• 2021-06-15 03:20:15
  • ព័ត៌មាន

មកស្គាល់អគារខ្ពស់ជាងគេបំផុតនៅតំបន់អាស៊ាន ខ្ពស់ស្កឹមស្កៃ វ៉ាដាច់អគារភ្លោះនៅ ម៉ាឡេសុី

  • 2021-06-15 03:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Landmark 81 ជាអាគារខ្ពស់កប់ពពក មានទីតាំងនៅក្រុងហូជីមិញ ប្រទេសវៀតណាម។ អគារនេះជាអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន។ គម្រោងនៃការសាងសង់អគារនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនសាជីវកម្មនិងអចលនទ្រព្យធំជាងគេរបស់ប្រទេសវៀតណាម។ Landmark 81 គឺជាអាគារខ្ពស់ជាងគេនៅវៀតណាម និងខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ ដោយចំណាត់ថ្នាក់នៅលើពិភពលោកគឺជាអគារខ្ពស់ជាងគេលំដាប់ទី ១៥។

អគារ Landmark 81 មានកម្ពស់ ៤៦១,១៥ ម៉ែត្រ និង៨១ ជាន់ ត្រូវបានសាងសង់នៅលើច្រាំងខាងលិចនៃទន្លេសាយហ្គន ក្នុងស្រុកប៊ីនថាញ់ ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រទីក្រុងហូជីមិញ និងនៅខាងត្បូងស្ពានសាយហ្គន។ អគារខ្ពស់កប់ពពកនេះគឺជាបេះដូងនៃតំបន់ទីប្រជុំជនដែលមានឈ្មោះថា Vinhomes Central Park ។ ហេដ្ឋរចនាសម្ព័ន្ធរួមនៅក្នុងអគារ មានសណ្ឋាគារប្រណិតលំដាប់ផ្កាយ ៥, កន្លែងលក់ទំនិញដ៏សម្បូរបែប, ភោជនីយដ្ឋាន, បារលំដាប់ខ្ពស់, កន្លែងធ្វើការ និងកន្លែងមើលទេសភាពដែលអាចមើលឃើញទិដ្ឋភាពទីក្រុង ហូជីមិញទាំងមូល។

ពិធីបើកការដ្ឋានសាងសង់អគារ Landmark 81 ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៤កន្លងទៅ។ ដោយនៅក្នុងខែតុលា ឆ្នាំ ២០១៧ ការសាងសង់បានបញ្ចប់ជាន់ទី ៦៩ និងនៅត្រឹមខែមករា ឆ្នាំ ២០១៨ សំណង់បានបញ្ចប់នៅគ្រប់ជាន់ទាំងអស់ ដោយនៅតែផ្នែកខាងលើដែលនៅសល់ប៉ុណ្ណោះ។ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨ ផ្នែកចុងក្រោយនៃអគារនេះត្រូវបានសាងសង់បញ្ចប់។ អគារដែលខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាននេះ បានបើកជាផ្លូវការនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីប្រារព្ធខួបលើកទី ២៥ នៃក្រុមហ៊ុន Vingroup ។

អគារកម្ពស់ ៨១ជាន់នេះ ត្រូវបានរចនាម៉ូតសម្រាប់សាងសង់ដោយក្រុមហ៊ុន រចនាម៉ូតដ៏ល្បីល្បាញរបស់អង់គ្លេស Atkins។ ក្រុមហ៊ុនរចនាម៉ូតរបស់អង់គ្លេសមួយនេះក៏ធ្លាប់បានរចនាម៉ូតនៃអគារដ៏ខខ្ពស់ស្កឹមស្កៃនិងល្បីល្បាញរបស់អារ៉ាប់ផងដែរ គឺ អគារ Burj Al Arab។ អគារដែលជាបេះដូងនៃទីក្រុងហូជីមិញ ចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណ ១,៤ពាន់លានដុល្លារអាមេរិក ដែលមានសរុបទាំងអស់ ៨១ជាន់ និង ផ្នែកខាងលើបំផុតមានបំពាក់អង់តែនសម្រាប់គ្របដណ្តប់ការផ្សាយរបស់ទូរទស្សន៍ទៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងក្រុង។ ជាន់ទី ៧៩ នៃអគារ Landmark 81 មានកន្លែងអង្គុយហូបកាហ្វេ និង ជាន់ទី ៨១ ហៅថា SkyTouch ភ្ញៀវអាចទស្សនាគយគន់ទិដ្ឋភាពទាំងមូលនៃទីក្រុង ហូជីមិញ ប្រកបដោយខ្យល់អាកាសបរិសុទ្ធ ដោយគេគិតថ្លៃសំបុត្រប្រហែល ១៧ដុល្លារ សម្រាប់កុមារ និង ៣៥ដុល្លារសម្រាប់មនុស្សពេញវ័យ៕

ប្រភព៖ The Tower Info ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម