• 2020-11-29 15:15:15
  • ព័ត៌មាន

សម្ដេចតេជោ ហ៊ុន​ សែន​ អំពាវនាវ​អ្នក​ពាក់ព័ន្ធ​មកទទួល​សេវា​ឥតគិតថ្លៃ ធ្វើ​តេស្ត​កូវីដ១៩

  • 2020-11-29 15:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​មក​ទទួល​សេវា​ឥតគិតថ្លៃ ដើម្បី​ធ្វើ​តេស្ត​ពាក់ព័ន្ធ​នឹង​កូវីដ១៩​ ហើយ​ដើម្បី​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ (ចត្តាឡីស័ក) ហើយ​អំឡុង​អ្នក​ធ្វើ​ចត្តាឡីស័ក​ គឺ​រដ្ឋ​ជា​អ្នក​ទទួល​បន្ទុក​ទាំង​អស់​ ប្រសិន​បើ​អ្នក​ធ្វើ​ចត្តាឡីស័ក​ ដែល​ទទួល​សេវា​ដោយ​ក្រសួង​សុខាភិបាល​រៀបចំ។​

សូមចុចអាន៖ កូវីដ១៩៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់សិទ្ធិដល់រដ្ឋមន្រ្តី និងអភិបាលខេត្ត សម្រេចចិត្តធ្វើរឿងមួយ

តាមរយៈសារសំឡេង​ដែល​ចែក​ចាយ​​តាម​តេឡេក្រាម​ សម្ដេចតេជោ ហ៊ុន​ សែន បាន​បញ្ជាក់ថា «ខ្ញុំសូមពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ការពាក់ព័ន្ធ​​ការ​ឆ្លង​កូវីដ១៩ សុំប្រញាប់ប្រញាល​មក​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ១៩ ហើយ​កុំព្រួយ​ថា នឹង​មាន​ការ​យក​លុយ​ យក​កាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ឲ្យ​សោះ​។ គ្មាន​នរណា​មាន​សិទ្ធិ ដើម្បី​ទទួល​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ សម្រាប់​ការ​ធ្វើ​តេស្ត​រក​មេរោគកូវីដ​នោះទេ។ អ្វី​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ការ​នោះ គឺ​ចង់​ឲ្យ​បងប្អូន​ មាន​សុវត្ថិភាព​ ធានាបាន​អាយុ​ជីវិត​ និង​មិនមាន​ការ​ឆ្លង​រីករាលដាល​ នៅក្នុងប្រទេស​របស់​យើង​។»

សម្ដេចតេជោ ក៏បាន​លើកឡើង​ទៀត​ថា «កុំភ័យ​ កុំ​ស្លន់ស្លោ​រ​ ត្រូវ​គ្រប់​គ្រង​ទៅ​លើ​សភាព​ការ​នេះ​ ដោយភាព​ម្ចាស់​ការ ហើយ​ម្ខាង​ទៀត​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ អ្នក​ដែល​មិន​ទាន់​មាន​ការ​ប៉ះពាល់​ សុំកុំ​ឲ្យ​ចូល​ទៅ​រក​ការ​ពាក់ព័ន្ធ​ ហើយ​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ត្រូវ​តែ​ភ្ជាក់​រលឹក ដើម្បី​ទៅ​រក​គ្រូពេទ្យ​ នៅទីកន្លែង​ដែលកំពុង​ធ្វើ​តេស្ត​ ដើម្បី​យក​សំណាក​ ហើយ​ទៅចុះ​ឈ្មោះ​ធ្វើ​តេស្ត និង​ដាក់​ខ្លួន​ឯង​ឲ្យ​ដាច់​ដោយ​ឡែក​ (ចត្តាឡីស័ក​១៤ថ្ងៃ)»​

«យើង​មិន​ត្រឹម​តែ​មិន​យក​ប្រាក់​សម្រាប់​ការ​ធ្វើ​តេស្ត​នោះទេ តែ​យើង​ក៏នឹង​ផ្គត់​ផ្គង់​ចំណីអាហារ​ ចំពោះ​បងប្អូន​ដែលធ្វើ​ចត្តាឡីស័ក​ តាម​ទីកន្លែង​ ដែល​រៀប​ចំ​ដោយ​ក្រសួង​សុខាភិបាល។ សូម​បងប្អូន​ងើប​ឈរ​ឡើង​ ដើម្បី​ប្រឆាំង​នឹង​កូវីដ១៩នេះ»។​ សម្ដេច​តេជោ ហ៊ុន​ សែន​លើកឡើង​បន្ថែម៕​

សូមចុចអាន៖ ដំណឹងល្អ! សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ​ អវិជ្ជមានកូវីដ១៩ ក្រោយតេស្តលើកទី១

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី