• 2021-05-20 02:33:42
  • ព័ត៌មាន

មកដឹងពីដើមហេតុនៃជម្លោះរវាង អុីស្រាអែល និង ក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន

  • 2021-05-20 02:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្ទុះឡើងនៃជម្លោះអ៉ីស្រាអែល និង ប៉ាឡេស្ទីននៅក្នុងខែឧសភា ឆ្នាំ ២០២១ ត្រូវបានគេសម្គាល់ថាបានកើតឡើងដោយសារការតវ៉ា ពីសំណាក់ពលរដ្ឋ ប៉ាឡេស្ទីន លើការគ្រប់គ្រងហួសព្រំដែនរបស់កងកម្លាំងប៉ូលីស អុីស្រាអែល។ អំពើហិង្សាបានចាប់ផ្តើមនៅថ្ងៃទី ៦ ឧសភានៅពេលដែលការតវ៉ា របស់ប៉ាឡេស្ទីនបានចាប់ផ្តើមនៅក្រុង យេរូសាឡឹម លើសេចក្តីសម្រេចចិត្តរបស់តុលាការជាន់ខ្ពស់អ៉ីស្រាអែល លើការបណ្តេញគ្រួសារប៉ាឡេស្ទីនចំនួន ៦ នាក់ចេញពីសង្កាត់មួយនៅភាគខាងកើតនៃទីក្រុងយេរូសាឡឹម។

ក្រោមច្បាប់អន្តរជាតិ តំបន់ដែលត្រូវបានកាត់បញ្ចូលជាទឹកដីអ៉ីស្រាអែល គឺជាផ្នែកមួយនៃទឹកដីប៉ាឡេស្ទីនកាលពីអតីតកាល ដែលបច្ចុប្បន្នស្ថិតនៅក្រោមការកាន់កាប់ដោយអុីស្រាអែល។ ការតវ៉ាបានវិវត្តិយ៉ាងលឿនទៅជាការប្រឈមមុខដាក់គ្នាដោយហិង្សារវាងក្រុមបាតុករជនជាតិ ជ្វីហ្វ និង ប៉ាឡេស្ទីន។ នៅថ្ងៃទី ៧ ខែ ឧសភា ប៉ូលីស អ៉ីស្រាអែល បានវាយលុកចូលបរិវេណវិហារអ៊ីស្លាម អាល់អាសាល ដែលជាជាកន្លែងសក្ការៈបូជា របស់សាសនិកអ៊ីស្លាម។ ប៉ូលីសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកដៃ បង្ក្រាបទៅលើជនជាតិប៉ាឡេស្ទីន ដែលបានប្រើដុំថ្មគប់មកលើកងកម្លាំងប៉ូលីស។

នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២១ អ៉ីស្រាអែល មិនបានអើពើនឹងការដាក់ឱសានវាទរបស់ បា៉ឡេស្ទីន ឱ្យដកកម្លាំងរបស់ពួកគេចេញនោះទេ។ ភ្លាមៗនោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ២ក្រុមគឺ ហាម៉ាស និង ជីហាត បានចាប់ផ្តើមបាញ់រ៉ុក្កែតចូលទឹកដី អ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបានវាយប្រហារកន្លែងស្នាក់នៅនិងសាលារៀនមួយចំនួនរបស់ អុីស្រាអែល។ ជាការសងសឹក អ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមដែនអាកាសទៅលើតំបន់ហ្គាហ្សា វិញដូចគ្នា។ រហូតឈានមកដល់ ថ្ងៃទី ១៦ ខែ ឧសភា អុីស្រាអែល បានវាយប្រហារចំគោលដៅចំនួន ៩៥០ ទីតាំង។ អគារចំនួន ១៨ រួមមានប៉មខ្ពស់ៗ ចំនួន ៤ សាលារៀនចំនួន ៤០ និងមន្ទីរពេទ្យចំនួន ៤ ព្រមទាំងជំរំជនភៀសខ្លួន អាលសាទី របស់ប៉ាឡេស្ទីន ត្រូវបានវាយប្រហារកម្ទេចផងដែរ។

ជាលទ្ធផលនៃអំពើហឹង្សាររវាងគូជម្លោះទាំង២ បណ្តាលឱ្យប្រជាជនប៉ាឡេស្ទីន នៅតំបន់ ហ្គាហ្សាយ៉ាងហោចណាស់ចំនួន ២១៧ នាក់ត្រូវបានស្លាប់ ក្នុងនោះមានកុមារ ៦៣ នាក់ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ការបាញ់រ៉ុក្កែតរបស់ប៉ាឡេស្ទីន បានសម្លាប់មនុស្ស ១២ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ ការអំពាវនាវឱ្យមានបទឈប់បាញ់ ត្រូវបានស្នើរឡើងជាលើកដំបូងនៅថ្ងៃទី ១៣ ខែឧសភា ដោយក្រុមហាម៉ាស ប៉ុន្តែត្រូវបានច្រានចោលដោយ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

រហូតមកទល់ពេលនេះ ការវាយប្រហារគ្នាទៅវិញទៅមកនៅតែបន្ត ស្របពេលដែល ប្រទេសបារាំង អេហ្ស៊ីប និង ហ្សកដានី បានប្រកាសឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួយរកដំណោះស្រាយជាបន្ទាន់សម្រាប់បទឈប់បាញ់រវាង អុីស្រាអែល និង ក្រុមហាម៉ាស ប៉ាឡេស្ទីន៕

ប្រភព៖ BBC | Aljazeera ប្រែសម្រួល ៖ សង្ហា

មតិយោបល់