• 2021-06-01 01:50:00
  • ព័ត៌មាន

មកដឹងពីប្រវត្តិ និងរឿងរ៉ាវនៅពីក្រោយការសាងសង់កំពង់ផែក្រុងព្រះសីហនុសព្វថ្ងៃនេះ

  • 2021-06-01 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ហើយក៏ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់​បំផុតដែលបានជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្ពោះទៅមុខ។ កំពង់ផែនេះមានទីតាំងនៅក្នុងតំបន់ឆ្នេរ​សមុទ្រខេត្តព្រះសីហនុដែលជាទីតាំងល្អបំផុត និងធានាបានការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។ កំពង់ផែនេះពិតណាស់គឺសំខាន់សម្រាប់កម្ពុជា ពោលគឺមិនត្រឹមតែបច្ចុប្បន្ននោះទេ គឺតាំងពីសម័យដើមមកម្ល៉េះ។ សូមមកដឹងពីប្រវត្តិដើមចមនៃការផ្ដួចផ្ដើមបង្កើតកំពង់ផែក្រុងព្រះសីហនុនេះទាំងអស់គ្នា៖

នៅមុនសម័យអាណានិគមបារាំង កំពង់ផែកំពត គឺជាច្រកនៃការដឹកជញ្ជូន និងការធ្វើដំណើរតាម ផ្លូវសមុទ្ររបស់ប្រទេសកម្ពុជា ក្រោយមក នៅសម័យបារាំង គឺបានបោះបង់លែងប្រើប្រាស់ កំពង់ផែកំពត ហើយគេប្រើប្រាស់ផ្លូវទឹកទន្លេមេគង្គ ចុះទៅកាន់សមុទ្រវិញ ដោយកាត់តាមប្រទេសវៀតណាម ភាគខាង ត្បូង ។ នៅដើមសតវត្សទី២០ បារាំង បានយកចិត្តទុកដាក់គិតគូរ ដល់ការបង្កើតច្រកសមុទ្រ តាមតំបន់ឆ្នេររបស់ប្រទេសកម្ពុជាវិញ ព្រោះកន្លងមក បារាំងយកចិត្តទុកដាក់ បង្កើតច្រកសមុទ្រ តែភាគខាងកើត ប៉ុណ្ណោះ ដោយចោលឈូងសមុទ្រសៀម ដែលមានផលប្រយោជន៍ដល់បារាំងផងដែរ ។

ឈរលើទស្សនៈខាងលើ បារាំងបានចាប់ផ្ដើមសិក្សាស្រាវជ្រាវ និងស្វែងរកទីតាំងដើម្បីបង្កើតផែសមុទ្រ នៅប្រទេសកម្ពុជា ហើយការសិក្សាស្រាវជ្រាវនេះ បានរកឃើញ ទីតាំងត្រង់តំបន់ឆកកំពង់សោម។ ប៉ុន្តែដោយសារគ្មានផ្លូវគមនាគមន៍តភ្ជាប់ដែលទាមទារឱ្យមានការចំណាយថវិកាច្រើន ក្នុងការសាងសង់ផ្លូវគមនាគមន៍ និងកំពង់ផែផងនោះ គម្រោងបង្កើតកំពង់ផែសមុទ្រត្រង់ឆកកំពង់សោម ក៏ត្រូវទុកចោល ជាបណ្ដោះអាសន្នសិន ព្រោះស្ថានភាពសេដ្ឋកិច្ចនាពេលនោះ មិនអាចធានាដល់ការចំណាយដ៏ច្រើន សន្ធឹកសន្ធាប់នេះបាន ។

បន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ ផែនការបង្កើតច្រក តាមសមុទ្រនៅកម្ពុជានេះ ក៏ត្រូវបានលើកឡើង ម្តងទៀត ។ ហើយនៅឆ្នាំ ១៩២៥ មានការស្ថាបនាផ្លូវពីកំពត ទៅរាម ដែលអាចអនុញ្ញាត ឱ្យគេស្ថាបនានូវ ឋបនភណ្ឌ ជាច្រើន នៅកំពង់ផែរាម ។ ការជ្រើសរើសយក សមុទ្ររាមនេះ មានអត្ថប្រយោជន៍ពីរ ទីមួយអាចជាទីតាំងធ្វើកំពង់ផែ និងទីពីរ គេអាចធ្វើផ្លូវគមនាគមន៍ជើងគោក ភ្ជាប់មកតំបន់ផ្ទៃក្នុងប្រទេស បានផងដែរ ។

ប៉ុន្តែជាក់ស្តែង រាម គ្រាន់តែជាកំពង់ផែដីតូច សម្រាប់កងនាវាចរណ៍ ដែលពុំអាចធ្វើឱ្យមានការរីកចម្រើន ខាងសេដ្ឋកិច្ច និងតំបន់ឆ្នេរសមុទ្រនៃប្រទេសបានទេ ។ គម្រោងនៃការបង្កើតកំពង់ផែថ្មីមួយទៀត ក៏ត្រូវបានសិក្សាស្រាវជ្រាវ ជាបន្តបន្ទាប់ នៅឆ្នាំ១៩៣៧,១៩៤២ និង១៩៤៨ ប៉ុន្តែ ដោយសារសង្គ្រាម និងការបំផ្លាញផ្លូវពីកំពត ទៅរាម នោះបានកាត់ផ្តាច់មិនឱ្យគម្រោងខាងលើសម្រេចជារូបរាងឡើយ ។

