• 2021-07-12 02:59:47
  • ព័ត៌មាន

លោកជំទាវ ឱ វណ្ណឌីន៖ បើហ៊ានតែហួសបន្ទាត់ក្រហមនោះ យើងនឹងប្រឈមបញ្ហាធ្ងន់ធ្ងរ មានការរាតត្បាតមិនដឹងក្បាលដឹងកន្ទុយ

  • 2021-07-12 02:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្ថានភាពនៃជំងឺកូវីដ-១៩កំពុងតែព្រួយបារម្ភមែនទែន ដែលកម្ពុជាអាចនឹងឈានហួសបន្ទាត់ក្រហម ក្នុងករណីដែលបុគ្គលមួយចំនួននៅតែមិនយកចិត្តទុកដាក់អនុវត្តវិធានការការពារឱ្យបានហ្មត់ចត់ទេនោះ។ ពួកយើងត្រូវធ្វើសកម្មភាពទាំងអស់គ្នាជាបន្ទាន់ និងដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផ្លាស់ប្តូរស្ថានការណ៍ពេលនេះ ព្រោះថាពេលនេះស្ថានភាពនៃការរីករាលដាលវីរុសទ្រង់ទ្រាយធំនៅក្នុងសហគមន៍ កំពុងតែនៅចំពោះមុខយើងទាំងអស់គ្នាហើយ ក្នុងករណីយើងមិនយកចិត្តទុកដាក់អនុវត្តទេនោះ។ នេះដោយយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។

តាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងស្ថានភាពនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖«បើហ៊ានតែឈានហួសបន្ទាត់ក្រហមនោះ យើងនឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាងពេលនេះ ហើយបើនិយាយឱ្យស្រួលយល់ គឺនឹងមានការរាតត្បាតដែលមិនដឹងក្បាលដឹងកន្ទុយ ដែលស្មើនឹងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង ករណីមរណភាពក៏នឹងកើនឡើងច្រើនជាង បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត»។

ថ្លែងក្នុងន័យស្រដៀងគ្នា និងតាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) ដូចគ្នា លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានលើកឡើងពីកង្វល់ដែលស្ថានភាពនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ ហាក់ពុំមានធូរស្រាលនៅឡើយ ដោយករណីឆ្លងថ្មី និងមរណភាពថ្មី ប្រចាំសប្តាហ៍ នៅតែបន្តកើនឡើង បើទោះជាកម្ពុជាបាននិងកំពុងពុះពារប្រយុទ្ធនឹងវីរុសកូវីដ-១៩ ក៏ដូចជាពពួកបំប្លែងថ្មី នេះសបញ្ជាក់ឱ្យឃើញថាវិធានការការពារដែលមានស្រាប់ហាក់ពុំគ្រប់គ្រាន់ ដូច្នេះទាមទារឱ្យមានវិធានការថ្មីៗ បន្ថែមទៀត។

លោកស្រីវេជ្ជបណ្ឌិត ក៏បានបង្ហាញនូវកង្វល់ដែលថា កម្ពុជាកំពុងឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដែលធ្វើឱ្យមូលដ្ឋានសុខាភិបាលសាធារណៈមិនអាចទ្រទ្រង់បាន ដែលកត្តានេះនឹងធ្វើឱ្យអត្រាមរណៈ កាន់តែកើនឡើង ហេតុដូច្នេះហើយបុគ្គលគ្រប់រូបត្រូវតែចូលរួមអនុវត្តជាបន្ទាន់ នូវវិធានការសុខាភិបាល ប្រកបដោយការទទួលខុសត្រូវ និងម៉ត់ចត់ជាទីបំផុត៕

ប្រភព៖ក្រសួងព័ត៌មាន

អត្ថបទសម្រួលដោយ : Su In

មតិយោបល់