• 2020-11-25 08:38:55
  • ព័ត៌មាន

បដិមាមួយអង្គដែលពុកផុយ នៅកំពូលប្រាសាទអង្គរវត្ត ពេលនេះជួលជុលរួចរាល់ជាស្ថាពរហើយ

  • 2020-11-25 08:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក សយ សុភារិន្ទ មន្ត្រីជំនាញអភិរក្សចម្លាក់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាអ្នកជួសជុលបានលើកឡើងថា ព្រះពុទ្ធបដិមាអង្គនេះមានបញ្ហាមួយចំនួននៅត្រង់ព្រះកេស ព្រះភក្រ្ត ជើងផ្នែកខាងក្រោម និងជើងទម្រទប់លំនឹង។ ដោយសារតែ ជើងទម្រទប់លំនឹងខ្សោយគុណភាព ធ្វើឱ្យទម្ងន់រូបសង្កត់ធ្ងន់លើបាតជើងក្រោម ដែលនាំឱ្យជើងក្រោមប្រេះបែកបាក់ ព្រោះទ្រទម្ងន់ធ្ងន់ពេក។

បច្ចុប្បន្ននេះ អ្វីដែលត្រូវធ្វើដំបូង គឺពង្រឹងជើងក្រោម ផ្លាស់ប្តូរទ្រនល់សម្រាប់ទប់បដិមាឱ្យមានលំនឹងឡើងវិញដើម្បីកាត់បន្ថយកម្លាំងសង្កត់ទៅលើជើងទម្រ។ ចំពោះព្រះកាយបដិមា ក្រុមការងារបានប្រើវិធីសម្អាតស្ងួតដោយប្រើច្រាស ជក់ ទន់ៗបោសធូលី ក្តាំងធូលី សំបុកពីងពាង ឆ្កែង៉ាំងឱ្យស្អាត រួចហើយសម្អាតសើមដោយសម្អាតស្នឹមខ្មៅដែលបណ្តាលមកពីផ្សែងធូបទៀនរុំ កំណកក្តាំងអំបិលនៅលើព្រះកាយ ព្រះភក្ត្រ និងព្រះកេស ដោយប្រើវត្ថុធាតុដើម្បីវិភាគថា តើជាតិអ្វីដែលអាចសម្អាតអំបិលបាន ពង្រឹងកន្លែងពុកផុយបាន ជាតិអ្វីអាចរក្សាពណ៌ដើមបាន។

ព្រះពុទ្ធអង្គនេះ ដើមឡើយគឺនៅជាប់នឹងជញ្ជាំងបិទសន្ធប់ទ្វារបន្ទប់នៅរួតបាកាណ តែត្រូវបានដាប់ចេញពីជញ្ជាំងនៅក្នុងសម័យបារាំងប្រហែលឆ្នាំ១៩៤៣ ដើម្បីជីកកំណាយអណ្តូងកណ្តាលតួបាកាណចុះទៅក្រោមក្នុងបំណងស្រាវជ្រាវបុរាណវិទ្យា៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់