• 2020-07-21 03:51:46
  • ព័ត៌មាន

ក្រសួងទេសចរណ៍ ផ្តល់ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជន-យុវនារី ក្នុងខេត្តគោលដៅគម្រោងចំនួនប្រាំ

  • 2020-07-21 03:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួម ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ជំហ៊ានទី២ ឆ្នាំ២០២០-២០២៤ ជាមួយឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Nadia Ottiger នាយករងកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ។

ក្នុងនោះ SDC បានបង្ហាញពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលស្វីស ដើម្បីគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា រួមទាំងវិជ្ជាជីវៈទេសចរណ៍ សម្រាប់បណ្តុះបណ្តាលនៅខេត្តគោលដៅគម្រោងចំនួនប្រាំរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងព្រះវិហារ។

កម្មវិធីអភិវឌ្ឍជំនាញជំហ៊ានទី២ នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅខាងលើ ក្នុងការចាប់យកឱកាសការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅ ដើម្បីទទួលបានការងារសមរម្យ និងបង្កើនប្រាក់ចំណូល។

គម្រោងនឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍ លើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ក្នុងបរិបទខេត្តគោលដៅអេកូទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ៕

ប្រភព៖ ក្រសួងទេសចរណ៏

មតិយោបល់