• 2020-09-25 08:04:35
  • ព័ត៌មាន

សម្រស់ធម្មជាតិ នៅតំបន់ព្រះរំកិល ខេត្តស្ទឹងត្រែង គ្រាន់តែឃើញតាមវីដេអូក៏រំភើបដែរ!

  • 2020-09-25 08:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍អេកូទេសចរណ៍ព្រះរំកិល គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ់មួយកន្លែង ជាប់ដងទន្លេមេគង្គ ខេត្តស្ទឹងត្រែង។ ដើម្បីទៅកម្សាន្តនៅសហគមន៍ទេសចរណ៍ព្រះរំកិល យើងត្រូវធ្វើដំណើរចេញពីទីរួមខេត្តស្ទឹងត្រែង ប្រមាណ ៧០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ជាប់ព្រំដែនឡាវ។

បង្កើតឡើងនៅឆ្នាំ២០០២ សហគមន៍អេកូទេសចរណ៍ព្រះរំកិល បានទាក់ទាញចិត្តភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិជាច្រើនឲ្យមកទស្សនាកម្សាន្ត តាមរយៈទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត និងសត្វស្លាបកម្រច្រើនប្រភេទដែលតាំងទីលំនៅនៅទីនេះ។

តាមរយៈការជិះទូកកម្សាន្តនេះដែរ ភ្ញៀវទេសចរ​អាចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ មុននឹងចុះងូតទឹកលេងកម្សាន្តកោះខ្សាច់នានាជាច្រើន។ ភ្ញៀវទេសចរ​ដែលបានលេងទឹកអស់ចិត្តហើយ អាចបន្តដំណើរតាមទូកឆ្ពោះទៅកាន់អន្លង់ឈើទាល។ អន្លង់ឈើទាល គឺជាចំណុចទាក់ទាញពិសេសនៃតំបន់អេកូទេសចរណ៍ព្រះរំកិល ដោយសារតែនៅទីនេះមានសត្វផ្សោតទន្លេមេគង្គរស់នៅ។ បច្ចុប្បន្នអន្លង់ឈើទាល មានចំនួនសត្វផ្សោតត្រឹម ៣ក្បាលប៉ុណ្ណោះ។

បន្តដំណើរចេញពីអន្លង់ឈើទាល យើងអាចបន្តដំណើរទៅមើលថ្ងៃលិចនៅជ្រោះព្រះនិមិត្តដែលនៅក្បែរនោះ។ ជ្រោះព្រះនិមិត្ត ឬល្បាក់ខោន គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរកាត់ផ្ទាំងសិលាយក្ស បង្កើតបានជាផ្ទាំងទស្សនិយភាពដ៏ល្អគាប់ភ្នែក ដែលនរណាឃើញហើយ ក៏ទ្រាំមិនសរសើរមិនបាន។

តំបន់អេកូទេសចរណ៍ព្រះរំកិល មិនត្រឹមតែជាកន្លែងសម្រាកលំហែដ៏ស័ក្តិសមឥតខ្ចោះសម្រាប់ភ្ញៀវទេសចរ​ដែលស្រលាញ់ធម្មជាតិប៉ុណ្ណោះទេ ផ្ទះសំណាក់ជាច្រើនត្រូវបានរៀបចំទទួលភ្ញៀវទេសច​ប្រកបដោយសុខុមាលភាពខ្ពស់។ បន្ទាប់ការដើរកម្សាន្តហត់នឿយពេញមួយថ្ងៃ យើងជឿថាគ្មានអ្វីពិសេសជាងការទទួលអាហារដែលចម្អិនយ៉ាងផ្ចិតផ្ចង់ មុនពេលចូលដំណេកនោះឡើយ។

ចង់ដឹងថាសហគមន៍ទេសចរណ៍ព្រះរំកិលស្អាតយ៉ាងណានោះ សូមទស្សនាវីដេអូពីកម្មវិធីផ្លូវទៅស្រុក វគ្គ ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម