• 2020-08-12 07:38:15
  • ព័ត៌មាន

អភិបាល ស្រុកបន្ទាយស្រី ប្រើធម៌ត្រជាក់ ក្នុងការលុបបំបាត់ អាជីវកម្មលើសត្វឆ្កែ

  • 2020-08-12 07:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាល្អណាស់ រដ្ឋបាលស្រុកបន្ទាយស្រីនឹងបន្តប្រកាន់ជំហរទន់ភ្លន់ ផ្តល់អាទិភាពទៅលើគោលការណ៍ស្ម័គ្រចិត្ត និងការណែនាំអប់រំឲ្យបញ្ឈប់ច្រើនជាងការចាប់បង្ខំ ចំពោះការធ្វើអាជីវកម្មសាច់ឆ្កែ និងការធ្វើសត្តឃាតសត្វឆ្កែ។ នេះបើយោងតាមការសរសេររៀបរាប់តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណុង។

កាលពីម្សិលមិញនេះ មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយមន្ត្រីមកពីមន្ទីរកសិកម្មខេត្តសៀមរាប ចុះត្រួតពិនិត្យកន្លែងទិញលក់សត្វឆ្កែនៅក្នុងទូទាំងស្រុកបន្ទាយស្រី និងបានសង្កេតឃើញថា កន្លែងដែលទិញលក់ធំជាងគេនៅក្នុងស្រុក (ជាកន្លែងធំជាងគេនៅក្នុងខេត្តសៀមរាបដែរនោះ) បានបញ្ឈប់ការធ្វើអាជីវកម្មរបស់ខ្លួនហើយ ប៉ុន្តែនៅសល់ចំនួន២កន្លែងទៀតដែលកំពុងធ្វើអាជីវកម្ម ហើយត្រូវបានទទួលការណែនាំសាជាថ្មីឲ្យបញ្ឈប់អាជីវកម្មផងដែរ។ មិនត្រឹមតែប៉ុននោះ រដ្ឋបាលស្រុកក៏កំពុងធ្វើការជាមួយអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) និងអង្គការ ហ្វរផរ (Four Paws) ដើម្បីរិះរកវិធីជួយសម្រួលដល់ការផ្លាស់ប្តូរមុខរបរថ្មីរបស់បងប្អូនអាជីវករក្នុងដំណាក់កាលអន្តរកាលនេះ។

លោកអភិបាលសង្ឃឹមថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាយស្រីនឹងក្លាយទៅជាស្រុកដែលគ្មានការជួញដូរសាច់ឆ្កែទាំងស្រុង និងស្តារមកវិញនូវកិត្តិនាមជាស្រុកទេសចរណ៍ដែលមានការអោយតម្លៃទៅលើអាយុជីវិត និងសុខមាលភាពរបស់សត្វឆ្កែ។

គួរបញ្ជាក់ដែរថា សូមបញ្ជាក់ថា ការលួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និងលក់សត្វឆ្កែដើម្បីយកសាច់ទៅធ្វើជាម្ហូបអាហារមានការកើនឡើងគួរអោយបារម្ភ ដែលក្នុងនោះស្រុកបន្ទាយស្រីត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងកំពុងប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុកបន្ទាយស្រី និងខេត្តសៀមរាប៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី