• 2021-07-28 06:12:35
  • ព័ត៌មាន

ថាទៅព្យាបាលរបួស ស្រាប់តែតេស្តរកឃើញកូវីដ ឥលូវរត់គេចខ្លួនពីមន្ទីរពេទ្យបាត់ស្រមោល

  • 2021-07-28 06:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសរកអ្នកជំងឺកូវីដ១៩ ម្នាក់ដែលបានបាត់ខ្លួនពីមន្ទីរពេទ្យព្រះអង្គឌួង ដែលរហូតមកដល់ពេលនេះ ទាក់ទងមិនបានទាល់តែសោះ។

អ្នកជំងឺកូវីដ១៩ ម្នាក់ឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង ។ បុរសរូបនេះ បានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យ ព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែដោយសារតែត្រូវវះកាត់របួស ​ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង​ មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាល ជំងឺកូវីដ នៅថ្ងៃបន្ទាប់។ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ។

ប្រសិនបងប្អូនប្រជាពលរដ្ឋ ដែលបានជួប ឬ ស្គាល់ ឬ មានទំនាក់ទំនងជាមួយបុរសដែលមានឈ្មោះ និងភិនភាគដូចខាងលើ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬ បានប្រទះឃើញបុគ្គលខាងលើ ឬ ស្គាល់អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ សូមតាមដានសុខភាពរបស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទពេញនិយម