• 2021-07-16 01:35:00
  • ព័ត៌មាន

សាន សុភា៖ សហគ្រិនវ័យក្មេងចាយលុយ ១លានដុល្លារ​បើករីស៊តលំហែបែបស្រុកស្រែសម័យកូវីដ

  • 2021-07-16 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយ:ជិត២ឆ្នាំហើយដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងតែប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ជំងឺនេះបានជះឥទ្ធិពលខ្លាំងដល់មុខរបរអាជីវកម្មផ្សេងៗសឹងទាំងអស់បានបិទ និងអាចប្រឈមមុខបិទជាបន្តបន្ទាប់។ អាជីវកម្មផ្នែកសេវាកម្ម សណ្ឋាគារភោជនីយដ្ឋាន អ្នកធ្វើការនៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍មានផលប៉ះពាល់ខ្លាំងជាងគេដោយសារជំងឺកូវីដ១៩នេះនៅបន្តអូសបន្លាយ។ ជាក់ស្តែងអាជីវកម្មក្នុងវិស័យទេសចរណ៍ជិត ៣០០០កន្លែងនៅកម្ពុជាត្រូវបានបិទ និងអាជីវកម្មជាច្រើនទៀតជួបបញ្ហាជាបន្តបន្ទាប់។

ម្ចាស់រីស៊តបែបស្រុកស្រែមួយនៅភូមិកោះចំការ ឃុំបឹងស្រឡាងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ជាក់ថា ខ្លួននឹងគ្រោងបើកដំណើរការរីស៊តស្រុកស្រែរបស់របស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២១ខាងមុខ ក្រោយចំណាយថវិកាទាំងដុំ និងពេលវេលាជាង១ឆ្នាំរួចមក។

«តើហេតុអ្វីបានជាម្ចាស់រីស៊តស្រុកស្រែវ័យក្មេងខាងលើហ៊ានសម្រេចចិត្តយកលុយទាំងដុំទៅវិនិយោគផ្នែកសេវាកម្មទេសចរណ៍ដែលជាវិស័យប្រឈមមុខខ្លាំងក្នុងសម័យកូវីដនេះទៅវិញ?»

លោក សាន សុភា ម្ចាស់រីស៊ត​​ ក្រៀល-The Crane Resort

ចំណុចចាប់ផ្តើមនៃអាជីវកម្មអាជីវកម្មរបស់លោក សាន សុភា ម្ចាស់រីស៊តនៅ កំពង់ត្រាច រូបនេះគឺ «ប្រហែល២-៣ មុនខ្ញុំបានមកទីនេះ ហើយជិះឆ្លងកាត់ ពេលនោះមកលេងព្រំដែនទេ ពេលមកដល់ទីនេះមានទេសភាពវាលស្រែ បឹងផ្លុង សត្វស្លាប ហើយខ្ញុំចូលចិត្ត និងស្រឡាញ់ធម្មជាតិ សត្វស្លាប និងភ្នំ នៅទីនេះមានសត្វស្លាបចម្រុះច្រើននៅអន្លង់ព្រីង ភ្នំធម្មជាតិ ជាប់ព្រំប្រទល់ប្រទេសវៀតណាម ហើយខ្ញុំគិតថានៅទីនេះជាតំបន់មួយដែលមានសក្តានុពល ធម្មជាតិនៅទីនេះមានអំណោយផល បើសិនជាបង្កើតកន្លែងស្នាក់ ឬក៏រមណីយដ្ឋានកម្សាន្តមួយដើម្បីទាក់ទាញភ្ញៀវទេសចរ»។

ក្រៅពីមូលហេតុស្រឡាញ់ខាងលើ លោក សាន សុភា មានគំនិតបែបវិជ្ជមានថា «ខ្ញុំគិតថាជំងឺកូវីដនេះវាមិនងាយចប់ទេ នៅលើពិភពលោកគឺគេកំពុងរស់នៅជាមួយកូវីដ ហើយយើងរាល់ថ្ងៃ ប្រទេសកម្ពុជាយើងក៏កំពុងតែរៀនរស់ជាមួយកូវីដដែរ ប្រជាពលរដ្ឋគឺគាត់មិនអាចថា ខ្លាចកូវីដគាត់នៅតែក្នុងផ្ទះ គាត់មិនប្រកបអាជីវកម្ម គាត់មិនចេញដើរហើយ មិនចេញរកស៊ីពាណិជ្ជកម្មអីផ្សេងៗកើតទេ គាត់ត្រូវតែចេញ។ ខ្ញុំគិតថាអាចរយៈពេល១ឆ្នាំ ឬ២ឆ្នាំ បើទោះកូវីដមិនស្ងប់ក៏ដោយ អាជីវកម្មខាងផ្នែកទេសចរណ៍ដែលខ្ញុំបង្កើតនេះនឹងអាចដើរទៅមុខ ដោយសារមនុស្សយល់ដឹងពីកូវីដ ចេះការពារ និងប្រុងប្រយ័ត្ន» នេះជាហតុផលទី១។

