• 2021-04-09 10:08:16
  • ព័ត៌មាន

អរគុណណាស់! តំណាងប្រទេសចំនួន ៣២ រួមគ្នាផ្ញើសារអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

  • 2021-04-09 10:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានស្ថានតំណាងនៃប្រទេសចំនួន ៣២ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានរួមគ្នាផ្ញើសារអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៥ ដែលនឹងចូលមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

តាមរយៈកាតជូនពរដែលមានទង់ជាតិចម្រុះពណ៌ និងឃ្លាប្រយោគជាភាសាខុសៗគ្នា ដែលមានខ្លឹមសារ «សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២១» បានឆ្លុះបង្ហាញពីចំណងមិត្តភាពជិតស្និទ្ធជាប្រពៃណី និងការគាំទ្រគ្នាទៅវិញទៅមករវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានទូតនៃបណ្តាប្រទេសជាមិត្តចំនួន ៣២ ទាំងពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «កម្ពុជាតូចពិត ចិត្តទូលាយ និងមានមិត្តច្រើន» ហើយបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ដែលជាអង្គទូតនៃប្រទេសទាំង៣២ ដែលបានគាំទ្រ ផ្តល់ពាក្យពេជន៍ជាភាសាជាតិរបស់ខ្លួន និងចូលរួមចុះហត្ថលេខាលើកាតជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

គួរបញ្ជាក់ថា កាតជូនពរឆ្នាំថ្មីចម្រុះភាសានេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃសហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាផ្នែកមួយនៃគោលនយោបាយទូតសេដ្ឋកិច្ចកម្ពុជាដល់ពិភពលោក។

ប្រភពអត្ថបទ ៖ ស្ថានឯកអគ្គរាជទូតប្រចាំប្រទេសថៃ

មតិយោបល់