• 2021-08-06 06:43:42
  • ព័ត៌មាន

មកដឹងអំពីដំណើររឿងរបស់ខេត្តស្វាយរៀង នាំឲ្យមានការដាក់នាមទីកន្លែងនិងវត្តអារាម មួយចំនួនមានពាក្យ «ស្វាយ»

  • 2021-08-06 06:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ដស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ នៃរាជធានីភ្នំពេញ ជាខេត្តច្រកអន្តរជាតិដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងគំហុក ក្លាយជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។ ប្រជាជនភាគច្រើន នៃខេត្ដនេះ មានមុខរបរដាំដំណាំស្រូវ ប្រជាជនជាទូទៅមាន សម្បុរសណ្ដែកបាយ ប្រើប្រាស់ភាសាខ្មែរ និងតាមតំបន់ព្រំដែនប្រើប្រាស់ភាសាកំឡាយខ្លះជាមួយភាសា វៀតណាម ។ ទម្លាប់នៃការប្រើប្រាស់ភាសាបញ្ជាក់ទម្ងន់ឃ្លា គេច្រើននិយាយ «មែនតើ មែនក៏អី អត់តេ ឬតេ….» ។

គ្រប់ឈ្មោះទីកន្លែងនៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានប្រវត្តិរឿងរ៉ាវ ព្រេងនិទានទើបកកើតបានជាឈ្មោះហៅមកដល់សព្វថ្ងៃ។ ជាក់ស្ដែង ខេត្តស្វាយរៀង ក៏មានរឿងរាវនិងដំណើរដើមទងទាក់ទងទៅនឹងប្រវត្តិសាស្ត្រជាច្រើន។ តំបន់ និងទីតាំងភូមិសាស្ត្រនិមួយៗក្នុងខេត្តនេះគឺមានរឿងតំណាលតៗគ្នាប្រទាក់ក្រឡាផ្សាភ្ជាប់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។

យោងតាមឯកសារចងក្រងដោយរដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា មុនដំបូងទឹកដីខេត្តស្វាយរៀងសម្បូរទៅដោយដើមឫស្សី និងដើមស្វាយព្រៃ មួយភាគគឺជាព្រៃគុបសម្បូរទៅដោយខ្លុង ឈើទាល គគីរ និងព្រៃប្រចាក់ ពុំសូវមានដើមឈើហូបផ្លែទេ ។ តាមនិទានខ្លះដំណាលថា ក្រោយពីសង្រ្គាមមេទ័ព និងពលទាហានដែលឈរជើងនៅប្រាសាទព្រះនាងចូវ មហេសីព្រះបាទជ័យជេដ្ឋាទី២ បានដាំដើមស្វាយ ចំនួន៧ប្រភេទ ប្រជារាស្រ្តហៅថាស្វាយ៧ដើម គឺមានស្វាយក្បាលដំរី ស្វាយខ្ទិះ ស្វាយផ្អែម ស្វាយកែវមួង ស្វាយព្រៃ ស្វាយកែវយក្ស និងស្វាយព្រំសែន ។

ក្រោយមកកងទ័ព នាយទាហានបោះជំរំបន្ទាយនៅខេត្តស្វាយទាប ខេត្តរំដួល និងខេត្តរោងដំរី ក៏បេះផ្លែនោះមកបរិភោគ និងទុកគ្រាន់ធ្វើពូជយកដាំនៅទីតាំងបន្ទាយ និងខ្លះចូលនិវត្តន៍ទៅរស់នៅតាមភូមិកំណើតក៏យកពូជស្វាយទៅដាំរៀងៗខ្លួន ពិសេសយកទៅដាំនៅទីទួលវត្តបុរាណ តំណាលបែបបនេះទើបមានឈ្មោះភូមិ ឃុំ ស្រុក និងវត្តអារាម មួយចំនួនក្នុងខេត្តនេះ មានពាក្យ ស្វាយ ច្រើន។ រឿងរ៉ាវនេះហើយជាប្រភព នៃការយកឈ្មោះ ស្វាយ ជាគោលក្នុងការដាក់ ឈ្មោះ ភូមិ ស្រុកមួយចំនួន ។

តំណក្រោយមក អាស្រ័យដោយព្រឹត្តិការណ៍ដែលបានកើតឡើង ជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យ អំពីដើមស្វាយ ធ្វើឱ្យអ្នកស្រុក តែងមានជំនឿលើដើមស្វាយ និងមានអ្នកភូមិខ្លះ នាំគ្នាដាំដើមស្វាយលើភូមិថ្មី ឬទីដីទំនេរ ទើបបង្កើតបានភូមិថ្មី ហើយភូមិថ្មីទាំងនោះ តែងមានជាប់នាម «ស្វាយ» ដូចជា ភូមិស្វាយ ស្វាយរៀង ស្វាយជ្រំ ស្វាយទាប ស្វាយអង្គ អារក្សស្វាយ បុស្សស្វាយ និងអង្គស្វាយ ក៏នៅមានឈ្មោះភូមិជាច្រើនផ្សេងៗទៀត។ អំឡុងពេលបារាំងធ្វើអាណាព្យាបាល ឆ្នាំ១៨៦៣ និងនៅឆ្នាំ១៨៨៧ គេបានបង្កើតប៉ុស្ដិ៍រដ្ឋបាលមួយស្ថិតនៅភូមិស្វាយរៀង ទីប្រជុំជនខេត្ដបច្ចុប្បន្ន ដែលគេហៅថា ប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង សម្រាប់កំណែនពន្ធដារ និងកិច្ចការរដ្ឋបាល ។ នេះជាមូលដ្ឋានចម្បង នៃការបង្កើតឈ្មោះខេត្ដស្វាយរៀង ក្នុងអំឡុងពេលរៀបចំខេត្ដដំបូងនៅឆ្នាំ១៩២២ ។

ជាក់ស្ដែង ឈ្មោះឃុំ មានចំនួន ៩ គឺ ឃុំស្វាយជ្រំ ឃុំស្វាយអង្គ ឃុំស្វាយយា ឃុំស្វាយរំពារ ឃុំស្វាយចេក ឃុំស្វាយតាយាន ឃុំស្វាយតឿ និងឃុំស្វាយរៀងជាដើម។ រីឯវត្តមានចំនួន១៥ និងវត្តទួលបុរាណ ចំនួន ១៦ គឺ វត្តស្វាយជ្រំ វត្តស្វាយផ្អែម វត្តស្វាយអង្គ វត្តស្វាយព្រហូត វត្តស្វាយធំ វត្តស្វាយយា វត្តស្វាយរំពារ វត្តស្វាយ (វត្តស្វាយមាន២វត្ត) វត្តស្វាយតាយាន វត្តស្វាយបុទុម វត្តស្វាយទន្ទឹម វត្តស្វាយជុំ វត្តស្វាយកណ្ដាល ទួលស្វាយអណ្ដើក ទួលស្វាយកន្ត្រៃ ទួលស្វាយពុំគ្រង ទួលស្វាយរ៉ាំ និងមានទួលវត្តចាស់ឈ្មោះស្វាយចំនួន ១១ ទៀត ៕

អត្ថបទកែសម្រួលនិងដកស្រង់ដោយ ៖ ស៊ូ អីន

មតិយោបល់