• 2020-09-16 07:24:32
  • ព័ត៌មាន

ដឹង​ទេ​ថា​ ពាក្យ​ "Kampuchea'' ប្រើ​ជា​នាម​ផ្លូវការ​របស់​កម្ពុជា​យើង​ដំបូង​នៅ​ពេល​ណា​ទេ?

  • 2020-09-16 07:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​អ្នក​អាន​ ប្រាកដ​ជា​ជ្រាប​ហើយ​ថា ឈ្មោះ​ផ្លូវការ​ជា​ភាសា​អង់គ្លេស​របស់​ប្រទេស​យើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ "Cambodia'' ប៉ុន្តែ​យើង​ក៏​ធ្លាប់​បាន​ប្រើប្រាស់​ឈ្មោះ​ភាសា​អង់គ្លេស​ជសំនៀង​ខ្មែរ ''Kampuchea'' មួយ​រយៈ​ធំ​ដែរ​ កាល​ពី​អតីតកាល។

ឈ្មោះ​ Kampuchea នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​នាម​ផ្លូវការ​របស់​ប្រទេស​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩។ ក្រោយ​ពេល​ដែល​របប​ព្រៃផ្សៃ​នេះ​ដួល​រលំ​ទៅ Kampuchea នៅ​តែ​ជា​ឈ្មោះ​ភាសា​អង់គ្លេស​របស់​ប្រទេស​កម្ពុជា​គ្រប់​ភាគី​អំឡុង​ទសវត្ស​ឆ្នាំ១៩៨០ ដោយ​ទាំង​រដ្ឋាភិបាល​រដ្ឋធានី​ភ្នំពេញ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ក៏​ប្រើ​ពាក្យ​នេះ ហើយ​រដ្ឋាភិបាល​ត្រីភាគី​ក៏​ប្រើប្រាស់​ពាក្យ​នេះ​ដែរ។

លោក អៀង សារី ក្នុង​វេទិការ​អង្គការសហប្រជាជាតិ​កាល​នៅ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កម្ពុជា​ប្រជាធិបតេយ្យ
  • ឈ្មោះ​ផ្លូវការ​ជា​ភាសា​អង់គ្លេស​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​គឺ People's Republic of Kampuchea ដែល​មាន​ពាក្យ​កាត់​ថា PRK

  • ឈ្មោះ​ផ្លូវការ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋាភិបាល​ត្រីភាគី Coalition Goverment of Democratic Kampuchea ដែល​មាន​ពាក្យ​កាត់​ថា CGDK

យ៉ាងណាមិញ Kampuchea ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​មុន​សម័យ​សង្គ្រាម​ស៊ីវិល​ ជាង ៣០ឆ្នាំ​ឯណោះ។ នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ១៩៤៥ ពោល​គឺ​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ប្រទេស​កម្ពុជា​ ក្រោម​រាជ្យ​របស់​សម្ដេច​នរោត្ដម សីហនុ បាន​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​បារាំង។

ក្នុង​សៀវភៅ​ ប្រវត្តិសាស្ត្រ​កម្ពុជា (A History of Cambodia) ដោយ​ប្រវត្តិវិទូ បណ្ឌិត David Chandler សម្ដេច​សីហនុ បាន​ផ្លាស់​ឈ្មោះ​អន្តរជាតិ​របស់​ប្រទេស​ពី​ Cambodge ទៅ​កាន់​ Kampuchea ហើយ​នាម​ផ្លូវការ​គឺ Kingdom of Kampuchea។ ការ​ប្រើ​ឈ្មោះ Kampuchea នេះ​ ជា​សញ្ញា​មួយ​នៃ​ជាតិនិយម ខណៈ​នៅ​សម័យ​អាណានិគម​ ពួក​បារាំង​បាន​ព្យាយាម​ធ្វើ​រ៉ូម៉ាំងនីយកម្ម​អក្សរសាស្ត្រ (ការ​ប្រើប្រាស់​ភាសា​បារាំង​ក្នុង​រាជការ និង​ការ​ប៉ុនប៉ង​ប្ដូរ​មក​អក្សរ​ឡាតាំង)។

យ៉ាងណាក៏ដោយ ក្រោយ​ពេល​បរាជ័យ​របស់​កងទ័ព​អធិរាជ​ជប៉ុន​នៅ​សង្គ្រាមលោក​ ហើយ​ការ​វិល​ត្រលប់​របស់​ពួក​អាណានិគម​បារាំង ឈ្មោះ​ Kampuchea នេះ​ត្រូវ​បាន​ផ្លាស់​មក Cambodge វិញ។

ក្រោយ​​ទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ១៩៥៣ កម្ពុជា​មាន​នាម​ផ្លូវការ​ជា​ភាសា​អង់គ្លេស​ Cambodia រហូត​មក​ដល់​សម័យ​សង្គ្រាម​ស៊ីវិល​អំឡុង​ទសវត្ស ១៩៧០ និង​ ១៩៨០៕

សម្ដេចនរោត្ដម សីហនុ កាល​ពី​ទសវត្ស​ ១៩៤០

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់