• 2020-10-13 01:59:23
  • ព័ត៌មាន

គួរអោយសរសើរ! ជប៉ុន ផ្តល់គ្រឿងចក្រ សម្រាប់សាងសង់ផ្លូវ ចំនួន ១៥គ្រឿង ដែលជាជំនួយឥតសំណង មកកម្ពុជា

  • 2020-10-13 01:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុនបានផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន១៥គ្រឿង ក្នុងតម្លៃទឹកប្រាក់ ៥០០ លានយ៉េនជប៉ុន ស្មើនឹង ប្រមាណ ៤,៥ លានដុល្លារអាមេរិក តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Marubini Protechs (TBC) ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធផងដែរ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមានសក្ដានុពលជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍកម្ពុជា។ ជំនួយសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុប ២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ អាមេរិក ស្ពានគីហ្សូណា និងស្ពានត្សឹបាសាប្រវែងសរុប ៣៥៧៥ ម៉ែត្រ ចំណាយថវិកាប្រមាណ១៨៦ លានដុល្លារអាមេរិក និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈ ឯកឧត្តមឯកអគ្គរាជទូត MIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់សាងសង់ ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែអន្តរជាតិ សម្រាប់ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

គម្រោងផ្តល់ជំនួយនេះមានឈ្មោះថា ជំនួយឥតសំណងតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្គត់ផ្គង់ដោយក្រុមហ៊ុនគ្រឿងចក្រ Marubini Protechs ក្នុងតម្លៃទឹកប្រាក់៥០០លានយ៉េនជប៉ុន ស្មើនឹងប្រមាណ៤,៥ លានដុល្លារអាមេរិក ដែលរួមមាន៖ គ្រឿងចក្រចំនួន១៥ គ្រឿងគឺ៖ Road Stabilizer & Accessories (3 Units), Vibratory Single Drum Roller with CANOPY Stay (3 Units), Pneumatic Tire Roller (3 Units), Vibratory Tandem Roller (3 Units), Walk-behind Roller (3 Units), និង Spare Parts & Consumables ផងដែរ។

ការប្រើប្រាស់ម៉ាស៊ីន Stabilizer មានប្រយោជន៍យ៉ាងខ្លាំងក្នុងការកាត់បន្ថយ ចំណាយលើការថែទាំផ្លូវ បើប្រៀបធៀបនឹងមធ្យោបាយធម្មតា ពោលគឺចំណាយពេលខ្លីក្នុងប្រតិបត្តិការសាងសង់ពុំសូវមានការបំពុលបរិស្ថាន (ការហុយធូលីក្នុងពេលសាងសង់) ផ្លូវអាចប្រើប្រាស់បានយូអង្វែង បន្ទាប់ពីទទួលបានការពង្រឹងដោយប្រើម៉ាស៊ីន Stabilizer។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្តេជ្ញានាំយកគ្រឿងចក្រទាំងនេះទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវនានា ជាពិសេសគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាបដែលប្រមុខរាជរដ្ឋាភិបាលទើបតែបាន អនុម័តកាលពីពេលថ្មីៗកន្លងទៅនេះ ឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ តាម គោលការណ៍ និងចក្ខុវិស័យក្នុងការសាងសង់ផ្លូវឱ្យបានជាប់ រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ ជប៉ុនកំពុងផ្ដល់ជំនួយឥត សំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ដែលសាងសង់ស្ពានចំនួន ៧កន្លែងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ ៣៥លានដុល្លារ អាមេរិក និងផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្នុងទំហំថវិកាប្រមាណ៥០០លានដុល្លារ អាមេរិកផងដែរ៕

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

មតិយោបល់