• 2021-01-16 01:39:52
  • ព័ត៌មាន

សម្ដេច ហ៊ុន សែន ប្រកាសបុគ្គល ដែលអាចចាក់វ៉ាក់សាំងកូវីដ ១៩ មុនគេ របស់ចិន

  • 2021-01-16 01:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់ថ្ងៃទី ១៥ មករា ២០២១ នេះ កម្ពុជាសម្រេចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ផ្តល់ឱ្យកម្ពុជា ១លានដូស ។

ជាមួយគ្នានោះផងដែរសម្ដេចបានបញ្ជាក់ថា ការសម្រេចទទួលយកវ៉ាក់សាំងបង្ការកូវីដ ១៩ ពីប្រទេសចិននេះ បន្ទាប់ពីមានប្រទេសជាច្រើនដូចជា ឥណ្ឌូណេស៊ី ដែលមានប្រជាជនរាប់លាននាក់សម្រេចយកវ៉ាក់សាំងចិន ដោយប្រធានាធិបតីឥណ្ឌូណេស៊ីទើបតែចាក់ហើយថ្មីៗនេះ។ ក្រៅពីនេះមានបណ្ដារប្រទេសផ្សេងទៀតដូចជា ម៉ាឡេស៊ី ហ្វីលីពីន អេស្សីប អាមេរិកឡាទីនជាដើមនោះក៏បានប្រើប្រាស់វ៉ាក់សាំងរបស់ចិន ។ ចំណែកឯនៅប្រទេសចិនបានប្រើប្រាស់យ៉ាងទូលំទូលាយរួចមកហើយ ។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា អ្នកដែលទទួលវ៉ាក់សាំងមុនគេ ប្រហែលជាអ្នកបណ្ដារនៅជុំវិញសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលនេះជាភាពចាំបាច់ នៃការការពារសុវត្ថិភាពសម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេស ហើយក៏អាចអ្នកនៅជុំវិញព្រះមហាក្សត្រ អ្នកនៅជុំវិញប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ក៏ត្រូវបានទទួលនូវវ៉ាក់សាំងនោះផងដែរ ។ សម្ដេចថ្លែងថា ក្រៅពី ១លានដូសដែលនឹងចាក់បាន ៥០ ម៉ឺននាក់ សម្រាប់រយៈកាលដំបូង រដ្ឋាភិបាលក៏ត្រូវគិតដល់ការទិញ ឬស្នើសុំបន្ថែមទៀត ក៏ដូចជាទិញនូវវ៉ាក់សាំងប្រទេសណាមួយដែលស្ថិតនៅក្នុងសីតុណ្ហភាពសមស្របនៅកម្ពុជា ។

យ៉ាងណាមិញសម្ដេចបញ្ជាក់បន្ថែមទៀតពីស្ថានភាពដែលកម្ពុជា ត្រួវទទួលយកវ៉ាក់សាំងពីចិននោះ ព្រោះមិនអាចរង់ចាំបានទៀតទេ ដោយស្ថានភាពបច្ចុប្បន្ននេះ មានករណីវិជ្ជមានកូវីដ ១៩ ចេញពីប្រទេសថៃជាបន្តបន្ទាប់ ដែលជាភាពចាំបាច់ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ ។ វ៉ាក់សាំងរបស់ប្រទេសចិនសមស្របនឹងលក្ខខណ្ឌរក្សាទុកនៅប្រទេសកម្ពុជា ស្ថិតក្នុងកម្រិតសីតុណ្ហភាព ២ ទៅ ៨ អង្សារ លើសូន្យ ប្រៀបធៀបទៅនឹងវ៉ាក់សាំងប្រទេសមួយចំនួន គឺស្ថិតនៅក្នុងសីតុណ្ហភាព ៧០ អង្សារក្រោមសូន្យ ដែលហួសពីសមត្ថភាពនៃការគ្រប់គ្រង ៕

មតិយោបល់