នៅឆ្នាំ១៩៤៨ កំពង់ផែភ្នំពេញ នៅតែជាកំពង់ផែដ៏ធំមួយ នៃប្រទេសដដែល ។ នៅក្រោយពេល បានឯករាជ្យនាឆ្នាំ១៩៥៣ ភាពចាំបាច់ ដែលត្រូវបង្កើតកំពង់ផែសមុទ្រ នៅលើទឹកដីកម្ពុជា កាន់តែសំខាន់ឡើង ។ ព្រោះការដឹកជញ្ជូនតាមទន្លេមេគង្គ អាចធ្វើបាន តែនាវាដឹកទំនិញធុនមធ្យមដែលមានបាតចុះទៅក្នុងទឹកជម្រៅមិនហួសពី ៤,១០ ម៉ែត្រ ។ ការបង្កើតកំពងផែ ដែលអាចឱ្យកប៉ាល់ដឹកជញ្ជូន ធំៗ ចូលចត ដូចជាកបាល់ដឹកប្រេងជាដើម ទាមទារឱ្យរដ្ឋាភិបាល ត្រូវតែធ្វើការសម្រេចពីបញ្ហានេះជាបន្ទាន់ បន្ទាប់ពី បានឯករាជ្យ ។ នៅដើមឆ្នាំ១៩៥៤ រាជរដ្ឋាភិបាល បានសម្រេច ឲ្យស្ថាបនាកំពង់ផែសមុទ្រមួយ ដែលអាច ឱ្យនាវាដឹកជញ្ជូន ធំៗចូលចតបាន ។

ការជ្រើសរើសទីតាំង កំពង់ផែសមុទ្រ បន្ទាប់ពីការសិក្សា ក្នុងការជ្រើសរើសទីតាំងកំពង់ផែសមុទ្រនេះ គេមើលឃើញទីតាំង ពីរកន្លែង ជិតកោះ ដែលមានជម្រៅទឹកប្រហែល ១០ ម៉ែត្រ។ កន្លែងទី១ ស្ថិតនៅប៉ែកអាគ្នេយ៍ឆកកំពង់សោម ជិតកោះពស់ (ត្រង់ទីតាំងសព្វថ្ងៃ) និងទីកន្លែងមួយទៀត ស្ថិតនៅប៉ែកនិរតីឆកកំពង់សោម ដោយគេមិនជ្រើស រើសយកតំបន់ រាម ទេព្រោះទីកន្លែងនោះមានជម្រៅទឹក កំពស់ប្រហែល ៦ម៉ែត្រ ហើយគេក៏មិនជ្រើស យកតំបន់ឆ្នេររាបស្មើ ពីរាម ទៅដល់ព្រំដែនប្រទេសវៀតណាមដែរ ។ ដោយមូលហេតុពិបាកធ្វើដំណើរទៅដល់។

ការសម្រេចជាចុងក្រោយ គេបានបោះបង់ចោលកនែ្លងទី២ គឺភាគខាងនិរតីមកកំពង់សោម ដោយ ជ្រើសរើសទីតាំងសម្រាប់ សាងសង់កំពង់ផែនោះ គឺភាគអាគ្នេយ៍ នៃឆកកំពង់សោម ជិតកោះពស់វិញ ដោយសារកន្លែងនោះ អំណោយផលសម្រាប់ការសាងសង់ និងមានជម្រៅទឹកជ្រៅ មិនចាំបាច់បូមខ្សាច់ សមុទ្រ កាយដីចេញនោះទេ។

តំបន់ឆ្នេរនេះជាតំបន់មួយ ដែលមានព្រៃក្រាស់ រហូតដល់មាត់ច្រាំង ហើយពុំមានមនុស្សចូលទៅដល់ឡើយ ។ ថ្វីបើតំបន់នេះ មានការលំបាក ក្នុងការធ្វើដំណើរទៅដល់ក៏ដោយ តែទីតាំងនេះ គឺជាទីតាំងអំណោយផល ជាងកន្លែងដទៃទៀត ក្នុងការសាងសង់កំពង់ផែ ដោយសារមានជម្រៅទឹកជ្រៅ ដែលធ្វើអោយ ការចូលចត របស់កប៉ាល់ ឬនាវា មានភាពងាយស្រួល គ្រប់ពេល និងគ្រប់រដូវ ហើយមានចម្ងាយពីភ្នំពេញ ជិតជាង កន្លែងផ្សេងទៀត ។ លើសពីនេះ តាមការសិក្សា និងការពិនិត្យមើលជារួម នៅទីតាំងនេះ អាចមានលទ្ធភាព ក្នុងការពង្រីកនូវកំពង់ផែ ទៅថ្ងៃក្រោយទៀត ប្រសិនបើមានភាពចាំបាច់ ដែលស្របតាមការរីកចម្រើន របស់ប្រទេសជាតិ ។

នៅពីមុខតំបន់ដែលត្រូវសង់កំពង់ផែនោះ គឺមានកោះពស់ ដែលជារបាំង អាចការពារខ្យល់ព្យុះ បាន ហើយនៅចន្លោះកោះពស់ និងឆ្នេរ មានជម្រៅទឹក សម្រាប់ផ្លូវកប៉ាល់ចូលមានពី ១១ទៅ ១៣ម៉ែត លើកលែងកន្លែងដែលមានថ្ម គឺមានជម្រៅ ៨,៤ ម៉ែត្រ ដូច្នេះកប៉ាល់ អាចចេញចូលមក កំពង់ផែបាន និងបានក្លាយជាកំពង់ផែសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជារហូតមកដល់បច្ចុប្បន្ន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទដកស្រង់ដោយ ៖ Su In

មតិយោបល់