• 2021-01-26 06:44:09
  • ព័ត៌មាន

ការពារកូវីដ១៩៖ ពិធីបុណ្យផ្សេងៗ និងមង្គលការ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹមប្រាំនាក់ ក្នុងមួយតុ

  • 2021-01-26 06:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បានប្រកាសពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍។

នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងបានសរសេរថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សង្កេត ឃើញថា ការអនុវត្តតាមវិធានការការពារ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យ កម្មវិធីផ្សេងៗ និងក្នុងពិធីអាពាហ៍ពិពាហ៍ នៅមានកម្រិតទាបនៅឡើយ ដែលនេះ ជាហានិភ័យដ៏ធំធេងអាចបង្កឲ្យមានការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចម្លងចូល ក្នុងសហគមន៍។

ទាក់ទងនឹងបញ្ហាខាងលើនេះ ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឲ្យមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាព ប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងការអនុវត្តវិធានការសុខាភិបាល នៅតាមមូលដ្ឋាន ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះមុននឹងអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យ ឬកម្មវិធីផ្សេងៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការណែនាំម្ចាស់ពិធីបុណ្យ ឬកម្មវិធី អំពីវិធានការសុខាភិបាល ដូចខាងក្រោម៖

  • ណែនាំ ឲ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមការអនុវត្តវិធានការសុខាភិបាល ដូចជា បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃនៅ ក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេល ចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ល។

  • រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ាងតិច ១.៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ប្រាំនាក់ ក្នុងមួយតុ ដែលទំលាប់ពីមុនអង្គុយ១០នាក់។

  • ធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ ឱបគ្នាជាដើម។

  • ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលិក-កណ្តាស់ នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។

  • អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំង សមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ កម្មវិធី អាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្ម វិធីសង្គមនានាឲ្យបានម៉ឺងម៉ាត់ ជាទីបំផុត៕

សូមអានសេចក្ដីប្រកាសទាំងស្រុងដូចខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់