ភ្ញៀវទេសចរកំពុងជិះទូកកម្សាន្តនៅតំបន់ភ្នំធម្មជាតិ «ភ្នំទឹកតូច» ជិតព្រំដែនវៀតណាម

ហេតុផលទី២ «កូវីដធ្វើឲ្យពួកគាត់ស្មុគខ្លាំងណាស់ នៅតែក្នុងផ្ទះភ័យខ្លាចៗ តែនៅពេលដែលពួកគាត់រៀនរស់នៅកូវីដសាំុទៅគាត់នឹងដើរហើយដោយប្រុងប្រយ័ត្នដោយជ្រើសរើសកន្លែងដើរកម្សាន្តដែលគិតថាសុវត្ថិភាព»។ ហេតុផលទី៣«រឿងចាក់វ៉ាក់សាំងការពារជំងឺកូវីដ នៅពេលដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំគ្រប់គ្នាត្រឹមត្រូវហើយ នោះបញ្ហាទាំងនេះនឹងកាន់តែល្អប្រសើឡើង ដូចរាជរដ្ឋាភិបាលបានបញ្ជាក់អ៊ីចឹងយើងមានវ៉ាក់សាំំគ្រប់គ្រាន់សម្រាប់ចាក់ប្រជាជនទាំងអស់នៅកម្ពុជា»។ ហេតុផលទី៤«គឺចង់ចូលរួមឲ្យវិស័យទេសចរណ៍មានការរីកចម្រើន និងខ្ញុំចង់ជម្រុញឲ្យវិនិយោគិនមានការភ័យខ្លាច ឲ្យចេះឆក់ឪកាស រៀនរស់ និងបង្កើតអាជីវកម្មណាដែលអាចដើរបានក្នុងសម័យកូវីដនេះ»។

ផ្ទះបឹងកាឡូនៅពេលព្រឹកថ្ងៃរះ

ម្ចាស់រីស៊ត «ក្រៀល» វ័យ៣៣ឆ្នាំនេះបន្ថែមថា ចំពោះហានិភ័យយើងបានគិតមុនរួចហើយ យើងមិនមែនធ្វើសម្រុកទេ គឺធ្វើសន្សឹមៗរងចាំកូវីដវាស្បើយ និងប្រជាពលរដ្ឋយល់ដឹងពីការការពារពីជំងឺកូវីដ។ យើងត្រូវរឹតបន្តឹងការការពារតាមវិធានរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ បាញ់អាកុល និងស្កេន QR កូដមុននឹងចូលកន្លែងរបស់យើង។ គ្រប់ការវិនិយោគ គឺត្រូវតែមានហានិភ័យ តែយើងនៅតែជឿជាក់ក្នុងវិស័យនេះវានឹងល្អប្រសើរឡើងវិញ។ «ឧបមាថា បើយើងមានលុយ១លានដុល្លារ ហើ់យអង្គុយកាន់រហូតដល់កូវីដចប់ លុយនោះវាប្រាកដជាអស់បន្តិចម្តងៗបើយើងមិនធ្វើអី ត្រូវចំណាយផ្សេងៗអស់ដដែល អ៊ីចឹងបើយើងយកទៅវិនិយោគទៅវានឹងអាចកើនលុយបន្ថែមបន្តិចម្តងៗក្នុងសម័យនេះ ខ្ញុំជឿជាក់អ៊ីចឹង»។

«នៅទីនេះមានស្ងប់ស្ងាត់ បរិយាកាសខ្យល់បរិសុទ្ធ ទេសភាពវាលស្រែ ជិះទូកតាមព្រែក ញុំអាហារបែបធម្មជាតិ មើលថ្ងៃរះ និងលិច មើសត្វក្រៀល សត្វស្លាប៩០ប្រភេទ ភ្នំទឹកធម្មជាតិ ទេសភាព និងបង្គោលព្រះដែនកម្ពុជា-វៀតណាម ទាំងនេះជាភាពទាក់ទាញរបស់យើង» លោក សាន សុភាពបញ្ជាក់។

សូមបញ្ជាក់ថា រីស៊តបែបស្រុកស្រែ «ក្រៀល» ត្រូវបានវិនិយោគក្នុងសរុបទឹកប្រាក់១លានដុល្លារ ដោយរាប់បញ្ចូលតាំងតម្លៃដី ការរចនាសាងសង់ ផ្ទះស្នាក់បែបជាបឹងកាឡូ និងតង់ ភោជនីយដ្ឋានម្ហូបបែបធម្មជាតិក្នុងសហគមន៍៕









អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់