• 2021-07-19 08:08:16
  • ព័ត៌មាន

ចម្លាក់ ៣ប្រភេទនៅប្រាសាទសំបូរព្រៃគុក ដែលមនុស្ស និងអ្នកទេសចរជាតិភាគច្រើនមិនដឹង

  • 2021-07-19 08:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។ រមណីដ្ឋានសំបូរព្រៃគុក គឺជាអតីតរាជធានីចាស់ឈ្មោះថា ឦសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។

នៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកចែកចេញជា៣ក្រុមធំៗគឺ៖ ក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង តាងដោយអក្សរ(N) ក្រុមប្រាសាទតោ ឬក្រុមកណ្តាល(C) ក្រុមប្រាសាទយាយព័ន្ធ ឬក្រុមខាងត្បូង (S) និងមានក្រុមប្រាសាទតូចជាច្រើនផ្សេងទៀតមានដូចជា ក្រុមប្រាសាទត្រពាំងរពាក់ (Y និង Z) ក្រុមប្រាសាទស្រីគ្រប់ល័ក្ខណ តាងដោយអក្សរ(L) ក្រុមប្រាសាទរបងរមាសតាងដោយអក្សរ(K) ក្រុមប្រាសាទជ្រូកគាស់(M៤៧) ប្រាសាទគក់ទ្រូង(W) ប្រាសាទដូងមោង(M៧៥)។

ភ្ញៀវទេសចរកំពុងថតប្រាសាទមួយក្នុងក្រុមប្រាសាទយាយព័ន្ធ រូបថតកាលពីដើម ខែមករា ឆ្នាំ២០២១

ក្រុមប្រាសាទយាយព័ន្ធ ជាក្រុមប្រាសាទដែលមានតួប៉មប្រាសាទសរុបចំនួន ៣៥ក្នុងនោះមានប្រាសាទនៅល្អទាំងស្រុងចំនួន៤ មានកំពែងពីរជាន់ ដែលកំពែងខាងក្រៅធ្វើពីថ្មបាយក្រៀមមានតោបុរៈចូលទាំងបួនទិសមានប្រវែង ២៦០ម៉ែត្រ គុណ ២៣៦ម៉ែត្រ។ នៅក្នុងក្រុមប្រាសាទយាយព័ន្ធនេះមានរូបចម្លាក់៣ប្រភេទដែលភ្ញៀវជាតិ និងអន្តរជាតិភាគច្រើនមិនបានឃើញ ចាប់អារម្មណ៍ និងស្គាល់សាវតា ក្នុងនោះរួមមាន «រូបចម្លាក់មេដាយ» «រូបចម្លាក់ជនជាតិពែរ្ស៍» និង «រូបចម្លាក់គុឌុ»

១.រូបចម្លាក់មេដាយ៖ ចម្លាក់មេដាយនេះមាននៅផ្ទៃជញ្ជាំងកំពែងនៅក្រុមប្រាសាទយាយព័ន្ធ។ ផ្ទាំងបរិយាយព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុក បានសរសេរបញ្ជាក់ថា ចម្លាក់រាងរង្វង់មូលធំប្រើក្នុងការតុបតែងលម្អបន្តរៀងគ្នា មានតែនៅលើផ្ទៃជញ្ជាំងកំពែងធ្វើពីឥដ្ឋនៅប្រាសាទយាយព័ន្ធ ដែលអ្នកស្រាវជ្រាវនិយមហៅថា «មេដាយ»។ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យកាលប្រហាក់ប្រហែលគ្នា គេឃើញមានចម្លាក់ប្រភេទនេះតែនៅប្រទេសកម្ពុជា ហើយមានតែនៅប្រាសាទសំបូរព្រៃគុកនេះតែម្តង។ ចម្លាក់នេះគឺជាប្រភេទចម្លាក់បែបក្រឡោតខ្ពស់ ឆ្លាក់នៅលើឥដ្ឋជញ្ជាំងកំពែង ដែលមានអង្កត់ផ្ចិតប្រវែង ១,១០ម៉ែត្រ តាមរយ:កំណាយសម្អាតរបស់សាលាបារាំងចុងបុព៌ា នៅចន្លោះឆ្នាំ១៩២៧-១៩២៨ បានរកឃើញចម្លាក់នេះមានចំនួនសរុប ៧៨ ក្នុងនោះខ្លះក៏ពុំទាន់បានឆ្លាក់រួចរាល់នៅឡើយដែរ។ រូបដែលឆ្លាក់ក្នុងមេដាយនោះជា រូបមនុស្ស និងសត្វ តែគេសន្និដ្ឋានថា ទាក់ទងទៅនឹងរឿងទេវកថា ឬវីរកថាក្នុងព្រហ្មញ្ញសាសនា ហើយចម្លាក់មួយចំនួនទៀតក៏អ្នកជំនាញគេពិបាក និងធ្វើសេចក្តីសន្និដ្ឋានថាជាសាច់រឿងអ្វីឲ្យប្រាកដនោះទេ។ អាជ្ញាធរជាតិសំបូរព្រៃគុក បានសម្រេចបង្កើតផែកកាអភិរក្សចម្លាក់ទាំងនេះដោយសារតែវាមានលក្ខណ:ពិសេសជាអត្តសញ្ញាណ និងគុណតម្លៃល្អឯកដែលលេចឡើងដំបូងនៅក្នុងប្រវត្តិសិល្ប: និងស្ថាបត្យកម្មខ្មែរ។

រូបចម្លាក់មេដាយនៅផ្ទៃជញ្ជាំងកំពែងនៅក្រុមប្រាសាទយាយព័ន្ធដែលមានឆ្លាក់រូបមនុស្ស និងសត្វ រូបថតកាលពីដើម ខែមករា ឆ្នាំ២០២១
រូបចម្លាក់មេដាយនៅផ្ទៃជញ្ជាំងកំពែងនៅក្រុមប្រាសាទយាយព័ន្ធ ដែលមិនមានឆ្លាក់មនុស្ស​ ឬសត្វ រូបថតកាលពីដើម ខែមករា ឆ្នាំ២០២១

២.រូបចម្លាក់ជនជាតិពៃរ្ស៍៖ រូបចម្លាក់នេះស្ថិតនៅលើជញ្ជាំងប្រាសាទអណ្តែតខាងក្រៅជ្រុងអាគ្នេយ៍។ នៅលើផ្ទាំងបរិយាយព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុក បានសរសេរបញ្ជាក់ថា ប្រាង្គ S១១ សង់អំពីឥដ្ឋមានរាងប្រាំបីជ្រុងស្ថិតនៅជ្រុងអាគ្នេយ៍នៃកំពែងខាងក្នុងរបស់ក្រុមប្រាសាទយាយព័ន្ធ។ ចម្លាក់ផ្តែរ និងការរចនាលម្អ លក្ខណ:ស្ថាបត្យកម្ម ប្រាង្គនេះស្ថិតក្នុងរចនាបថសំបូរព្រៃគុកនៃរជ្ជកាលព្រះបាទឥសានវរ្ម័នទី១(គ.ស.៦១៦-៦៣៧)។ នៅជញ្ជាំងប្រាសាទអណ្តែតខាងក្រៅជ្រុងអាគ្នេយ៍ មានចម្លាក់រូបមនុស្សដែលគេគិតថាជាពួកពែរ្ស៍។ ហើយអ្នកជំនាញក៏ពុំបាន់ដឹងពីការគោរពបូជារបស់ប្រាង្គនេះថាសំដៅទៅចំពោះទេពអង្គណាទេ តែនៅខាងក្នុងមានតម្កល់ជើងទម្ររាងមូលធ្វើអំពីថ្មភក់។ ប្រាង្គនេះត្រូវបានជួសជុលចំនួន៣លើកទី១នៅឆ្នាំ១៩២៨ លើកទី២ឆ្នាំ២០១១ និងលើកទី៣នៅឆ្នាំ២០១៨។

រូបចម្លាក់ជនជាតិពៃរ្ស៍ នៅលើជញ្ជាំងប្រាសាទអណ្តែតខាងក្រៅជ្រុងអាគ្នេយ៍ រូបថតកាលពីដើម ខែមករា ឆ្នាំ២០២១
រូបចម្លាក់ជនជាតិពៃរ្ស៍ នៅលើជញ្ជាំងប្រាសាទអណ្តែតខាងក្រៅជ្រុងអាគ្នេយ៍ និងរូបភ្ញៀវទេសចរចង្អុលរូបជនជាតិពៃរ្ស៍ នៅលើជញ្ជាំងប្រាសាទ រូបថតកាលពីដើម ខែមករា ឆ្នាំ២០២១

៣.រូបចម្លាក់គុឌុ៖ រូបចម្លាក់នេះមាននៅតាមជ្រុងនៃដំបូលនៃប្រាសាទក្តារអុក។ នៅលើផ្ទាំងបរិយាយព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុក បានសរសេរបញ្ជាក់ថា ប្រាង្គនេះស្ថិតនៅចន្លោះប្រាង្គសក្ការ:( S១) និងខ្លោងទ្វាខាងកើតនៃកំពែងខាងក្នុង(S៣) នៃប្រាសាទយាយព័ន្ធ។ អ្នកស្រុកក្នុងតំបន់នេះហៅប្រាង្គនេះថា «ប្រាសាទក្តារអុក»។ តាមសិលាចារឹកនៅលើខ្លោងទ្វាខាងកើតនៃកំពែងខាងក្នុង (K.៤៤០) និងនៅលើបល្ល័ង្គក្នុងមណ្ឌបនេះ (K.៤៤២) បានចារថា ទីនេះមានតម្កល់គោនន្ទិអំពីប្រាក់ដែលជាពាហន:របស់ព្រះឥសូរ។ សំណង់មណ្ឌបគោនន្ទីសង់អំពីថ្មភក់ ដែលសំណង់មណ្ឌបនៅខាងក្នុងប្រាង្គដែលកសាងអំពីថ្មភក់នេះមានរាងបួនជ្រុងស្មើ នៅតាមខឿន និងសសរលម្អដោយចម្លាក់ក្បាច់ផ្ញាភ្ញីយ៉ាងរស់រវើក ហើយនៅតាមជ្រុងនីមួយៗរបស់ដំបូលមានស៊ុមតូចៗឆ្លាក់រូបមនុស្សប្រុសមានច្រមុះស្រួច សក់រួញ និងពុកមាត់ ដែលជាឥទ្ធិពលនៃសិល្ប:ឥណ្ឌាសម័យគុប្ត(Gupta) ពីសតវត្សរ៍ទី៤ ដល់ទី៦នៃគ្រិស្តសករាជដែលអ្នកស្រាវជ្រាវហៅថា «គុឌុ»

រូបចម្លាក់គុឌុ នៅតាមជ្រុងនៃដំបូលនៃប្រាសាទក្តារអុក រូបថតកាលពីដើម ខែមករា ឆ្នាំ២០២១
រូបចម្លាក់គុឌុ នៅតាមជ្រុងនៃដំបូលនៃប្រាសាទក្តារអុក រូបថតកាលពីដើម ខែមករា ឆ្នាំ២០២១

ប្រភព និងឯកសារយោង៖ ផ្ទាំងបរិយាយព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុក និងសៀវភៅកំពង់ធំប្រវត្តិសាស្ត្រ និងប្រាសាទបុរាណ (ម៉ង់ វ៉ាលី)

មតិយោបល់