្បុរសជន ក្នុងការបរិច្ចាគវិភាគទាន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

មតិយោបល់