• 2021-07-26 01:42:08
  • ព័ត៌មាន

ក្រសួងប្រកាសការសិក្សាថ្មី មេរោគកូវីដ អាចរស់នៅក្នុងចំណីអាហារ ឬទឹកដែលគ្មានអនាម័យ បុគ្គលអាចការពារបានតាមវិធីទាំងនេះ

  • 2021-07-26 01:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សាថ្មីមួយបានបង្ហាញថា វីរុសកូវីដ-១៩ អាចនៅរស់នៅលើអាហារ ហើយវាអាចចម្លងមកខ្លួនរបស់យើងតាមរយៈការប៉ះពាល់ ឬហូបអាហារដែលកខ្វក់ ឬមិនស្អាត។ នេះបើយោងតាមសេចក្តីជូនព័ត៌មានដែលចេញដោយក្រសួងសុខាភិបាល នាថ្ងៃទី ២៥ កក្កដា ឆ្នាំ២០២១នេះ។

ស្ថិតនៅក្នុងដំណាក់កាលដែលមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំ និងទុកដាក់ ចំណីអាហារ ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីឱ្យបុគ្គលមានសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ការពុលអាហារ និងការពុលស្រា ។ ជាក់ស្តែង បញ្ហាសុខភាពបណ្តាលមកពីចំណីអាហារដែលបង្កឡើងតាមរយៈការប៉ះពាល់ ការទទួលទានចំណីអាហារ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី ឬវីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ក្នុងនោះក៏អាចមានវីរុស កូវីដ-១៩ ផងដែរ។ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានការសិក្សាខ្លះបានបង្ហាញថា មានវីរុសកូវីដ-១៩ អាចនៅរស់ នៅលើអាហារកកៗដែរ បើទោះបីជាវីរុសកូវីដ-១៩ មិនអាចបង្កើតកូនចៅ ក្នុងចំណីអាហារបានក៏ដោយ ។ ក្នុងន័យនេះ ក្រសួងសុខាភិបាលសូមជម្រាបជូនថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ-១៩ ពីចំណីអាហារ ឬពីអាហារវេចខ្ចប់ ប្រសិនបើបានអនុវត្តវិធាន ការណ៍អនាម័យចំណីអាហារ ឱ្យបានជាប់ជានិច្ច ។

អង្គការសុខភាពពិភពលោក បានកំណត់ថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងតាមផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ ដែល ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការដកដង្ហើមចូលនូវតំណក់ទឹកតូចៗដែលចេញពីអ្នកមានវីរុសកូវីដ-១៩ ពេលក្អក ឬកណ្តាស់ ឬខ្នាតមកប៉ះមាត់ ច្រមុះ ភ្នែក ក្នុងចំងាយតិចជាងមួយម៉ែត្រ ឬក្នុងស្ថានភាពខ្លះដោយប៉ះពាល់ជាមួយនឹងផ្ទ ឬវត្ថុ ដែលអ្នកមានវីរុសកូវីដ-១៩ ប៉ះពាល់ រួចយកដៃរបស់ខ្លួនមកប៉ះភ្នែក ច្រមុះ ឬមាត់ ដែលជាហេតុនាំឱ្យវីរុសកូវីដ-១៩ ចូលទៅក្នុង ខ្លួនបាន ហើយវីរុសកូវីដ-១៩ នេះ ត្រូវការជម្រកនៅលើមនុស្ស ឬសត្វ ដើម្បីបង្កើតកូនចៅ។

ម៉្យាងវិញទៀត តំណក់ទឹកតូចៗ ដែលចេញពីអ្នកមានវីរុសកូវីដ-១៩ ពេលក្អក ឬកណ្ដាស់ ដែលមានទម្ងន់ធ្ងន់ពេក មិនអាចអណ្តែតក្នុងខ្យល់បាន ដែលតំណក់ទឹក នេះ នឹងធ្លាក់ទៅលើវត្ថុ និងផ្ទៃជុំវិញអ្នកដែលមានវីរុសកូវីដ-១៩ ហើយអ្នកផ្សេងទៅប៉ះវត្ថុ និងផ្ទៃដែលប្រលាក់នោះ ឬប៉ះពាល់ ជាមួយដៃរបស់អ្នកដែលមានវីរុសកូវីដ-១៩ បន្ទាប់មកប៉ះមាត់ ច្រមុះ ឬភ្នែករបស់ពួកគេ ដែលធ្វើឱ្យមានការចម្លង។ ជាឧទាហរណ៍ វាអាចកើតឡើងនៅពេលចាប់ដៃគ្នា ឬកាន់ដៃទ្វារ ហើយបន្ទាប់មកប៉ះមាត់ ច្រមុះ ឬភ្នែក ជាដើម៕

អត្ថបទ ៖ មេខាឡា

មតិយោបល់