• 2020-09-29 04:08:54
  • ព័ត៌មាន

កាន់តែស្រួល! អតិថិជន​ធនាគារ ហ្វីលីព អាច​ទូទាត់ប្រាក់កម្ចីតាមវីងបានហើយ!

  • 2020-09-29 04:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាសមាជិកនៃ ក្រុមហ៊ុនហ្វីលីពកាពីតាល់គ្រុប មានទីស្នាក់ការនៅប្រទេសសិង្ហបុរី បានចាប់ដៃគូជាផ្លូវការដើម្បីផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាពក្នុងទូទាត់ប្រាក់កម្ចី តាមរយៈប្រព័ន្ធហិរញ្ញវត្ថុវីង។

តាមរយៈភាពជាដៃគូនេះអតិថិជនធនាគារ ហ្វីលីព ឥឡូវនេះអាចធ្វើការទូទាត់សងប្រាក់កម្ចីតាមរយៈបណ្តាញភ្នាក់ងារវីងដែលមានជាង ៨ ០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលអាចឲ្យពួកគាត់សន្សំសំចៃពេលវេលា និងថវិកា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា៖ “ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលអាចជួយពួកគេអភិវឌ្ឍន៍និងកសាងអនាគតដ៏ប្រសើរ។ ខ្ញុំពិតជារីករាយដែលយើងអាចផ្តល់នូវដំណោះស្រាយទូទាត់ប្រាក់ទាំងនេះដើម្បីជួយប្រជាជនក្នុងកំឡុងពេលមានជំងឺកូវីដ១៩នេះ”។

ក្នុងរយៈពេល១២ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបើកដំណើរការនៅកម្ពុជា វីងបានស្វែងរកវិធីថ្មីៗដើម្បីបង្កើតឱកាសដើម្បីជំរុញបរិយាប័ន ហិរញ្ញវត្ថុតាមរយៈការកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។

“តាមរយៈកិច្ចសហការជាដៃគូនេះ អតិថិជនរបស់ធនាគារ ហ្វីលីព ទទួលបានភាពងាយស្រួលមួយកម្រិតទៀតក្នុងការទូទាត់កម្ចីមកកាន់ធនាគារ ដោយមិនចាំបាច់មានធ្វើដំណើរមកដល់សាខាធនាគារផ្ទាល់។” នេះជាប្រសាសន៍របស់លោក Han Peng Kwang អគ្គនាយករងធនាគារ ហ្វីលីព។ លោកបានបន្ថែមទៀតថា “ភាពជាដៃគូនេះ នឹងជួយជម្រុញបន្ថែមទៀតដល់គោលដៅរបស់ធនាគារក្នុងការផ្តល់ជូនផលិតផលនិងសេវាកម្មបែបឌីជីថលដល់អតិថិជនគ្រប់គ្នា រាប់ចាប់ពីអតិថិជនអាជីវកម្មខ្នាតតូច រហូតដល់ឯកត្តជន ក៏ដូចជាអតិថិជនអាជីវកម្មខ្នាតតូច និង មធ្យម និង សាជីវកម្មធំៗ។”

ទាំងធនាគារឯកទេសវីង និងធនាគារ ហ្វីលីព សុទ្ធតែមានចក្ខុវិស័យដូចគ្នាក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថលដើម្បីលើកកម្ពស់កម្រិតជីវភាពសហគមន៍ដែលពួកគេបម្រើការ។ ធនាគារ ហ្វីលីព បម្រើអតិថិជនជាង ១០ ម៉ឺននាក់ដែលជាង ៩០ ភាគរយជាជនជាតិខ្មែរ។ វីងបានបង្កើតនូវផលិតផលឌីជីថលប្រកបដោយភាពច្នៃប្រឌិតដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដោយអនុញ្ញាតឱ្យពួកគេផ្ញើប្រាក់ និងប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់ទូរស័ព្ទចល័តនិងសេវាកម្មសាមញ្ញនៅតាមភ្នាក់វីង ។

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៨០០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។

វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com

អំពីធនាគារ ហ្វីលីព ភីអិលស៊ី

ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ ក្រោមអាជ្ញាប័ណ្ណ ហ័ង ឌីប៊ីអេស និងបានប្រែក្លាយជាឈ្មោះ ធនាគារ ហ្វីលីព កាលពីឆ្នាំ ២០១៤ ពេលដែលក្រុមហ៊ុនហ្វីលីពកាពីតាល់គ្រុបទិញយកទាំងស្រុង។ ធនាគារផ្តល់ជូនសេវាកម្មនិងផលិតផលហិរញ្ញវត្ថុយ៉ាងសំបូរបែបនិងគ្រប់លំដាប់រាប់ចាប់ពី សាជីវកម្មធំៗ អាជីវកម្មខ្នាតតូច និងមធ្យម អាជីវកម្មតូចៗ និង ឯកត្តជន ។ ធនាគារជាសមាជិករបស់ ក្រុមហ៊ុនហ្វីលីពកាពីតាល់គ្រុប ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៥ និង មានស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី ។ រហូតដល់បច្ចុប្បន្ន ហ្វីលីពកាពីតាល់គ្រុប បានបម្រើជូនសេវាកម្មហិរញ្ញវត្ថុដែលពេញលេញនិងទំនើបដល់អតិថិជនគ្រប់លំដាប់ចាប់ពីឯកត្តជន សាជីវកម្ម និង គ្រឹះស្ថាននានា នៅជាង១៥ប្រទេស។

ធនាគារ ហ្វីលីព បានគួបបញ្ចូលគ្នាជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រេឌីតកាលពីដើមឆ្នាំ ២០២០នេះ។ បន្ទាប់ពីការគួបបញ្ចូលនេះ ធនាគារមានវិសាលភាពស្ទើរពេញផ្ទៃប្រទេស ពោលគឺមានសាខាចំនួន៨៩សាខាដែលអាចចាត់ថាជាធនាគារដែលមានសាខាច្រើនជាងលំដាប់ទី៣នៅកម្ពុជា។ ធនាគារ ហ្វីលីព បាននិងកំពុងផ្តល់ជូនផលិតផលនិងសេវាកម្មធនាគារបែបឌីជីផល និង តម្រង់ទិសទៅរកស្តង់ដារអន្តរជាតិនៃសេវាកម្មធនាគារជូនដល់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ: https://www.phillipbank.com.kh

មតិយោបល់