• 2020-12-04 23:05:00
  • ព័ត៌មាន

កុំចេះតែហ៊ាន! អ្នកលក់អនឡាញម្នាក់ ត្រូវបានឃាត់ខ្លួនយក​ទៅអប់រំ ក្រោយក្លែងព័ត៌មាន​ពីកូវីដ-១៩

  • 2020-12-04 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីដែលមានមុខរបរជាអ្នកលក់អនឡាញម្នាក់ អាយុ ៣៥ឆ្នាំ រស់នៅ​ក្នុង​សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបាន​កម្លាំង​នៃ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ក្រោយ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ទាក់ទង​នឹងកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក "នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា" កាលពីរាត្រីថ្ងៃទី៤ ខែធ្នូ។

កម្លាំង​នៃ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ ចុះឃាត់ខ្លួនស្រ្ដីដែលបង្ហោះព័ត៌មានមិនពិត (រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា "កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្រ្ដីខាងលើ បានបង្ហោះក្នុងគណនីហ្វេសប៊ុក​របស់ខ្លួន ដែលមានខ្លឹមសារថា "ផ្សារជំពូវ័ន្តបិទហើយ​ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀតក៏បានឆ្លងដែរ"។ បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។

ស្រ្ដីដែលបង្ហោះព័ត៌មានមិនពិត ((រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)

ដោយឃើញដូច្នេះ អគ្គស្នងការស្តីទី ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានចេញបញ្ជាឱ្យនាយកដ្ឋានជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីបញ្ឈប់ការចែកចាយព័ត៌មាននេះ ដែលអាចបង្កឱ្យមានចលាចលនៅក្នុងសង្គម។ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២រសៀល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ

ស្រ្ដី​ដែលជាម្ចាស់គណនីហ្វេសប៊ុក​នោះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភក្តិតាម Messenger ហើយ​បានបង្ហោះព័ត៌មាននេះទៅក្នុងគណនីផ្ទាល់របស់ខ្លួន បន្ទាប់មកខ្លួនក៏បានលុបចេញវិញ ដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើនដែលធ្វើឱ្យមានការភ័ន្ត​ច្រឡំពីមហាជន។ ស្ត្រីដដែល ក៏បានធ្វើការសុំអភ័យទោស និងសន្យាថាឈប់ចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំឭកដល់អ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ សូមធ្វើការពិចារណា និងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ មុនពេលធ្វើការបង្ហោះទៅក្នុងបណ្ដាញសង្គម ចៀសវាងបង្ហោះ ឬចែករំលែកព័ត៌មានណាដែលមិនមានការពិត និងគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមចំពោះមុខច្បាប់ ព្រមទាំងបង្កឱ្យមានភាពចលាចលដល់សង្គមជាតិទាំងមូលថែមទៀតផង៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (កណ្ដាល)
មតិយោបល់