• 2020-09-28 06:49:33
  • ព័ត៌មាន

ប្រាសាទចៅស្រីវិបុល ធ្លាប់ជាទីតាំងសមរភូមិ ក្នុងសម័យសង្គ្រាម

  • 2020-09-28 06:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទចៅស្រីវិបុល ត្រូវបានកសាងឡើងក្នុងអំឡុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ តាមរចនាបថឃ្លាំង និងបច្ចេកទេសសំណង់ប្រហាក់ប្រហែលទៅនឹង ប្រាសាទភ្នំជីសូរ្យ វត្តបាសែត និងវត្តឯកភ្នំ។

ប្រាសាទនេះ រងការខូចខាតច្រើនអន្លើ ដោយសារសង្រ្គាម ដែលប្រើប្រាស់ប្រាសាទជាទីតាំងសមរភូមិ និងកត្តាមនុស្សលួចគាស់កកាយរកវត្ថុមានតម្លៃជាដើម។ ម្យ៉ាងទៀត ដោយសារអាយុកាលរបស់ប្រាសាទ និងដើមឈើធំៗដុះឫសជ្រែកថ្មបណ្តាលឲ្យប្រាសាទដួលរលំ។ ចាប់ពីឆ្នាំ២០០៧មក អាជ្ញាធរជាតិអប្សរា បានថែទាំអភិរក្ស ដោយផ្តោតទៅលើការងារទល់ទ្រ ការទប់ស្កាត់ការដួលរលំបន្ត និងការរៀបចំធ្វើផែនទីហានិភ័យ ដើម្បីតាមដានស្ថានភាពគ្រោះថ្នាក់នៃប្រាសាទនេះជាប្រចាំ។

ប្រាសាទចៅស្រីវិបុល ស្ថិតនៅលើកំពូលភ្នំតូចមួយ កម្ពស់ប្រហែល ៦០ម៉ែត្រ។ ប្រាសាទនេះ មានប្រាង្គបី និងមានកំពែងពីរជាន់។ កំពែងទី១ ធ្វើពីថ្មបាយក្រៀម មានទ្វារចេញចូលគ្រប់ទិសទាំងបួន។ ឯជាន់ទី២ ធ្វើពីថ្មភក់ មានគោបុរៈបួនតាមទិសនីមួយៗ។ ប្រាង្គពីរដែលជាបណ្ណាល័យ បែរមុខទៅទិសខាងលិច ឯប្រាង្គសំខាន់មួយនៅកណ្ដាល បែរមុខទៅទិសខាងកើត។

ទោះជាស្ថិតនៅលើភ្នំក៏ពិតមែន ប្រាសាទនេះក៏មានកសិន្ធុទឹកព័ទ្ធជុំវិញ ដែលមានបណ្ដោយទំហំ ១.៥គីឡូម៉ែត្រ ទទឹង ១គីឡូម៉ែត្រ។ ប្រាសាទចៅស្រីវិបុល ស្ថិតនៅភាគខាងកើតក្រុងអង្គរ ចម្ងាយប្រហែល៤០គីឡូម៉ែត្រ និងនៅភាគខាងជើង ប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ៦៧ ចេញពីផ្លូវជាតិលេខ៦ទៅទិសខាងជើង ប្រមាណជា១២គីឡូម៉ែត្រ គឺនៅក្នុងភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ

មតិយោបល់