• 2020-09-04 02:08:00
  • ព័ត៌មាន

រដូវបុណ្យភ្ជុំ តើជូនអ្វីល្អ សម្រាប់អ្នកមានគុណ?

  • 2020-09-04 02:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​​បុណ្យ​ភ្ជុំ​បិណ្ឌ​ ប្រិយមិត្ត​ប្រហែល​ជា​រក​នឹក​ថា​តើ​គួរ​ជូន​អ្វី​ដល់​អ្នក​មាន​គុណ។ របស់​ ៤ យ៉ាង​នេះ​ ត្រូវ​បាន​ណែ​នាំ​ ដោយ​ប្រិយមិត្ត​ Sabay ផ្សេង​ទៀត។

រូបតំណាង

១. សំលៀក​បំពាក់

កញ្ញា​ ធី រ៉ា​ដេលីន​ជា​បុគ្គលិក​ក្រុម​ហ៊ុន លក់​រថយន្ត​បាន​ឱ្យ​ដឹង​ថា សំលៀក​បំពាក់​ ជា​ជា​គ្រឿង​បិត​បាំង​កាយ​ដែល​អ្នក​មាន​គុណ​ត្រូវ​ការ​ ប្រើ​ប្រាស់​រាល់​ថ្ងៃ មិន​តែ​ប៉ុណ្ណោះ​ តម្លៃ​​វា​សម​ស្រប​ទៅ​តាម​លទ្ធភាព​របស់​កូន​គ្រប់​គ្នា។

« ពេល​ដែល​គាត់​ស្លៀក​ខោ​អាវ​ដែល​យើង​ទិញ​ជូន គាត់​នឹង​នឹក​ឃើញ​ដល់​កូន​ដែល​នៅ​ឆ្ងាយ និយាយ​ទៅ ពាក់​អាវ​នឹក​ឃើញ​ម្ចាស់!»។ ដេលីន​បាន​បន្ថែម​យ៉ាង​ដូច្នេះ។

២. ថ្នាំ​សង្កូវ ឬ​ របស់​ប៉ូវ​សុខភាព

លោក រស់​ សំរេច​ ជា​បុគ្គលិក​ ឱសថស្ថាន បាន​ផ្ដល់​យោបល់​ថា ឪពុក​ម្ដាយ​ រស់​នៅ​​ឯ​ស្រុក​ឆ្ងាយ​ពី​កូនៗ ឈឺ​ថ្កាត់​យប់​ព្រលប់​ត្រូវ​តែ​មាន ដូច្នេះ​​កូន​ៗ គួរ​តែ​ទិញ​ថ្នាំ​សង្កូវ ឬ ថ្នាំ​ប៉ូវ​សុខភាព​ជូន​លោក​ទាំង​ពីរ។

« ប្រេង​កូឡា ទឹក​ត្រចៀក​កាំ ថ្នាំ​រឹត​ដៃ​ជើង ថ្នាំ​ក្ដៅ​ ថ្នាំ​ត្រជាក់​អី​ហ្នឹង គួរ​តែ​ទិញ​ជូន​ពួក​គាត់ ហើយ​​សរសេរ​អក្សរ​ដាក់​ពី​របៀប​ប្រើ​ប្រាស់​ឱ្យ​ត្រឹម​ត្រូវ​កុំ​ឱ្យ​ ពួក​គាត់​ប្រើ​ខុស! សំខាន់​ណាស់​ រឿង​ថ្នាំ​បង្ការ​ បឋម​ហ្នឹង»។ លោក​ សំរេច​បាន​បន្ថែម។

កញ្ញា ហៀង ចំរើន បាន​ប្រាប់​ថា កូន​ៗ ក៏​គួរ​តែ​ទិញ ម៉ាស៊ីន​ម៉ាស្សា​ សម្រាប់​ពួក​គាត់​ប្រើប្រាស់​ពេល​ឈឺ​ឆ្អឹង​ ឈឺ​ឆ្អែង​យប់​ព្រលប់។ « តម្លៃ​វា​​រាង​ក្រែល បន្តិច​ តែ​បើ​​មាន​លទ្ធភាព​គួរ​តែ​ទិញ!»។ ចំរើន​បាន​បញ្ជាក់។

៣. ចំណី​អាហារ

លោក​គ្រូ ម្នាក់​ ​ឯក​ទេស ពលរដ្ឋ​វិជ្ជា​ថ្នាក់​ទី​ ៩ បាន​​ផ្ដល់​យោបល់​ថា ចំណី​អាហារ​ជា​បច្ច័យ​ទី ១ ក្នុង​បច្ច័យ​ទាំង​បួន​ មាន​ឈ្មោះ​ថា បិណ្ឌបាត​បច្ច័យ សំដៅ​លើ​ចំណី​អាហារ​ បើ​កូន​ៗ​ អាច​ធ្វើ​បាន​គឺ​ល្អ​ប្រពៃ​​​ណាស់ ហើយ​វា​ជា​ស្បៀង​ដែល​ត្រូវ​ការ​ជាង​គេ។ « ចំណី​អាហារ​ហ្នឹង​មាន ត្រី​ងៀត​ ត្រី​ឆ្អើរ​គ្រឿង​ទុក​បាន​យូរ បាយ​សម្ល​អី​ហ្នឹង​ជូន​គាត់! ឬ​ក៏​ធ្វើ​ ឬ ទិញ​​​​​ម្ហូប​​ណា​ប្លែក​ដែល​គាត់​មិន​ដែល​ពិសា​​ ក៏​បាន​ដែរ!»។ លោក​គ្រូ​បាន​បន្ថែម។​​

៤. ថវិកា

«ស្រួល​ជាង​គេ​បំផុត​ហើយ រឿង​ជូន​លុយ​! បើ​ទិញ​អី​មិន​ទាន់​ជូន​លុយ​គាត់​ក៏​បាន​ដែរ!» នេះ​ជា​ការ​លើក​ឡើង​របស់​ កញ្ញា​ សុន មល្លិការ​ ជា​និស្សិត​វិទ្យាស្ថាន​ស៊ីតិក។ កញ្ញា​បាន​បន្ត​ទៀត​ថា​ ការ​ជូន​លុយ​កាក់​ បាន​ផ្ដល់​​​ជម្រើស​​ឱ្យ​លោក​ទាំង​ពីរ​ច្រើន ទោះ​គាត់​ចង់​ពិសា​អី ទិញ​អ្វី ឬ​ ប្រើ​ប្រាស់​សម្រាប់​បុណ្យ​ទាន​​​ក៏​បាន​៕

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ?

អត្ថបទ៖ ណេងណេង

មតិយោបល់