• 2021-06-02 03:49:35
  • ព័ត៌មាន

ត្រៀមតែលុយចាក់សាំងទៅ! ផ្លូវល្បឿនលឿន នឹងឆ្លងកាត់ខេត្តទាំងនេះ ទេសភាពស្អាតខ្លាំង

  • 2021-06-02 03:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាពីភ្នំពេញទៅ ខេត្តព្រះសីហនុ ប្រវែង ១៩០ គីឡូម៉ែត្រ ដែលចំណាយត្រឹម ២ម៉ោង ទៅដល់កំពង់សោម ពេលនេះរួចរាល់ប្រមាណ ៦០% ហើយ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ។ នេះបើតាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ០២ មិថុនា ឆ្នាំ២០២១ ។

ចំពោះផ្លូវល្បឿនលឿន ប្រវែង ១៩០ គីឡូម៉ែត្រ នេះត្រូវបានតភ្ជាប់ពីពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ យ៉ាងណាមិញ គួរបញ្ជាក់ដែរថា ចំពោះផ្លូវល្បឿនលឿន គឺត្រូវបានធ្វើឡើងដោយឆ្លងកាត់ខេត្តចំនួន ៣ និងក្រុង២ ដោយ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ពីផ្លូវល្បឿនលឿនមួយខ្សែនេះគឺ គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវទទឹង៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហមទទឹង ០,៧៥ម៉ែត្រសងខាង។ មានការសាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។ សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។ សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង។ បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់