- 2021-06-14 08:37:08
- ព័ត៌មាន
ក្រៅពីប្រាសាទទៅដល់សៀមរាបហើយ កុំភ្លេចទៅលេង ៥កន្លែងនេះ ទេសភាព ស្រស់ស្រាយខ្លាំងណាស់
- 2021-06-14 08:37:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីប្រាសាទទៅដល់សៀមរាបហើយ កុំភ្លេចទៅលេង ៥កន្លែងនេះ ទេសភាព ស្រស់ស្រាយខ្លាំងណាស់
ចន្លោះមិនឃើញ
នៅពេលដែលអ្នកសម្រេចចិត្តធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តសៀមរាប អ្នកប្រាកដជានឹកដល់ការទស្សនាប្រាង្គប្រាសាទបុរាណដ៏អច្ឆរិយរបស់កម្ពុជា ប៉ុន្តែក្រៅពីនេះដែនដីមួយនេះមានតំបន់ទេសចរណ៍ជាច្រើនបែបធម្មជាតិស្អាតៗ ដែលអ្នកទាំងអស់គ្នាអាចមិនធ្លាប់ដឹង ។ ថ្ងៃនេះ Sabay នឹងបង្ហាញតំបន់ទេសចរណ៍ស្អាតៗ ៥ កន្លែងនៅស្រុកបន្ទាយស្រី ភ្ញៀវទេសចរគួរតែទៅទស្សនាឱ្យបានស្គាល់នៅពេលដែលបានទៅដល់សៀមរាប ។ ក្នុងនោះមានដូចជា៖
១.ម្លប់ក្រូចម៉ាឡេ
ជារមណីយដ្ឋានថ្មីមួយកន្លែងទៀតហើយរបស់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតនៅជើងភ្នំហប់ ហើយហុំព័ទ្ធជុំវិញទៅដោយទេសភាពខៀវស្រងាត់ អមជាមួយសួនផ្កា ចំរុះពណ៌ដ៏ស្រស់បំព្រង។នៅពេលដែលទេសចរធ្វើដំណើរទៅដល់ទីកន្លែងនេះ ពិតណាស់គឺមិនខកបំណងឡើយ ព្រោះថាម្លប់ក្រូចម៉ាឡេមានទេសភាពត្រជាក់ភ្នែក ត្រជាក់កាយ សប្បាយក្រោមដើមឫស្សីដ៏ស្រស់ស្អាតពណ៌ខៀវស្រងាត់ អង្គុយពិសារអាហារនៅផ្ទៃទឹក ខ្យល់បក់ល្ហៀក លាយឡំនិងខ្លឹនស្លឹកឈើ វល្លិ៍ផ្កាព្រៃ ក្រអូបសាយ ហើយអាចគយគន់ទេសភាពព្រៃព្រឹក្សានៅកន្លែងដែលខ្ពស់ក៏បានព្រោះអាចមើលឃើញទិដ្ឋភាពភ្នំជុំវិញខ្លួនពិតជាស្រស់ស្អាតក្រៃឡែង។
២.រមណីយដ្ឋានទេសចរណ៍បឹងឈូកបន្ទាយស្រី
ទេសភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋានទេសចរណ៍បឹងឈូកបន្ទាយស្រី ផ្កាចម្រុះពណ៌រីកស្គុះស្គាយនៅមុខបឹងប្រឹងបង្អួតសម្រស់ អមជាមួយការកែលម្អនូវស្ពានឈើថ្មី ដែលជាកន្លែងកំសាន្តមួយបែប លក្ខណៈធម្មជាតិលើផ្ទៃទឹក ក្បែរជើងភ្នំ។ រមណីយដ្ឋានទេសចរណ៍បឹងឈូកបន្ទាយស្រីមានទីតាំង ស្ថិតនៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅផ្លូវចូលទល់មុខ វត្តបន្ទាយស្រី ចំងាយ ២គីឡូម៉ែត្រ។ ទេសចរមកកម្សាន្តទីនេះគឺអាចជិះទូកលំហែរអារម្មណ៏ លាយឡំនឹងបរិយាកាសក៏ល្អ ខ្យល់ក៏បរិសុទ្ធ ជាឳកាសល្អសម្រាប់ជួបជុំគ្រួសារ មិត្តភ័ក្តិ បងប្អូន សម្រាកទទួលទានអាហារឆ្ងាញ់ៗ បន្ទូរអារម្មណ៍ សោយសុខសម្រស់ព្រៃភ្នំយ៉ាងត្រជាក់ចិត្តបំផុត។
៣.បងធំហូមស្តេ (Bong Thom Homestay )
ប្តូរបរិកាសមកកំសាន្តអារម្មណ៏លក្ខណៈបុរាណជាមួយសំលៀកបំពាក់ និងផ្ទះអាយុកាលជាង១០០ឆ្នាំ ហើយក៏មានផ្ទះស្នាក់ផងដែរក្នុងការមកសំរាកតាមបែបធម្មជាតិព្រៃព្រឹក្សា ត្រជាក់កាយ សប្បាយភ្នែក រំលែកនូវទុកកង្វល់ បន្សល់នូវរូបភាពល្អៗ ជាមួយនិងធម្មជាតិបៃតងដ៏ស្រស់បំព្រង នៅហូមស្តេមួយកន្លែង ក្នុងស្រុកបន្ទាយស្រី។
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី បងធំហូមស្តេ
៤. ធម្មជាតិស្រះខ្វាវ
តំបន់ធម្មជាតិនេះទេសចរនឹងរីករាយជាមួយទេសភាពវាលស្រែវាលស្រូវ ផ្លូវដើរស្ពានឈើ មើលនាយមើលអាយ ស្រស់ស្រាយសប្បាយចិត្ត ស្រូបយកខ្យល់ដ៏បរិសុទ្ធនាពេលព្រឹកព្រលឹម ជិះទោង ថតរូបកម្សាន្ត សប្បាយជួបជុំគ្រួសារ មិត្តភក្តិ បងប្អូន ក្នុងថ្ងៃចុងសបា្តហ៍ ញាំអាហារដ៏ឈ្ងុយឆ្ងាញ់ ។
៥. សួនក្រអូបឃុនរាម
សំរាកចុងសប្តាហ៏ទៅលេងបុប្ផា ក្នុងសួនផ្ការីកស្គុះស្គាយ តាមជើងភ្នំ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល ដែលមានផ្កាច្រើនប្រភេទ ច្រើនពណ៌ចំរុះបណ្តុះជាជួររៀបរយ។ ទីនេះផងដែរក៏មានទទួល ការរៀបចំបោះតង់ និងអាហាររដ្ឋានដែលមានរសជាតិឈ្ងុយឆ្ងាញ់ តំលៃសមរម្យ រសជាតិប្រចាំអ្នកភូមិឃុនរាមនេះតែម្តង។ ទីតាំងស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ច្រកចូលជាប់របងមណ្ឌលសុខភាពឃុនរាម) ហើយម្នាក់ចំណាយតំលៃត្រឹមតែ៤ពាន់រៀល សម្រាប់ការកំសាន្តក្នុងសួននេះ ៕
ប្រភព៖តោះទៅលេងបន្ទាយស្រី និងលោកអភិបាលស្រុក ឃឹម ហ្វីណង់