• 2020-11-13 10:52:46
  • ព័ត៌មាន

លម្អិតរបាយការណ៍ Smart Axiata ប្រចាំឆ្នាំ ២០១៩ ចំណងជើង “បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍”

  • 2020-11-13 10:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយរបាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួនដែល ឆ្នុះបញ្ជាំងពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ជកិច្ចសង្គមរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៩។

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart បានចូលរួមចំណែកជាទឹកប្រាក់ចំនួន ៤៥៩ លានដុល្លារ ដល់សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា (ស្មើ១,៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា) ដោយបានចូលរួមទ្រទ្រង់ការងារដោយផ្ទាល់ និងដោយប្រយោល ចំនួន ៥ ម៉ឺនការងារ នៅទូទាំងខ្សែសង្វាក់អាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុន បានបង់ពន្ធចំនួន ៩៤ លានដុល្លារលើពន្ធ អាករ និង កម្រៃនិយ័តកម្ម ដោយការបង់ពន្ធនេះតែឯងមានចំនួន ២,១% នៃចំណូលពន្ធលើថវិកាជាតិសរុប។

ក្រុមហ៊ុនបានបង់ប្រាក់ដល់គម្រោងនានាជាច្រើនដែលដឹកនាំដោយរដ្ឋាភិបាលដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងទំហំ ៣%នៃប្រាក់ចំណូលដុល របស់ខ្លួនរៀងរាល់ឆ្នាំដែលនាំឲ្យក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជា “អ្នកផ្ដល់វិភាគទានល្អបំផុតសម្រាប់មូលនិធិ CBRD” ក្នុងឆ្នាំ ២០១៩ ពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖ «ការគោរពតាមការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍប្រទេសជាតិតាមរយៈការបំពេញកាតព្វកិច្ចពន្ធ និងកម្រៃនិយ័តកម្ម គឺជាចំនុចសំខាន់បំផុតនៃប្រតិបត្តិការអាជីវកម្មរបស់យើងខ្ញុំ។ កិច្ចការនិរន្តរភាពដែលយើងខ្ញុំសម្រចបានកន្លងមក គឺបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនជូនដល់សហគមន៍នានា ក្នុងនោះរួមមាន ការគាំទ្រចំពោះអក្ខរកម្មឌីជីថល ការអប់រំឌីជីថល កីឡា និងការការពារបរិស្ថាន បានជួយបង្កើតនូវភាពរឹងមាំ និងផ្ដល់ឱកាសជាច្រើនជូនដល់យុវជនជំនាន់ក្រោយដែលជាអ្នកកំណត់អនាគត នៃព្រះរាជាណាចក្រកម្ពុជា»

លោកបានបន្ថែមទៀតថា៖ « បន្ថែមលើប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន យើងខ្ញុំនឹងខិតខំឲ្យកាន់តែខ្លាំងជាងនេះទៀត ដើម្បីជួយបង្កើតប្រព័ន្ធអេកូឡូស៊ីបែបបច្ចេកវិទ្យាឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា តួយ៉ាងការត្រៀមខ្លួនជាស្រេចក្នុងការដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់យើងខ្ញុំ»

គួរបញ្ជាក់ផងដែរថាក្នុងខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart Axiata បានធ្វើតេស្តសាកល្បងសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) ប្រកបដោយភាពជោគជ័យ ដែលនេះបង្ហាញពីភាពឈានមុខគេរបស់ក្រុមហ៊ុនក្នុងវិស័យទូរគមនាគមន៍។ ដោយឡែក តាមរយៈមូលនិធិវិនិយោគលើអាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនបាននឹងកំពុងវិនិយោគថវិកាចំនួន ២ លានដុល្លារលើអាជីវកម្មឌីជីថលទើបបង្កើតថ្មី ចំនួន ៨ នៅកម្ពុជា ដែលបានបង្កើតការងារជាង ១.៤០០ កន្លែង និងបង្កើតបានប្រាក់ចំណូលសរុប ចំនួន ២,៧ លានដុល្លារដែលផ្ដោតសំខាន់លើបច្ចេកវិទ្យាដូចជា IOT និង chatbots ដែលផ្ដល់ដំណោះស្រាយផ្នែកឌីជីថលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមកពីគ្រប់វិស័យ។

លើសពីនេះទៅទៀតក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Google និង GSMA ដើម្បីដាក់ឲ្យដំណើរការសាកល្បងកម្មវិធីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតដល់សិស្សវិទ្យាល័យចំនួន ១.៥០០ នាក់ ក្នុងខេត្តចំនួនបីនៃប្រទេសកម្ពុជាដោយមានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយកម្មវិធីនេះក៏ទទួលបានពានរង្វាន់ពីស្ថាប័ន Asia Responsible Enterprise ក្នុងប្រភេទ “ផ្ដល់អំណាចសង្គម” កាលពីខែកញ្ញាឆ្នាំ ២០២០។

ក្នុងនោះផងដែរ ក្រុមហ៊ុន Smart ក៏បានបន្តដាក់ឲ្យដំណើរការកម្មវិធីអប់រំ និងអភិវឌ្ឍន៍ដោយផ្តោតលើប្រព័ន្ធឌីជីថលប្រកបដោយជោគជ័យសម្រាប់ឆ្នាំ ២០១៩ រួមមានកម្មវិធី SmartStart និង កម្មវិធី SmartEdu ខណៈពេលក្រុមហ៊ុនក៏គាំទ្រដល់ កម្មវិធី hackathons នៅទូទាំងប្រទេសផងដែរ ដើម្បីធានាថាយុវជនកម្ពុជាអាចទទួលបានកម្មវិធីអប់រំ និងបណ្តុះ បណ្តាលបែបឌីជីថលល្អបំផុតនៅកម្ពុជា។

ក្នុងខែធ្នូ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមេ Axiata Group Berhad របស់ប្រទេសម៉ាឡេស៊ី និងនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន ត្រូវបានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុតចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុន បានប្តេជ្ញាថា នឹងនៅតែបន្តតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន ក្នុងការជម្រុញការអភិវឌ្ឍបែបឌីជីថលរបស់ប្រទេសកម្ពុជា។

ក្រៅតែអំពីចំនុចដែរបានបរិយាយខាងលើ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមបរិច្ចាគថវិកាចំនួន ២០ ម៉ឺនដុល្លារ ដើម្បីរៀបចំការប្រគុំតន្ត្រីសប្បុរសធម៌ (Smile Charity Concert) សម្រាប់ជួយនិងគាំទ្រដល់មូលនិធិនិងមន្ទីរពេទ្យគន្ធបុប្ផា។ លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា៖ «បើទោះបីជាឆ្នាំ ២០២០ មានបញ្ហាប្រឈមធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកក្ដី ក្រុមហ៊ុន Smart Axiata នៅតែបន្តបង្កើតផលវិជ្ជមានជាច្រើន ក្នុងពេលវេលាដ៏លំបាក នេះ ធ្វើយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចសង្គមអាចងើបឡើងវិញហើយអាចងើបឡើងឆ្ពោះទៅមុខជាមួយគ្នាទូទាំងប្រទេស»

សូមចូលទៅ www.smart.com.kh/sustainability-report-2019/ ដើម្បីទាញយករបាយការណ៍និរន្តរភាពប្រចាំឆ្នាំ ២០១៩។

សម្រាប់ព័ត៌មាន បន្ថែមអំពីកម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ Smart សូមតាមដានទំព័រ ‘Smart for Cambodia’ នៅលើ Facebook តាមរយៈ www.facebook.com/smartforcambodia ឬ ចូលទៅកាន់៖ www.smart.com.kh

មតិយោបល់