• 2021-04-06 11:36:59
  • ព័ត៌មាន

ចូលឆ្នាំខ្មែរ គួរតាំងលម្អររបស់របរទាំងនេះ នឹងនាំសិរីសួស្ដី ចម្រុងចម្រើនគ្រួសារ

  • 2021-04-06 11:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាពិធីបុណ្យមួយដែលមានអាយុកាលតាំងពីបុរាណយូរយាណាស់មកហើយ និងជាពិធីដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា។

ជាទូទៅរាល់ពិធីបុណ្យផ្សេងៗ ពិសេសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឃើញថាប្រជាជនយើងតែងតែទិញនូវសម្ភារ ឬឧបករណ៍មួយចំនួនទុកសម្រាប់ត្រៀមរៀបចំតុបតែងលម្អរ ដើម្បីឲ្យផ្ទះមានភាពស្រស់ស្អាត ទទួលទេវតាឆ្នាំថ្មី ដែលនឹងឈានខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

តោះ ! ចង់ដឹងអត់ តើប្រជាជនកម្ពុជាចូលចិត្តទិញសម្ភារ និងរបស់របរអ្វីខ្លះមុននឹងពិធីបុណ្យចូលឆ្នាំខ្មែរឈានចូលមកដល់៖

១.គោមផ្កាយខ្មែរ

គេតែងតាំងគោមដែលមានរចនាបថ និងពណ៌ប្លែកៗ ទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន ជួនកាលគេប្រើគោមទោលមួយ ដែលមានទំហំធំជាងគេ ព្យួរនៅមុខក្លោងទ្វារផ្ទះ ឬ នៅចំកណ្តាលដីធ្លាភូមិ សម្រាប់ទុកជាតំណាងបណ្តូលនៃការជួបជុំ ប្រារព្ធបុណ្យចូលឆ្នាំ។

មានជំនឿអរូបីបែបបុរាណនិយមយល់ថា មនុស្សលើលោក សុទ្ធតែទទួលឥទ្ធិពល ពីផ្កាយនពគ្រោះ មានភពផែនអាទិត្យ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រនិងសៅរ៍ ជាដើម ហើយមាន ការចែកវេនគ្នា បំភ្លឺពេលថ្ងៃនិងយប់។ នៅពេលណា មនុស្សលោកបាត់បង់ពន្លឺពីភពផែនទាំងនេះ គេរស់នៅពុំមានសិរីមង្គលឡើយ។

២.ទ្រូ អង្រត់ កញ្ច្រែង ល្អី

របស់ទាំងនេះជាគ្រឿងតំណាងឲ្យប្រពៃណីខ្មែរយើង ដោយពេលតុបតែងលម្អក្នុងផ្ទះគឺជាការនឹករលឹកទៅបែបបុរាណកាល នៅស្រុកស្រែចម្ការ បង្ហាញពីលក្ខណៈជាខ្មែរបុរាណ មានភាពស្រស់ស្អាត និងមានសិរីសួស្ដីក្នុងផ្ទះរបស់ខ្លួន។

៣.ទង់ជាតិ ទង់សាសនា

ទិញទង់ជាតិ ទង់សាសនា ដើម្បីតុបតែងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺដើម្បីសុំសិរីសួស្ដី ហើយម្យ៉ាងវិញទៀត គឺដើម្បីឲ្យហេងៗនៅក្នុងឱកាសចូលឆ្នាំថ្មី ព្រោះថាប្រជាជនខ្មែររបស់យើង អ្នកមានជំនឿកាន់ព្រះពុទ្ធសាសនា ជាង ៩៥ភាគរយ ។ ហេតុដូច្នេះហើយគួរទិញសម្ភារទាំងអស់នេះ ដើម្បីតុបតែងផ្ទះ និងដើម្បីបង្ហាញពីការគោរពសាសនា ផ្សារភ្ជាប់ជាមួយប្រពៃណីទំនៀមទំលាប់ផងដែរ ។

៤.ផ្លាស់ប្ដូររបស់ប្រើប្រាស់ថ្មីៗក្នុងផ្ទះ

ទិញផ្លាស់ថ្មីនូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនដូចជា វាំងនន ពូក កន្ទេលខ្នើយ មុង ចានក្បាន តុទូរផ្សេងៗ ដោយគេជឿថានឹងនាំមកនូវអ្វីដែលថ្មី ឆ្នាំថ្មីសុភមង្គល លាភសំណាង ត្រជាក់ត្រជុំក្នុងផ្ទះ កើតមានសិរីសួស្ដីផងដែរ៕

អត្ថបទ៖ Su in

មតិយោបល់