• 2020-10-22 06:45:29
  • ព័ត៌មាន

ទឹកប្រាក់បរិច្ចាគ ៤ម៉ឺនដុល្លារពីមូលនិធិគ្រោះទឹកជំនន់ Smart Axiata បានជួយអ្នករងគ្រោះទឹកជំនន់នៅបន្ទាយមានជ័យ និងបាត់ដំបង

  • 2020-10-22 06:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata កាលពីសប្ដាហ៍មុនថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០។ នៅពេលនេះ ខាងក្រុមហ៊ុន បានចាប់ផ្ដើមប្រើប្រាស់ថវិកា ដែលមានការចូលរួមពីក្រុមហ៊ុនផ្ទាល់ និងការបរិច្ចាគពីអតិថិជនរបស់ខ្លួនផង។ ដើម្បីចែកចាយកញ្ចប់អាហារ ដល់គ្រួសារចំនួន ២ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

កញ្ចប់អាហារ រួមមានសរុប អង្គរ ២០ តោន មីកេស ត្រីខកំប៉ុង និងទឹកស៊ីអ៉ីវ ដែលបានផ្ដល់ជូនគ្រួសារទៅខេត្តទាំងពីរ អាចធ្វើបានដោយសារចិត្តសប្បុរស របស់អតិថិជនក្រុមហ៊ុន Smart ក្នុងការចួលរួមបរិច្ចាគ ដល់មូលនិធិសង្រ្គោះទឹកជំនន់ ដែលត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Smart Axiata កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។

អតិថិជនអាចបន្តគាំទ្រដល់អ្នករងគ្រោះដោយសារទឹកជំនន់ ដោយគ្រាន់តែចុច * 2020 *50# និង * 2020 *100# ហើយចុចបញ្ចូនលើទូរសព្ទដៃជាការស្រេច។ ដើម្បីបរិច្ចាគ 50 សេន ឫ ១ ដុល្លារ ចំពោះថវិកាបរិច្ចាគទៅកាន់មូលនិធិនេះ ក្រុមហ៊ុន Smart បានចូលរួមបរិច្ចាគស្មើនឹងចំនួនដែលអតិថិជនបរិច្ចាគដែរ រហូតដល់ ២០ ម៉ឺនដុល្លារ។ ចាប់តាំងពី មូលនិធិត្រូវបានប្រកាស ក្រុមហ៊ុន Smart ទទួលបានថវិកាចំនួន ២ ម៉ឺនដុល្លារ ដែលជាថវិការៃអង្គាសពីអតិថិជនរបស់ខ្លួនផង និងក្រុមហ៊ុន ដាក់បញ្ចូលថវិកាចំនួន ២ ម៉ឺនដុល្លារផងដែរ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «លំហូរនៃការគាំទ្រ និងសាមគ្គីភាពក្នុងរយៈពេលប៉ុន្នានថ្ងៃចុងក្រោយនេះ ពិតជាគួរឱ្យស្ញប់ស្ញែងណាស់។ សាមគ្គីភាពរបស់អតិថិជនជំរុញឱ្យយើងបន្តសកម្មភាពសប្បុរស និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថាថវិកាដែលបានបរិច្ចាគពីអតិថិជនរបស់យើងនឹងទៅដល់ជនរងគ្រោះ ដែលកំពុងត្រូវការជំនួយទាំងអស់នេះបំផុត។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ចាប់តាំងពីទឹកជំនន់ផ្ដើមក្នុងប្រទេសកម្ពុជា បុគ្គលិកក្រុមហ៊ុន Smart បានធ្វើការយ៉ាងសកម្ម ហើយនៅពេលខ្លះពួកគេក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ ដើម្បីធានាឲ្យបានថាប្រព័ន្ធទូរសព្ទចល័ត និងអ៉ីនធឺណិតមិនត្រូវបានរំខាន។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ ដែលបានបំពេញការងារហួសពីការរំពឹង ក្នុងពេលវេលាដ៏លំបាកនេះ ដើម្បីផ្តល់នូវគុណភាពបណ្តាញ ដែលចាំបាច់សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយ អ្នករងគ្រោះដោយសារទឹកជំនន់ នាពេលនេះ។»

បើយោងតាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ នៅតែបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទោះបីកម្រិតទឹកបានស្រកចុះទៅវិញនៅតាមបណ្តាខេត្តជិតខាង និងនៅទូទាំងប្រទេសកម្ពុជា ក៏ដោយ។ យ៉ាងហោចណាស់ ប្រជាពលរដ្ឋ ១៥ នាក់ ក្នុងខេត្តបន្ទាយមានជ័យស្លាប់ ដោយសារគ្រោះទឹកជំនន់។ ហើយហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្ទះសម្បែង មណ្ឌលសុខភាព សាលារៀន និងផ្លូវថ្នល់ ត្រូវបានខូចខាត។

ឯកឧត្ដម គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ ភូមិទាំងប្រាំមួយនៅក្នុងឃុំថ្មពួក ព្រមទាំងគ្រួសារចំនួន បួនពាន់គ្រួសារបានរងប៉ះពាល់ដោយគ្រោះធម្មជាតិនេះ។ មូលនិធិសង្រ្គោះទឹកជំនន់ គឺជាសកម្មភាពដែលល្អមួយ ហើយបានបង្ហាញនូវសារៈសំខាន់នៅការផ្សារភ្ជាប់រវាងស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ជាពិសេសក្នុងគ្រាអាសន្ន។ កញ្ចប់អាហារដែលបានបរិច្ចាគថ្ងៃនេះ បូកបន្ថែមជាមួយនឹងអំណោយរបស់ស្ថាប័នផ្សេងទៀតនឹងជួយកាត់បន្ថយការពិបាករបស់ប្រជាជន។

លោកស្រី ហួន សាលី ពលរដ្ជរងគ្រោះទឹកជំនន់ក្នុងស្រុកសង្កែ ខេត្តបាត់ដំបងបានថ្លែងថា៖ ”កញ្ចប់អាហាររបស់មូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុនស្មាត គឺពិតជាបានជួយគាត់ និងគ្រប់គ្រួសារក្នុងពេលលំបាកនេះ។ គាត់ពិតជាមានភាពត្រេកអរណាស់សម្រាប់ជំនួយ របស់ក្រុមហ៊ុនស្មាត និងអតិថិជនរបស់ស្មាតផងដែរ ដោយសារតែផ្ទះរបស់គាត់ត្រូវបានបំផ្លាញដោយទឹកជំនន់ ហើយគាត់ត្រូវបានជំលៀសទៅទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្ន។”

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

មតិយោបល់