- 2020-11-17 02:17:13
- ព័ត៌មាន
ស្ទើរស្រក់ទឹកភ្នែក ពេល សាយ ប្រាប់ថា “ខ្ញុំរត់ហត់ ខ្ញុំអាចសម្រាកបាន តែកុមារដែលឈឺក្នុងមន្ទីពេទ្យមិនអាចរងចាំបានទេ”
- 2020-11-17 02:17:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរស្រក់ទឹកភ្នែក ពេល សាយ ប្រាប់ថា “ខ្ញុំរត់ហត់ ខ្ញុំអាចសម្រាកបាន តែកុមារដែលឈឺក្នុងមន្ទីពេទ្យមិនអាចរងចាំបានទេ”
ចន្លោះមិនឃើញ
ពិតជារំភើបស្ទើរស្រក់ទឹកភ្នែក នៅពេលដែលយុវជនម្នាក់ ដែលលះបង់ដើម្បីកុមារកម្ពុជា និយាយថា “ខ្ញុំរត់ហត់ ខ្ញុំអាចសម្រាកបាន តែកុមារដែលឈឺក្នុងមន្ទីពេទ្យ មិនអាចរងចាំបានទេ”។
លោក អ៊ួន បឋម ដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះក្រៅរបស់ លោក គឺ Sai បានបង្កើត “បេសកកម្ម រត់៩៩ថ្ងៃ ២១ខេត្តក្រុង ជាមួយ Sai” ដែលជាបេសកកម្ម នៃការរត់ដើម្បីរកថវិកាជួយទៅដល់កុមារ ដែលកំពុងព្យាបាលនៅក្នុងមន្ទីពេទ្យ កុមារអង្គរ។ ដោយសារតែបញ្ហាជំនួយពីបរទេស មានការធ្លាក់ចុះបានជះឥទ្ធិពល ដល់ការព្យាបាលជំងឺកុមារ ដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យ លោកក៏បានបង្កើតនូវបេសកកម្មរត់ដើម្បីសប្បុរសធម៌ ជាមួយ Sai ដើម្បីស្វែងរកថវិកា ជួយទៅដល់កុមារ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។
នៅចាំបានអត់ ថ្ងៃទី១១ ខែវិច្ឆិកា ថ្មីៗនេះ ផ្ទុះនូវការចែករំលែក ហ្គេម១លើបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា “១ដុល្លារសម្រាប់កុមារកម្ពុជា” ដែលហ្គេមនេះ ត្រូវបានបង្កើតឡើងដោយម្ចាស់គម្រោង លោក សាយ រួមជាមួយនិងក្រុមការងារ ដើម្បីកៀរគរបន្ថែមសម្រាប់ជួយទៅដល់កុមារ ដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យកុមារអង្គរ។
លទ្ធផលនៃការ Challenge មួយនេះ បានធ្វើអោយ សាយ រំភើបចិត្តជាខ្លាំង រហូតធ្វើអោយរូបលោក Live នៅក្នុងផេកផ្ទាល់របស់លោកទាំងកណ្តាលយប់ ដោយមានភ្ជាប់នឹងពាក្យសម្តីមួយចំនួន ដែលស្តាប់ហើយ ធ្វើអោយពិបាកនឹងទប់ទឹកភ្នែក លោកបានរៀបរាប់ថា វាពិតជាលើសពីការរំពឹងទុកមែន ដែលត្រឹមរយៈពេល២ថ្ងៃដំបូង នៃការលេងហ្គេម Challenge 1$ មន្ទីរពេទ្យកុមារទទួលបានប្រាក់បរិច្ចាគរហូតដល់ទៅ ១លាន៣ម៉ឺនដុល្លារ និងមានមនុស្សជាង២សែននាក់ ដែលចូលរួមបរិច្ចាគនូវទឹកប្រាក់ចំនួន១$ នេះយើងមិនបានរាប់បញ្ចូលនូវចំនួនមនុស្ស ដែលបរិច្ចាគលើសពី 1$ និងអ្នកបរិច្ចាគដោយផ្ទាល់នោះទេ។
សាយ បានបង្ហាញពីអារម្មណ៍របស់លោក ចំពោះបេសកកម្មមួយនេះថា លោករត់មិនឈប់ ព្រោះលោកចង់បង្ហាញពីការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យ ដែលព្យាបាលអ្នកជំងឺ ក៏ដូចជា កុមារ មិនមានពេលសម្រាក ហើយលោកបន្ថែមទៀតថា លោករត់ក្រោមកំដៅថ្ងៃ ព្រោះលោកចង់បង្ហាញពីទឹកចិត្តរបស់ឳពុកម្តាយដែលឈរហាលក្តៅ ដើម្បីយកកូនចូលទៅព្យាបាលនៅក្នុងមន្ទីពេទ្យ ហើយពាក្យសម្តីដ៏សែនក្តុក្តួលរបស់លោក ដែលសូម្បីតែអ្នកសរសេរស្ទើរតែទប់ទឹកភ្នែកមិនបាន នោះគឺ ខ្ញុំ រត់ហត់ ខ្ញុំអាចសម្រាកបាន តែកុមារដែលឈឺក្នុងមន្ទីពេទ្យ មិនអាចរងចាំបានទេ។
គួររឭកដែរថា លោកសាយ ធ្លាប់ចូលសម្រាកនៅក្នុងមន្ទីពេទ្យម្តង ដោយសារតែបញ្ហាសុខភាពរបស់លោក នៅក្នុងអំឡុងពេលនៃការរត់ ក្រោមកំដៅថ្ងៃ និងហាលភ្លៀងជាច្រើនថ្ងៃកន្លងមក ប៉ុន្តែទាំងអស់នេះមិនមែនជាឧបសគ្គសម្រាប់រូបលោកនោះឡើយ លោកនៅតែអាចបន្តបេសកម្មរបស់លោកបាន ទោះហត់ពិបាក ប៉ុន្តែលោកមិនបានបោះបង់នោះឡើយ។
លោក សាយក៏បានរៀបរាប់បន្ថែមថា ការលេងហ្គេម ១$ សម្រាប់កុមារកម្ពុជា នេះជាជោគជ័យយ៉ាងល្អឥយខ្ចោះ និងលើសពីការរំពឹងទុករបស់លោក ក៏ដូចជាក្រុមការងារ។ លោកថា ការដែលរូបលោកចង់អោយបង្ហោះនូវរូបភាព ដោយភ្ជាប់ជាមួយទឹកប្រាក់ដែលបរិច្ចាគ ព្រោះរូបលោកផ្ទាល់ពិតជាចង់ឃើញ ថាមានបងប្អូនណាខ្លះដែលបានចូលរួមបេសកម្មមួយនេះជាមួយរូបលោក ដូចនេះ សូមបន្តនូវសកម្មភាពមួយនេះបន្តទៀត ដើម្បីកុមារកម្ពុជាដែលកំពុងតែព្យាបាលជំងឺនៅមន្ទីពេទ្យកុមារអង្គរ។
លោកបានចោទសំនួរ ចាក់ដោតមួយដែរថា តើអ្នកជាអ្នកឈ្នះ នៅក្នុងបេសកម្មមួយនេះ? ចម្លើយ នោះគឺយើងទាំងអស់គ្នា ហើយអ្វីដែលយើងឈ្នះយ៉ាងពិតប្រាកដនោះ គឺយើងបានឈ្នះ លើអាយុជីវិតរបស់កុមារកម្ពុជា។
ចូលរួមទាំងអស់គ្នា ដើម្បីអាយុជីវិតកុមារកម្ពុជា៕