• 2021-06-18 10:45:50
  • ព័ត៌មាន

ឈូសចាយផ្លូវ​ភូមិស្រាប់តែប្រទះ ឡ​ផលិតកុលាលភាជន៍ សម័យអង្គរ​អាយុកាលជាង១ពាន់ឆ្នាំនៅសៀមរាប

  • 2021-06-18 10:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំងឡបុរាណសម្រាប់ផលិតកុលាលភាជន៍ដែលមានអាយុកាលជាង១០០០ឆ្នាំនៅជើងភ្នំគូលែន ត្រូវបានប្រទះឃើញក្រោយមានការឈូសឆាយលើកផ្លូវចូលទៅក្នុងសហគមន៍ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិសសី នៃឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ស្ថានីយទ្បដុតកុលាលភាជន៍បុរាណមួយនេះស្ថិតនៅជាប់នឹងត្រពាំងបុរាណមួយឈ្មោះ”ត្រពាំងនាងសណ្តាយ” ដែលជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណដ៏ធំមួយនាដើមសម័យអង្គរ ប្រភេទស្រទាប់រលោងពណ៌បៃតងដែលផ្តើមផលិតក្នុងរវាងសតវត្ស ទី៩-១០ នៃគ.ស ដែលកុលាលភាជន៍ចេញពីតំបន់នេះធ្លាប់ត្រូវបានគេប្រទះឃើញនៅតាមស្ថានីយកំណាយផ្សេងៗក្នុងខេត្តសៀមរាប ក៏ដូចជាតំបន់ផ្សេងៗទៀតនៅភាគខាងត្បូងនៃប្រទេសវៀតណាមសព្វថ្ងៃទៀតផង។

ពិតមែនតែទីតាំងនេះធ្លាប់ត្រូវបានសិក្សាបុរាណវិទ្យាក្នុងពេលកន្លងមក និងត្រូវបានចុះក្នុងបញ្ជីបុរាណដ្ឋានរួចហើយក្តី ប៉ុន្តែកង្វះខាតនៃថវិកាទ្រទ្រង់មិនទាន់អនុញ្ញាតឱ្យការងារអភិរក្សធ្វើទៅបាននៅឡើយទេ។ តាមការពិនិត្យជាក់ស្តែង ការឈូសឆាយនេះមិនទាន់បានប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធ និងគ្រឿងបង្គុំរបស់ឡនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីអភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់។

ជាវិធានការណ៍បន្ទាន់ ក្រុមការងារចម្រុះរបស់រដ្ឋបាលស្រុក និងអាជ្ញាធរជាតិអប្សរាបានដាក់របាំងការពារ ហាមឃាត់ការឈូសឆាយបន្ត កាយប្រមូលដីដែលបានយកចេញពីជើងទួលមកពូនបិទកន្លែងខូចខាតទ្បើងវិញ ព្រមទាំងអប់រំណែនាំឱ្យប្រជាជនរស់នៅក្បែរស្ថានីយនេះជួយអភិរក្ស និងរក្សាគម្លាតឱ្យដាច់ចេញពីទីទួលបុរាណនេះផងដែរ។ អាជ្ញាធរជាតិអប្សរាក៏នឹងសហការជាមួយរដ្ឋបាលស្រុករៀបចំបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ ដើម្បីបញ្ជៀសការឈូសឆាយនៅថ្ងៃមុខទៀត៕ ប្រភព៖ ​ឃឹម ហ្វីណង់ - Khim Finan

មតិយោបល់