• 2020-10-27 07:35:38
  • ព័ត៌មាន

សភាពាណិជ្ជករអន្ដរជាតិកម្ពុជា ចុះធ្វើសកម្មភាពមនុស្សធម៌ចែកស្បៀង នៅខេត្តកំពង់ស្ពឺ

  • 2020-10-27 07:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១ ៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ សភាយុវពាណិណជ្ជករអន្ដរជាតិម្ពុជា ដែល Sabay ទើបទទួលបាន​មុននេះ។

ខ្លឹមសារ​នៃសេចក្ដីប្រកាសបាន​ឲ្យ​ដឹង​ទៀតថា កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុង សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមរយ:គម្រោងមនុស្សធម៌នេះ JCI Cambodia បាននាំយកនូវស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហមប្រចាំខេត្តកំពង់ស្ពឺផងដែរ។

គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹងកំពុងប្រឈមជាមួយនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្តមួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធានជាច្រើនទៀត បណ្តាលឲ្យខ្វះខាតនូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាត និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយនូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរជាជំនួយថវិការសប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុង និងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គីជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះ យើងបានប្រមូល ឬកៀងគរនូវថវិការបានចំនួនសរុបប្រមាណ ៣៥,០០០ដុល្លារសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភសប្បុរសធម៌លើកទី១នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាមប្រសាសន៍របស់ លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

ក្នុងកម្មវិធី ចុះចែកអំណោយសប្បុសធម៌ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជាសាខា ខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋរបស់យើងផងដែរ។

សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណញមួយដែលប្រមួលផ្តុំដោយពាណិជ្ជករវ័យក្មេងអាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្តចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមានជាច្រើននៅក្នុងសង្គម។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់