- 2020-12-31 02:50:40
- ព័ត៌មាន
គួរឲ្យសរសើរ! ក្មេងស្រីអាយុ ១៥ឆ្នាំ រត់ ១០០គីឡូម៉ែត្រជាមួយសាយ ជួយកុមារអូទីហ្សឹម
- 2020-12-31 02:50:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! ក្មេងស្រីអាយុ ១៥ឆ្នាំ រត់ ១០០គីឡូម៉ែត្រជាមួយសាយ ជួយកុមារអូទីហ្សឹម
ចន្លោះមិនឃើញ
ក្មេងស្រីវ័យ១៥ឆ្នាំមួយរូប បានចូលរួមរត់ចម្ងាយ ១០០គីឡូម៉ែត្រជាមួយសាយ ពីក្រុងព្រៃវែង មកក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរៃអង្គាសប្រាក់ជួយដល់អង្គការ សាលារៀន ទន្សាយ ដែលមានកុមារជាង ៥០០នាក់ កំពុងមានបញ្ហាសតិខ្សោយ ឬជំងឺអូទីហ្សឹម (Autism) ។
នីកូ រៀននៅសាលាអន្ដរជាតិមួយបានប្រាប់ Sabay ថា នាងបានសម្រេចចិត្តបង្កើតកម្មវិធី នេះ ក្នុងគោលបំណងធំចង់ជួយក្មេងៗនៅក្នុងសាលាប្រមាណជាជាង ៥០០នាក់ ដែល កំពុងជួបខ្វះខាតនៅអំឡុងសម័យកាលកូវីដ១៩ កំពុងផ្ទុះឡើង។ កូវីដ១៩ បណ្ដាលឲ្យ អង្គការសាលារៀនទន្សាយប្រឈមនឹងខ្វះជំនួយផង និងសិស្សានុសិស្សត្រូវរៀនពីផ្ទះ ដែលកុមារទាំងនោះប្រឈមបញ្ហាជាច្រើន ដែលត្រូវការជំនួយជួយពួកគេជាចាំបាច់។
នីកូ នឹងចូលរួមរត់ជាមួយសាយ ពីក្រុងព្រៃវែង មកក្រុងតាខ្មៅ ខេត្តកណ្ដាល ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ ខែមករា ២០២១។
នីកូ បានបង្ហើបខ្លះៗថា រយៈពេល៤ថ្ងៃ នៃការរត់ ១០០គីឡូម៉ែត្រ នាងបារម្ភអំពីសុវត្ថិភាពផង និងសុខភាពផង ដោយសារតែការរត់ចម្ងាយផ្លូវឆ្ងាយ ប្រឈមនឹងអាកាសធាតុ និងបញ្ហាចរាចរណ៍នៅលើដងផ្លូវ។ តែយ៉ាងណា នាងបានប្ដេជ្ញាចិត្តថា «ខ្ញុំត្រូវតែធ្វើឲ្យបាន ដើម្បីជួយកុមារ ដែលកំពុងងាយរងគ្រោះ»។
ទន្ទឹមនឹងនេះ នីកូ បានបន្ដទៀតថា សាយ ដែលជាអ្នកបង្កើតកម្មវិធីរត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារអង្គរ គឺជាកម្លាំងចិត្តដ៏ធំរបស់នាងដែរ។ «បងសាយ ជា Idol ខ្ញុំ នឹងរត់ជាមួយខ្ញុំ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំ»។
នីកូ មានវ័យ១៥ឆ្នាំ ហើយត្រូវរត់លើផ្លូវឆ្ងាយ តើអាណាព្យាបាលនឹងមានការបារម្ភកម្រិតណាដែរ? នាងបានបង្ហើបថា «ពួកគាត់មិនថាអ្វីនោះទេ ផ្ទុយទៅវិញពួកគាត់គាំទ្រ ហើយថា ទំនងជាពួកគាត់ នឹងចូលរួមរត់ជាមួយនឹងខ្ញុំដែរ ដើម្បីជួយដល់កុមារទាំងអស់គ្នា»។
ទន្ទឹមនឹងនេះ នាងសង្ឃឹមថា នឹងមានមហាជនផ្សេងទៀតចូលរួមជួយគាំទ្រ ហើយបរិច្ចាគថវិកាតិចក្ដី ច្រើនក្ដី ដើម្បីជួយដល់កុមារងាយរងគ្រោះ នៅអង្គការសាលារៀនទន្សាយ ដែលជាសាលាបណ្ដុះបណ្ដាលដល់កុមារមានជំងឺខ្សោយបញ្ហា ឬហៅថា ជំងឺអូទីហ្សឹម៕