- 2021-01-16 06:00:53
- ព័ត៌មាន
ទិដ្ឋភាពដ៏រំភើប! សាយ នីកូ និងដាឡែន នាំយកថវិកាជិត ១៥០០០ដុល្លារ ជូនសាលាបង្រៀនកុមារអូទីហ្សឹម!
- 2021-01-16 06:00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពដ៏រំភើប! សាយ នីកូ និងដាឡែន នាំយកថវិកាជិត ១៥០០០ដុល្លារ ជូនសាលាបង្រៀនកុមារអូទីហ្សឹម!
ចន្លោះមិនឃើញ
យុវតីនីកូ និងយុវតីដាឡែន ដែលបានរត់ ១០០គីឡូម៉ែត្រជាមួយសាយ បានទទួលថវិកាបរិច្ចាគពីសប្បុរសជនប្រមាណជិត ១៥០០០ដុល្លារ សម្រាប់អង្គការសាលារៀនទន្សាយ ដែលបង្រៀនកុមារអូទីហ្សឹម និងពិការភាពជាច្រើនរយនាក់។ នៅព្រឹកថ្ងៃទី១៦ ខែមករានេះ សាយ រួមជាមួយយុវតីទាំង ២រូប បាននាំយកថវិកាទាំងអស់នោះ ទៅជូនសាលារៀនទន្សាយ ដែលមានទីតាំងនៅក្នុងសាលាបឋមសិក្សាទួលគោក។
យុវតីនីកូ ដែលមានវ័យត្រឹម ១៥ឆ្នាំ បានឲ្យដឹងក្នុងកម្មវិធីនេះថា៖ "ខ្ញុំពិតជារំភើបដែលអាចរួមចំណែកជួយកុមារអូទីហ្សឹមនៅសាលារៀនទន្សាយ ឲ្យបន្តការសិក្សា។ ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបានបរិច្ចាគក្នុងការរត់របស់ខ្ញុំ ហើយក៏សូមអរគុណប៉ាម៉ាក់ បងប្អូន មិត្តភក្ដិ និងបងសាយ ដែលបានគាំទ្រផ្ដល់កម្លាំងចិត្ត ជួយឲ្យខ្ញុំអាចរត់ដល់គោលដៅ ១០០គីឡូម៉ែត្រ"។
ចំណែកយុវតី ដាឡែន អាយុ ១៦ឆ្នាំ ដែលបានរត់ជាមួយនីកូ ពីដើមដល់ចប់ដែរនោះ ក៏បានបង្ហាញក្ដីរំភើប ត្រេកអរជាពន់ពេក ដែលអាចរត់បាន ១០០គីឡូមែ៉ត្រ ហើយទទួលបានការបរិច្ចាគដ៏ច្រើនបែបនេះ។ ដាឡែន បានប្រាប់ថាក្នុងអំឡុងពេលរត់ មានផលលំបាកមួយចំនួន ដូចជាចរាចរណ៍ច្រើន សុនខដេញជាដើម ប៉ុន្តែនាងបានតស៊ូរត់រហូតបានសម្រេច ដោយសារមានការគាំទ្រពីអ្នកគ្រប់គ្នា។
សាយ ដែលជាអ្នកបង្កើតកម្មវិធីរត់ដើម្បីសប្បុរសធម៌ជុំវិញប្រទេសកម្ពុជា ក៏បានបង្ហាញអារម្មណ៍ស្រដៀងគ្នានេះដែរ។ "ខ្ញុំពិតជារំភើប នៅពេលបានដឹងដំណឹងថាមានកុមារីអាយុត្រឹម ១៥ឆ្នាំ ចូលរួមរត់ ១០០គីឡូម៉ែត្រ ដើម្បីរកថវិកាជួយកុមារអូទីហ្សឹម។ ការរត់របស់នីកូនេះ មិនត្រឹមតែអាចរកថវិកាជួយកុមារអូទីហ្សឹមប៉ុណ្ណោះទេ តែក៏ជាការជម្រុញឲ្យយុវជនយើងជាច្រើនទៀត ចាប់ផ្ដើមការងារសង្គមដូចគ្នាដែរ។ ខ្ញុំសូមលើកទឹកចិត្តនីកូ ឲ្យបន្តសកម្មភាពសង្គមបន្តទៀត"។
សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីប្រគល់ថវិកាជូនសាលារៀនទន្សាយនេះ ក៏មានការចូលរួមពីក្រុមហ៊ុនទឹកដោះគោសុទ្ធ គិរីសួគ៌ ហាងនំប៉័ង Tours les Jours និងដូមីណូភីហ្សាផងដែរ។ ក្រុមហ៊ុនទាំង៣ បានបន្តចែករំលែកក្ដីស្រលាញ់ ដោយបានចែកជូនជាទឹកដោះគោសុទ្ធ យ៉ាអួ នំប៉័ង និងភីហ្សា ដល់កុមារអូទីហ្សឹម និងអ្នកចូលរួមទាំងអស់ក្នុងកម្មវិធីផងដែរ។ ក្រៅពីផ្ដល់ជាទឹកដោះគោសុទ្ធ និងយ៉ាអួ ក្រុមហ៊ុនគិរីសួគ៌ ក៏បានផ្ដល់កាតលើទឹកចិត្តដល់កុមារអូទីហ្សឹមគ្រប់ៗរូប ក៏ដូចជាជូនជាកាដូដល់សាយ នីកូ និងដាឡែន ដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង៕