- 2021-07-22 06:41:36
- ព័ត៌មាន
កប់ក្នុងដីរាប់រាយឆ្នាំ! ទីបំផុតដងខ្លួន ក្បាលយក្ស និងទេវតា ត្រូវរកឃើញក្នុងកំណាយ ជួសជុលខ្លោងទ្វារតាកាវ
- 2021-07-22 06:41:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ក្នុងដីរាប់រាយឆ្នាំ! ទីបំផុតដងខ្លួន ក្បាលយក្ស និងទេវតា ត្រូវរកឃើញក្នុងកំណាយ ជួសជុលខ្លោងទ្វារតាកាវ
ចន្លោះមិនឃើញ
ដងខ្លួន ក្បាលយក្ស និងព្រះសិរទេវតា ត្រូវបានប្រទះឃើញក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ ក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បានរកឃើញក្បាលយក្សចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមានត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញចំនួន០៤។ រីឯព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។
ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ខ្លោងទ្វារនេះ ត្រូវបានធ្វើពិធីក្រុងពាលី បើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ ហៅ ខ្លោងទ្វារតាកាវ ដែលមានសភាពទ្រុឌទ្រោមខ្លាំង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
ខ្លោងទ្វារតាកាវសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្ដាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតា និងយក្សទាញព្រ័ត្រ (កូរសមុទ្រទឹកដោះ)៕