• 2021-07-16 07:16:52
  • ព័ត៌មាន

មកដឹងពីប្រវត្តិដែលគេតែងហៅឈ្មោះដើមរបស់ខេត្តព្រះសីហនុ ថាកំពង់សោម

  • 2021-07-16 07:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច កំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិនិងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជា ជាប់នឹងឆ្នេរសមុទ្រ មានចំងាយ២៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងចំងាយ ២៦០គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៣។ គ្រប់ឈ្មោះទីកន្លែងនៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានប្រវត្តិរឿងរ៉ាវ ព្រេងនិទានទើបកកើតបានជាឈ្មោះហៅមកដល់សព្វថ្ងៃជាក់ស្ដែង ខេត្តព្រះសីហនុ ក៏មានរឿងរាវនិងដំណើរដើមទងទាក់ទងទៅនឹងប្រវត្តិសាស្ត្រជាច្រើនផងដែរ។

កាលដើមឡើយកំពង់សោម គឺមានទីតាំងស្ថិតនៅក្នុងស្រុកស្រែអំបិលនៃខេត្តកោះកុង។ បើតាមឯកសារចងក្រងរបស់រដ្ឋបាលខេត្តព្រះសីហនុស្ដីពីប្រវត្តិកកើតនៃខេត្ត បានបញ្ជាក់ឱ្យដឹងថា ដើមឡើយកំពង់សោមមានពីរគឺកំពង់សោមលើ ស្ថិតនៅភូមិចំប៉ា (ស្រុកកំពង់សិលា) និង កំពង់សោមក្រោម ស្ថិតនៅក្នុង ស្រុកស្រែអំបិល ។

បានជាគេតែងហៅឈ្មោះដើមរបស់ខេត្តព្រះសីហនុ ថាកំពង់សោមព្រោះ មានប្រវត្តិដំណាលមកថា កាលពីដើមឡើយ ស្រុកស្រែអំបិល ដែលស្ថិតនៅក្នុង ខេត្តកោះកុង សព្វថ្ងៃនេះ មានឈូងសមុទ្រមួយលាតសន្ធឹងពី ស្រុកស្រែអំបិល រហូតមកដល់ ក្រុងព្រះសីហនុ បច្ចុប្បន្ន ដែលទីនោះ មានព្រៃកោងកាង និងព្រៃឈើគ្រប់ប្រភេទ ហើយសម្បូរទៅដោយ ផ្ដៅសោម ព្រមទាំងមានសត្វម្រឹគ កាច សាហាវ យ៉ាងច្រើន ដូចជាសត្វខ្លា ដំរី ជាដើម ។ រីឯប្រជាជនដែលរស់នៅទីនោះ មានចំនួនតិចតួចណាស់ ដោយប្រកបរបរចិញ្ចឹមជីវិត គឺឡើងភ្នំ និងចុះសមុទ្រនេសាទ ។ផ្ដៅសោម ជាឈ្មោះផ្តៅមួយប្រភេទដើមធំវែង ច្រើនដុះនៅព្រៃភ្នំ គេកាត់យកចុងមកសកប្រើជាបន្លែឬស្រុសធ្វើរបោយផ្តៅសោម សម្លចុងសោម ។

រូបភាព៖ ផ្ដៅសោម

ក្រៅពីរបរនេសាទ ប្រជាជន ក៏បានទៅកាប់ ផ្ដៅសោម អូសបណ្ដែតតាមទឹក ហើយឡើងនៅកំពង់ផែត្រពាំង (ឃុំស្រែអំបិលបច្ចុប្បន្ន) ។ ទីនោះសម្បូរទៅដោយផ្ដៅសោមណាស់ ដោយពលរដ្ឋកាលនោះតែង កាប់យកស្លឹកវាមកប្រក់ផ្ទះសម្បែងរបស់ពួកគេ ។ ដោយកាលនោះពលរដ្ឋតែងអូសផ្ដៅសោម មកចតនៅមាត់កំពង់នេះជារៀងរាល់ពេលទៅ ទើបគេហៅទីនេះថា កំពង់ផ្ដៅសោម ។ ទាំងអ្នកនេសាទ និងអ្នកដែល ទៅកាប់ផ្ដៅនៅទីនោះ គេតែងតែហៅតំបន់នោះថា កំពង់ផ្ដៅសោម ហើយក្រោយមក ហៅកាត់ថា កំពង់សោម។ ចំណែកអ្នកនៅ ស្រុកខាងកើតដូចជាខាងខេត្តកំពង់ស្ពឺ ជាដើម បើកាលណាគេចង់មកស្រុកខាងលិច គេតែងនិយាយថា យើងនាំគ្នាទៅកំពង់សោមតៗគ្នារហូតមក។

កំពង់សោមកាលពីមុនគេហៅថា តំបន់ភ្នំថ្មីរាបឬតំបន់កោះពស់ ។ ក្នុងសម័យគេតែងហៅតំបន់ភ្នំថ្មរាប កោះកុង និងកំពង់សោម ឬតំបន់កោះពស់នោះ គឺជាសម័យដែលទឹកដីខេត្ត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្តកំពត ។ រីឯបើយោងតាមឯកសារស្រាវជ្រាវមួយចំនួនទៀត បានលើកឡើងថាក្រុងកំពង់សោម ដំបូងឡើយ យកឈ្មោះ ឆកកំពង់សោម មកដាក់ បន្ទាប់មកបានប្ដូរឈ្មោះថា ក្រុងព្រះសីហនុវិញ ដោយយកព្រះនាមសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកដាក់ជំនួសវិញព្រោះទីក្រុងនេះ ជាសមិទ្ធផលក្នុងសម័យព្រះអង្គ ។

ក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គេបានដូរឈ្មោះទៅជា ក្រុងកំពង់សោមវិញ ។ ទីក្រុងកំពង់សោម ជាទីក្រុងស្វយ័តមួយក្នុងចំណោមទីក្រុងស្វយ័តទាំង២ នៃប្រទេសកម្ពុជាយើង ។ ទីក្រុងនេះមិនត្រឹមតែជាច្រកអន្តរជាតិតាមផ្លូវសមុទ្រ របស់ប្រទេសប៉ុណ្ណោះទេ តែថែមទាំង ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច យ៉ាងសំខាន់របស់ប្រទេស ថែមទៀតផង៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទដកស្រង់ដោយ ៖ Su In

មតិយោបល់