• 2020-11-15 08:40:42
  • ព័ត៌មាន

កុំឱ្យខាតថ្លៃសាំង ទៅសៀមរាបលើកក្រោយ ហួសទៅផ្សងព្រេងតំបន់ធម្មជាតិ ១ កន្លែងនេះស្អាតខ្លាំង

  • 2020-11-15 08:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុកបន្ទាយស្រី ទឹកដីខេត្តសៀមរាប គឺជាតំបន់មួយគ្របដណ្ដប់ដោយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបទាំងបែបវប្បធម៌ប្រវត្តិសាស្ត្រ មានប្រាសាទបុរាណ និងថែមទាំងមានតំបន់ធម្មជាតិជាច្រើនសុទ្ធតែស្រស់ស្អាតខ្លាំងដែលភ្ញៀវទេសចរមិនគួរមើលរំលង ។

ថ្មីៗនេះតាមទំព័រហ្វេសប៊ុករបស់លោកអភិបាលស្រុកបន្ទាយស្រី បានបង្ហាញពីសកម្មភាពដឹកនាំក្រុមការងារមួយក្រុមចុះទៅសិក្សាស្វែងយល់ពីតំបន់សក្តានុពលទេសចរណ៍ទាំងនេះ ដែលស្ថិតនៅតាមចម្រេះនៃជួរភ្នំគូលែន ក្នុងទីតាំងភូមិសាស្ត្រតភ្ជាប់ភូមិសរសី នៃឃុំត្បែង ទៅនឹងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ។ ទិដ្ឋភាពទាំងនេះបានរំលេចឱ្យឃើញនូវទេសភាពដ៏ស្រស់បំព្រងក្រៃលែង មានព្រៃភ្នំ ទឹកជ្រោះ ទឹកធ្លាក់ជាច្រើនកន្លែងគួរឱ្យគយគន់មិនចេះជិនណាយ ។

តាមការបញ្ជាក់ពីលោកអភិបាលស្រុក ឃឹម ហ្វីណង់ សហគមន៍គ្រោងនឹងស្នើសុំបង្កើតសេវាមគ្គុទ្ទេសក៍ និង ការផ្គត់ផ្គង់ម្ហូបអាហារ សម្ភារបោះជំរំ និង ការធ្វើដំណើរជូនដល់អ្នកទេសចរដែលចង់មកកម្សាន្តតំបន់ទាំងនេះ ដោយផ្សារភ្ជាប់នឹងការទទួលខុសត្រូវលើការគ្រប់គ្រងសំរាម និង អនាម័យ ការធានាសុវត្ថិភាពនៃការធ្វើដំណើរ ការកែលម្អផ្លូវធ្វើដំណើរនិងសោភ័ណភាព និងការអភិរក្សបរិស្ថានទប់ទល់នឹងការកាប់បំផ្លាញព្រៃឈើ ឬការទន្ទ្រាននានាផងដែរ។

ដោយហេតុតែតំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន រដ្ឋបាលស្រុកនឹងធ្វើការសម្របសម្រួលបន្តទៀតជូនដល់បងប្អូននៅក្នុងសហគមន៍ ដើម្បីទទួលបានឱកាសប្រើប្រាស់ប្រកបដោយចីរភាព ដែលនឹងជួយបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់នៅក្នុងមូលដ្ឋានផងដែរ ៕

រូបភាព៖ ទំព័រហ្វេសប៊ុកលោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់