• 2021-05-31 05:15:31
  • ព័ត៌មាន

វៀតណាម រកឃើញវីរុសកូវីដពូជថ្មី កូនកាត់ ឥណ្ឌា និង អង់គ្លេស ឆ្លងរាលដាលលឿនតាមខ្យល់អាកាស

  • 2021-05-31 05:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃសៅរ៍ ទី​២៩ ខែឧសភា ឆ្នាំ២០២១ ប្រទេសវៀតណាមបានរកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយ ដែលអាចឆ្លងរាលដាលបានយ៉ាងលឿនតាមរយៈខ្យល់អាកាស។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម។ ប្រភពដដែលបានឱ្យដឹងទៀតថា វីរុសកូវីដប្រភេទថ្មីដែលទើបរកឃើញនេះ គឺជាការរួមបញ្ចូលគ្នារវាងវីរុសមានប្រភពពីប្រទេសឥណ្ឌា និង អង់គ្លេស។

ប្រទេសមួយនេះ កំពុងពុះពារដោះស្រាយជាមួយនឹងការផ្ទុះឡើងថ្មីៗនៅលើទឹកដីរបស់ខ្លួន រួមមានតំបន់ឧស្សាហកម្មនិងទីក្រុងធំៗ ដូចជាហាណូយ និង ហូជីមិញ។ វីរុសកូវីដបានឆ្លងទៅលើពលរដ្ឋជាង ៦.៧០០ ករណីរួមទាំងមានអ្នកស្លាប់ចំនួន ៤៧ នាក់ចាប់តាំងពីខែមេសា។

លោក ង្វៀន ថាញ់ឡុង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់ជាតិមួយស្តីពីការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ថា ''យើងបានរកឃើញពូជវីរុសកូនកាត់ថ្មីពីប្រទេស ឥណ្ឌា និង អង់គ្លេស។ លក្ខណៈនៃវីរុសពូជថ្មីនេះ គឺវាអាចឆ្លងរាលដាលយ៉ាងលឿនតាមខ្យល់អាកាស និង ប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានជុំវិញ" ។

លោក ថាញ់ឡុង មិនបានបញ្ជាក់ពីចំនួនករណីឆ្លង ដែលបានកត់ត្រាជាមួយវីរុសថ្មីនេះទេ ប៉ុន្តែបាននិយាយថា នៅពេលឆាប់ៗខាងមុខ វៀតណាម និងស្ថិតក្នុងផែនទីពិភពលោក ក្នុងនាមជាប្រទេសដែលមានពូជវីរុសកូវីដប្រភេទថ្មី៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី