• 2020-12-15 07:30:13
  • ព័ត៌មាន

ហេតុអ្វីនារីកូរ៉េវ័យក្មេងកាន់តែច្រើន សុខចិត្តសម្លាប់ខ្លួន?

  • 2020-12-15 07:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល Jin-ah លាឈប់ពីការងារជាចុងភៅសណ្ឋាគារ នាងសង្ឃឹមថានឹងបានធូរស្បើយពីការធ្វើបាប និងការរើសអើងផ្លូវភេទ ដែលធ្វើឲ្យជីវិតនាងវេទនាខ្លាំង។ ប៉ុន្តែភាពគ្មានការងារធ្វើ បានធ្វើឲ្យបិសាចក្នុងចិត្តនាងរើឡើងកាន់តែខ្លាំង ដូច្នេះនាងព្យាយាមចង.កសម្លាប់ខ្លួន ដោយប្រើខ្សែភ្លើងនៃម៉ាស៊ីនផ្លុំសក់។

ទោះជាយ៉ាងណា ស្រ្តីវ័យអាយុ ៣១ ឆ្នាំខាងលើ មិនទទួលបានជោគជ័យក្នុងការសម្លាប់ខ្លួននោះទេ។ នៅក្នុងសភាវគតិនៃការរស់រានមានជីវិតបានរំញោចឡើង ធ្វើឲ្យនាងបញ្ឈប់ខ្លួនឯង មុនវាយឺតពេល។

ចាប់តាំងពីថ្ងៃនោះមក គេបានព្យាយាមស្វែងយល់ពីការលើកទឹកចិត្ត ដែលជំរុញនាងឲ្យចង់បញ្ចប់ជីវិត និងការធ្លាក់ទឹកចិត្តដែលបានញាំញីនាងអស់ជាច្រើនឆ្នាំ។

នាង Jin-ah និយាយថា "មនុស្សស្រីភាគច្រើនត្រូវបានគេវិនិច្ឆ័យលើសម្រស់ ជាជាងចំណេះជំនាញរបស់ពួកគេ ដែលធ្វើឲ្យពួកគេធ្លាក់ទឹកចិត្ត និងទទួលបានអារម្មណ៍ថាទទេ"។ នាងបានបន្ថែមទៀតថា "ដោយសារតែបញ្ហានេះ ខ្ញុំញ៉ាំអាហារលែងចូល ហើយវាពិបាកសម្រាប់ខ្ញុំណាស់ ក្នុងការគ្រប់គ្រងអារម្មណ៍។ បន្ទាប់ពីអាជីព ១០ឆ្នាំរបស់ខ្ញុំបានចប់ ខ្ញុំក៏ចាប់ផ្តើមគេចវេសពីមនុស្សខាងក្រៅតែម្តង"។

គួរឲ្យដឹងថា Jin-ah គឺជាមនុស្សម្នាក់ដែលស្ថិតក្នុងចំណោមនារីកូរ៉េខាងត្បូងវ័យក្មេង ដែលបានគិត ឬទទួលជោគជ័យក្នុងការធ្វើអត្តឃាតខ្លួនឯង។ ខណៈពេលដែលប្រទេសកូរ៉េខាងត្បូង បានតស៊ូជាយូរមកហើយជាមួយនឹងអត្រាកើនឡើងខ្ពស់នៃការធ្វើអត្តឃាតខ្លួនឯង ការធ្វើអត្តឃាតគឺជាបុព្វហេតុនៃការស្លាប់របស់ជនជាតិកូរ៉េក្នុងវ័យជំទង់ អាយុខ្ទង់ ២០ឆ្នាំ និង ៣០ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលបញ្ហាបានរីករាលដាលក្នុងចំណោមស្ត្រីវ័យក្មេងខ្លាំងជាងក្នុងចំណោមបុរស ដែលកំពុងមានការថយចុះ។

តារាចម្រៀងស្រី K-pop ឈ្មោះ Goo Hara ដែលបានធ្វើអត្តឃាតខ្លួនឯង

គួរបញ្ជាក់ថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២០ ស្ត្រីចំនួន ១ ៩២៤នាក់បានធ្វើអត្តឃាតខ្លួនឯង។ នេះបើយោងតាមទីភ្នាក់ងារប៉ូលីសជាតិរបស់កូរ៉េខាងត្បូង ដែលតួលេខនេះបានកើនឡើងជាង ៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ អត្រានៃការធ្វើអត្តឃាតកើនឡើងរឹតតែខ្លាំង ពោលគឺជាង ៤០ភាគរយ ក្នុងចំណោមមនុស្សស្រីវ័យខ្ទង់ ២០ឆ្នាំ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី