• 2021-07-29 01:51:26
  • ព័ត៌មាន

ពលករខ្មែរនៅថៃ ត្រូវពន្យារពេលត្រឡប់មកកម្ពុជា រហូតដល់ការបិទខ្ទប់ខេត្តទាំង ៨ បានបញ្ចប់

  • 2021-07-29 01:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលករខ្មែរទាំងអស់ ដែលរស់នៅព្រះរាជាណាចក្រថៃឡង់ដ៍ ត្រូវពន្យារពេលនៃការវិលត្រឡប់របស់ខ្លួន មកកាន់ប្រទេសកម្ពុជា រហូតដល់មានការបិទខ្ទប់ខេត្តត្រូវបានបញ្ចប់។ នេះបើតាមការបញ្ជាក់នៅក្នុងប្រការ ៧ នៃសារាចរ ស្តីពី ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី ២៨ កក្កដា ឆ្នាំ២០២១។

យោងតាមសារាចរខាងលើ ដោយសារខេត្តដែលត្រូវបានបិទខ្ទប់ ភាគច្រើនមានព្រំប្រទល់ជាប់នឹងព្រះរាជាណាចក្រថៃឡង់ដ៍ និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងខេត្តដែលត្រូវបានបិទខ្ទប់ ប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើទំនាក់ទំនងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្ដោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការគ្នា ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់ បណ្តាខេត្តកម្ពុជាដែលមានព្រំប្រទល់ជាមួយព្រះរាជាណាចក្រថៃឡង់ដ៍ ព្រមទាំងសម្របសម្រួលជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចថ ដើម្បីផ្ដល់ការគាំពារចាំបាច់នានាដល់ពលករខ្មែររស់នៅព្រះរាជាណាចក្រថៃឡង់ដ៍ ក៏ដូចជាសម្របសម្រួលជាមួយពលករខ្មែររស់នៅព្រះរាជាណាចក្រថៃឡង់ដ៍ដែលមានបំណងវិលត្រឡប់មក ព្រះរាជាណាចក្រកម្ពុជាវិញ ឱ្យពន្យារពេលនៃការវិលត្រឡប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់។

បន្ថែមពីនេះ គណៈអភិបាលខេត្តនៃខេត្តជាប់ព្រំប្រទល់ជាមួយព្រះរាជាណាចក្រថៃឡង់ដ៍ ត្រូវបង្កើន កិច្ចសហការ និងការសម្របសម្រួលជាមួយបណ្តាខេត្តនៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលជាសមភាគីរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តនូវបណ្តាវិធានការខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់