• 2020-07-08 14:29:44
  • ព័ត៌មាន

ស្រុកបន្ទាយស្រី ប្រកាសមិនមានអាជីវកម្មទិញ-លក់ សាច់សុនខ

  • 2020-07-08 14:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាព នឹងមិនត្រូវបានអនុញ្ញាតនៅក្នុងស្រុកបន្ទាយស្រីទៀតឡើយ។ នេះបើយោងតាមផេករបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏ដូចជាអនុវត្តតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ កាលពីថ្ងៃទី៦ កក្តដា ឆ្នាំ២០២០ និងក្រោយពីបានជួបពិភាក្សាការងារជាមួយអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) និងអង្គការ ហ្វរផរ (Four Paws) កាលពីពេលថ្មីៗនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងធ្វើការហាមឃាត់ការធ្វើអាជីវកម្ម និងសកម្មភាពប្រភេទនេះ ដោយនឹងធ្វើការជូនដំណឹងជាផ្លូវការដាច់ដោយឡែកមួយទៀត ដល់រាល់អ្នកប្រកបរបរពាក់ព័ន្ធនឹងសាច់ឆ្កែទាំងអស់នៅក្នុងស្រុក។

កន្លងមក ការលួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និងលក់សត្វឆ្កែដើម្បីយកសាច់ទៅធ្វើជាម្ហូបអាហារមានការកើនឡើងគួរអោយបារម្ភ ដែលក្នុងនោះស្រុកបន្ទាយស្រីត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងកំពុងប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុកបន្ទាយស្រី និងខេត្តសៀមរាប តួយ៉ាង មានសារពត៌មានអន្តរជាតិ ចំនួន១៨០បណ្តាញ បានធ្វើការចុះផ្សាយរិះគន់នៅលើគេហទំព័ររបស់ពួកគេ ក្នុងអំឡុងពីខែវិច្ឆិកា និងខែធ្នូ២០១៩។ ការហាមឃាត់ការជួញដូរសាច់ឆ្កែនេះក៏នឹងលើកកម្ពស់សុខមាលភាពសត្វផង និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផង ជៀសវាងការឆ្លងរាលដាលជម្ងឺផេ្សងៗ។

រដ្ឋបាលស្រុកបន្ទាយស្រីសង្ឃឹមថា បងប្អូនអាជីវករដែលប្រកបរបរទិញ លក់ និងសត្តឃាតសត្វឆ្កែទាំងអស់នៅក្នុងស្រុក ជាពិសេសនៅក្នុងឃុំព្រះដាក់ នឹងមានការយោគយល់ ព្រមទាំងផ្តល់កិច្ចសហការដោយរលូន បញ្ឈប់រាល់សកម្មភាពទាំងនេះ និងងាកទៅចាប់យកមុខរបរថ្មី ដែលមិនមានការហាមឃាត់។ ការផ្សព្វផ្សាយជាមុននេះ ចាត់ទុកជាជំហរទន់ភ្លន់មួយរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីទុកអោយអាជីវករទាំងអស់ស្ម័គ្រចិត្តរៀបចំអនុវត្តតាមការតម្រូវនៃច្បាប់ដោយខ្លួនឯង មុននឹងរដ្ឋបាលស្រុកអនុវត្តនីតិវិធីរដ្ឋបាល។

ប្រភព៖ ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី

មតិយោបល់