• 2020-11-26 02:23:58
  • ព័ត៌មាន

ល្អណាស់! ប្រាសាទទន្លេស្ងួត ជួសជុលឡើងវិញ ជិតរួចហើយ

  • 2020-11-26 02:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងជួសជុល និងលើកតម្លៃនៃប្រាសាទទន្លេស្ងួត ដែលគេស្គាល់ថាជាមន្ទីរពេទ្យមួយក្នុងរាជព្រះបាទជ័យវរ្ម័ន​ទី៧ កំពុងវិវឌ្ឍន៍ទៅមុខជាលំដាប់ និងលេចចេញជារូបរាងដ៏ស្រស់ស្អាតបណ្តើរៗហើយ ។ បើតាមមន្ត្រីជំនាញអះអាងថា នឹងបញ្ចប់គម្រោងជួសជុលនៅចុងឆ្នាំ២០២០។

លោកជា សារិទ្ធិ ប្រធានគម្រោងជួសជុលប្រាសាទទន្លេស្ងួត បានឱ្យដឹងថា ក្រោយពេលចាប់ផ្តើមអនុវត្តគម្រោងជួសជុល កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅ រហូតមកដល់បច្ចុប្បន្ននេះ បានធ្វើការជួសជុលដល់រួតទី៣៦ នៃតួប្រាសាទហើយ និងកំពុងបន្តជួសជុលនៅផ្នែកកំពូលប្រាសាទទៀត។លោកបន្តថា ដោយសារតែផ្នែកកំពូលមានការបាត់ថ្មចាស់ច្រើន ដូច្នេះក្រុមការងារកំពុងស្វែងរកថ្មនៅផ្នែកខាងក្រោម ដើម្បីរៀបចំផ្គុំទៅតាមទ្រង់ទ្រាយដើម។

លោកបន្ថែមទៀតថា ដំណើរការជួសជុលប្រាសាទទន្លេស្ងួតមានបញ្ហាប្រឈមច្រើន ដោយសារការខូចខាតមានលក្ខណៈធ្ងន់ធ្ងរ ព្រោះទម្រ នៃបាតប្រាសាទស្រុតចូលទៅក្នុងស្រទាប់ដីខ្សាច់រហូតទៅដល់១០សង់ទីម៉ែត្រ ចំណែកផ្នែកនៃខឿន ប្រាសាទ ក៏មានការស្រុតចុះដូចគ្នា ទោះជាយ៉ាងនេះក្តី ក៏គម្រោងនេះនឹងបញ្ចប់ត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។

កិច្ចការដែលយើងបន្តធ្វើសព្វថ្ងៃយើងបានផ្គុំថ្មប្រាសាទហ្នឹងឡើងទៅដល់រួតទី៣៦ និងផ្នែកខ្លះនៅត្រង់ជ្រុងអាគ្នេយ៍ នៃប្រាង្គកណ្តាលមានការបាត់បង់ថ្មបែកបាក់ពុកផុយច្រើន ដូច្នេះត្រូវរៀបផ្គុំឡើងវិញ តម្រូវឱ្យមានដាក់បន្ថែមនៅថ្មពួកថ្មី ហើយនៅបន្តដាក់បំពេញខឿនជុំវិញផ្នែកខាងជើង ខាងលិច និងសម្អាតមុខថ្មថ្មី ដោយកន្លងមកយើងមិនទាន់បានធ្វើវាឱ្យ ស៊ីនឹងថ្មចាស់នៅឡើយទេ គម្រោងយើងនឹងបញ្ចប់នៅចុងឆ្នាំ២០២០។

ប្រាសាទទន្លេស្ងួត គឺជាមន្ទីរពេទ្យបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។ ដោយរងការខូចខាតជាខ្លាំង ដោយសារអាយុកាល និងកត្តាធម្មជាតិផងនោះ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលកាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ហើយបច្ចុប្បន្នគម្រោងការជួសជុល សម្រេចបានផ្លែផ្កា គួរឱ្យកត់សម្គាល់ នឹងអាចបញ្ចប់នៅចុងឆ្នាំ ២០២០នេះ៕

ប្រភព ៖ ក្រសួងព័ត៌មាន

មតិយោបល់