• 2020-12-22 10:33:34
  • ព័ត៌មាន

ឆ្នាំនេះសន្ទុះតំលៃត្រីប្រហុក ហក់ខ្ពស់ជាងឆ្នាំមុន ដោយសារមូលហេតុនេះ

  • 2020-12-22 10:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានមកពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានឲ្យដឹងថា ម្ចាស់ដាយត្រីបានប្រាប់ថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គ.ក្រ ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រ/គ.ក្រ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ ៥០០គ.ក្រ ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រ/គ.ក្រ។

ឯកឧត្តមរដ្ឋមន្ត្រី​ បានបញ្ជាក់ថា បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះ អាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ ។

បើយោងតាម មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា កម្រិតកំពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថានៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត ។ តែទោះជាយ៉ាងណា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាព នៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧ ៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។

ឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើផ្អក និងប្រហុកឲ្យបានច្រើននៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករាខាងមុខនេះ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់