• 2020-09-23 04:06:49
  • ព័ត៌មាន

លឹម ចាន់ណារិទ្ធ បង្ហើបប្រាប់ពីគន្លឹះ ដែលគាត់អាចក្លាយជាមុខព្រួញ នៃក្រុមហ៊ុនលំដាប់អន្តរជាតិ AMAZON របស់អាមេរិច

  • 2020-09-23 04:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនខ្មែរ មួយរូបទៀតហើយ ដែលឈរនៅលើឆាកអន្តរជាតិ បង្ហាញពីសមត្ថភាព របស់ខ្លួន ទៅកាន់បរទេស រហូតក្លាយជាមុខព្រួញ របស់ក្រុមហ៊ុនយក្ស នៅអាមេរិច។

បុរសសង្ហា វ័យ២៥ឆ្នាំ លោក លឹម ចាន់ណារិទ្ធ បង្ហើបប្រាប់ ពីគន្លឺះ ជោគជ័យ នៅក្នុងជីវិតសិក្សា និងការងារ របស់លោកថា កត្តាដែលធ្វើអោយលោកក្លាយជា មុខព្រួញ នៃការចាប់អារម្មណ៌ សម្រាប់ក្រុមហ៊ុនលំដាប់ពិភពលោក របស់អាមេរិច ដោយសារតែបទពិសោធន៍សិក្សា និងភាពជាអ្នកដឹកនាំរបស់លោក ព្រោះសម្រាប់ក្រុមហ៊ុនលំដាប់ពិភពលោកដូចជា Amazon ចាប់អារម្មណ៍លើបេក្ខជនដែលមានទេពកោសល្យនិងការច្នៃប្រឌិតខ្ពស់សម្រាប់ការកាន់តំណែងជាអ្នកដឹកនាំ។

លោកបានរឭក ពីអតីតភាពរបស់លោកថា ខ្ញុំចាំបានថា ខ្ញុំមានតែលុយ ១ ដុល្លារប៉ុណ្ណោះនៅក្នុងហោប៉ៅ ពេលខ្ញុំមកដល់អាមេរិក ប៉ុន្តែយ៉ាងណាមិញ គោលបំណងនៃការចង់ស្វែងរកចំណេះដឹងបន្ថែមដើម្បីជួយគ្រួសារ និង វិលត្រឡប់មកមាតុភូមិវិញដើម្បីអភិវឌ្ឍប្រទេសនាពេលអនាគត បានជម្រុញរូបលោក អោយខិតខំប្រឹងប្រឺង រហូតមានថ្ងៃនេះ។ លោកមិនត្រឹមតែសិស្សពូកែនៅក្នុងសាលាប៉ុននោះទេ លោកក៏បានក្លាយជាអ្នកតំណាងនិស្សិតរាប់ពាន់នាក់នៅសាកលវិទ្យាល័យហើយដើរតួជាសំលេងរបស់ពួកគាត់ក្នុងការដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងសាលា ដែលពេលនោះលោកគឺជាជនជាតិអាស៊ីនិងជនជាតិកម្ពុជាដំបូងគេដែលកាន់តំណែងខ្ពស់បែបនេះ។ លើសពីនេះ លោកបានទទួល ឱកាសធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានកិច្ចសន្យាជាមួយក្រសួងការពារជាតិនៃសហរដ្ឋអាមេរិកដែលមានទឹកប្រាក់សរុបរាប់ពាន់លានដុល្លារផងដែរ និងទទួលបានអាហារូបករណ៍ពេញដើម្បីសិក្សាថ្នាក់អនុបណ្ឌិត ដោយមិនចាំបាច់ចំណាយសូម្បីតែ ១ សេន។ គួរបញ្ចាក់ជាថ្មីដែរថា ដោយសារតែឧត្តមភាពសិក្សានិងបទពិសោធន៍ការងាររបស់លោក បានធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅអាមេរិក Amazon ជ្រើសរើសដើម្បីគ្រប់គ្រងផ្នែកប្រតិបត្ដិដែលមានបុគ្គលិករាប់រយនាក់នៅក្រោមការដឹកនាំរបស់លោកផ្ទាល់។

គោលដៅរយៈពេលវែងរបស់លោក គឺត្រលប់ទៅប្រទេសកម្ពុជាដើម្បីអភិវឌ្ឍប្រទេសរបស់យើងចំណេះដឹង និង បទពិសោធន៍ទាំងអស់ដែលខ្ញុំមាន ខ្ញុំនឹងនាំត្រឡប់មកមាតុភូមិវិញក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ដើម្បីជួយអភិវឌ្ឍប្រទេស ហើយក្តីសុបិន្តរបស់ខ្ញុំគឺចង់បង្កើតក្រុមហ៊ុនដែលអាចផ្តល់ការងារដល់កូនខ្មែរដែលមានទេពកោសល្យនៅទូទាំងប្រទេស។ លើសពីនេះទៅទៀត លោកចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសបន្ថែមទៀតដល់សិស្សនិស្សិតខ្មែរដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព។ លោកក៏មិនភ្លេចផ្តាំផ្ញើ ដល់យុវជនក្រោយៗដែរថា សូមដើរតាមក្តីស្រមៃរបស់ខ្លួន កុំបោះបង់ចោល ទោះបីជាមានរឿងអ្វីក៏ដោយ

យ៉ាងណាមិញ ទោះបីជារវល់ជាមួយការងារ កម្រឹតណាក៏ដោយ លោកក៏មិនបានបិទផ្លូវ ចំពោះបញ្ហាគូរស្រករនោះទេ គ្រាន់តែពេលនេះ លោកមិនទាន់បានជួបនារីដែលត្រូវចិត្ត តែលោកក៏មិនភ្លេចបង្ហើបប្រាប់ Sabay ថា នារីដែលលោក នឹងជ្រើសជាគូរអនាគត គឺនារីដែលចេះស្រឡាញ់ក្រុមគ្រួសារនិងគោរពចាស់ទុំ អាចជឿទុកចិត្តបាន មានចក្ខុវិស័យវែងឆ្ងាយ ហើយជាមនុស្សដែលមានចិត្តល្អពិតប្រាកដ៕

អត្ថបទ៖​ Art

មតិយោបល់